គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកលោក Roberto Martinez មានប្រសាសន៍ថា គាត់មានសេចក្តីរីករាយដែលបានបន្តតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិករហូតដល់ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ។
បុរសជនជាតិអេស្ប៉ាញវ័យ៤៦ឆ្នាំរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកនៅឆ្នាំ២០១៦ ហើយកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះបន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ២០២០ចប់ ។
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូត្រូវបានផ្លាស់ប្តូរទៅឆ្នាំ២០២១ ។ ចំណែកព្រឹត្តិការណ៍ World Cup នឹងលើកទៅធ្វើនៅប្រទេសកាតាក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំ២០២២ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។
លោក Martinez បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយណាស់ពីព្រោះនេះគឺជាគម្រោងដែលមានមហិច្ឆតាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាអ្វីៗគឺមានហើយដើម្បីដំណើរការឆ្ពោះទៅរកកេរ្តិ៍ឈ្មោះដ៏អស្ចារ្យមួយនៅក្នុងបាល់ទាត់បែលហ្ស៊ិក”។
លោក Martinez បានបន្ថែមថា “ការពន្យារពេលព្រឹត្តិការណ៍យូរ៉ូនាំមកនូវស្ថានភាពខុសគ្នាទាំងស្រុង។ ខ្ញុំជឿជាក់យ៉ាងខ្លាំងចំពោះក្រុមកីឡាករនេះ។ ខ្ញុំមានអារម្មណ៍ថាវាមិនមែនជាពេលវេលាដើម្បីបំបែកទំនាក់ទំនងនោះទេ ដូច្នេះវាដល់ពេលដែលត្រូវទន្ទឹងរង់ចាំព្រឹត្តិការណ៍អន្តរជាតិដ៏ខ្លាំងក្លាមួយ ។
គូររំលឹកថា ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លិប Everton និងក្លិប Swansea លោក Wine Martinez ។
ក្រុមខ្លាំងក្នុងតំបន់អឺរ៉ុបមួយនេះកំពុងឈរនៅកំពូលនៃតារាងចំណាត់ថ្នាក់របស់ FIFA បច្ចុប្បន្ន ហើយបានឈ្នះការប្រកួតទាំង១០ ប្រកួតរបស់ពួកគេក្នុងវគ្គជម្រុះយូរ៉ូឆ្នាំ២០២០។ ក្រុមជម្រើសជាតិបែលហ្ស៊ិកស្ថិតក្នុងពូល B សម្រាប់ការប្រកួតវគ្គជម្រុះយូរ៉ូដោយមានក្រុមជម្រើសជាតិដាណឺម៉ាក, ហ្វាំងឡង់ និងរុស្ស៊ី ៕
ដោយ៖ ភិរក្ស