ទុកពេលឲ្យផលិតកម្ម និងម្ចាស់ YouTubeលប់ការរំលោភស្នាដៃរបស់ កវី គង្គ ប៊ុនឈឿន

ចែករំលែក៖

ភ្នំពេះញ៖ ក្រោយទិញសិទ្ធិផ្តាច់មុខលើការផលិតស្នាដៃ កវី គង្គ ប៊ុនឈឿន នោះផលិតកម្ម Galaxy Navatra បានបញ្ចេញសេចក្តីជូនដំណឹងដោយទុកពេលឲ្យបណ្តាផលិតកម្ម និងម្ចាស់គ្រប់គ្រងគណនីយYouTubeនិងប្រព័ន្ធ Digital ផ្សេងៗ ឲ្យលុបចេញជាបន្ទាន់ មុនពេលផលិតកម្មចាត់វិធានការតាមផ្លូវច្បាប់។
​ការប្រកាសនេះដែរត្រូវបានធ្វើឡើងក្រោយពីផលិតកម្មខាងលើបានសម្រេចចិត្តក្នុងការទិញសិទ្ធិផ្ដាច់មុខស្នាដៃ បទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន។ យោងតាមសេចក្តីជូនដំណឹងរបស់ផលិតកម្មបានលើកឡើងថាផលិតកម្ម Galaxy Navatra ស្នើទៅកាន់​បណ្តា​ផលិត​កម្ម ឬយូធូបផ្សេងៗ​លុបចេញបន្ទាន់​ត្រឹមថ្ងៃទី០១ ខែមិថុនា ខាងមុខ ។ ក្នុងនោះដែរសេចក្តីជូនដំណឹងនេះបានលើកឡើងដែរថាដើម្បី​​ចូល​រួមថែរក្សា និងលើកម្ពស់​ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាព​អ្នកដែលបាន​ទទួ​ល​សិទ្ធិគ្រប់​គ្រង​មរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេស ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង YouTube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែង​រកចំណូល​បន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល១០ឆ្នាំ ដែលបទភាគច្រើនជាសំនៀង​របស់អធិរាជ​សំឡេងមាស ស៊ិន ស៊ីសាមុត – លោកយាយ រស់សេរីសុទ្ធា និងមរតក​សំនៀង​ជាច្រើន​រូបទៀត»។
ប្រភព​បន្តទៀតថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើសូមបណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ដែលបានយកបទមរតកដើមទៅ Upload ឬផលិតឡើងវិញដាក់ Youtube ឬលក់នៅ Apple Store ឬបានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួស​រាន់លុប​ចេញឲ្យបានមុនថ្ងៃទី១ ខែ ៦ ឆ្នាំ ២០២០ នេះ មុនពេលដែលយើងខ្ញុំ​ប្រើប្រាស់នូវ​សិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និងប្រយោជន៍ដើម្បីម្ចាស់ស្នាដៃ។
គួរបញ្ជាក់ដែរថាកវី​ម្ចាស់​ស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន បាន​លា​ចាក​លោក​ នៅ​ប្រទេស​ន័រវេកាលពីអំឡុងខែមេសាឆ្នាំ២០១៦។ សម្រាប់​សង្គម​ខ្មែរ​ទូទៅ លោក គង្គ ប៊ុនឈឿន គឺ​ជា​អ្នក​និពន្ធ​ដ៏​ឆ្នើម​ម្នាក់​ ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ផ្នែក​តែង​និពន្ធ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ទាំង​ប្រលោម​លោក កំណាព្យ ភាពយន្ត និង​បទ​ចម្រៀង​។ មរណភាព​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​នា​ពេល​នេះ បានធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​តែង​និពន្ធ និង​វិស័យ​សិល្បៈ​ចម្រៀងសោក​ស្ដាយ​ស្រណោះ​យ៉ាង​អនេក​៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print