កំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ ដែលសល់ពីសម័យសង្រ្គាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រែកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្តឃុំពានី និង ឃុំ សែបស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញនេះ ជាប្រភេទគ្រាប់១០៥មីលីម៉ែត្រចំនួន១គ្រាប់ គ្រាប់កាំភ្លើងត្បាល់៨១មីលីម៉ែត្រចំនួន៣គ្រាប់ គ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រចំនួន១គ្រាប់ និងគ្រាប់M៧៩ ចំនួន២គ្រាប់ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ប្រជាពលរដ្ឋបានទៅស្រែដែលនៅឆ្ងាយពីផ្ទះហើយក៍បានប្រទះឃើញគ្រាប់ទាំងនេះដែលកប់ក្នុងដីស្រែ កប់នៅរាក់ដែលចេញមកខាងក្រៅ ឃើញដូចនេះប្រជាពលរដ្ឋបានរាយការមកសមត្ថកិច្ចមូលដ្ឋានភ្លាមដើម្បីសុំអន្តរាគមន៍យកគ្រា់ប់នេះចេញ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចបានរាយការណណ៍ទៅកម្លាំងស៊ីម៉ាកដើម្បីយកគ្រាប់យុទ្ធភ័ណ្ឌទាំងនេះចេញពីដីស្រែ ។
កម្លាំងស៊ីម៉ាកបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌទាំង៧គ្រាប់គឺជាគ្រាប់ចាស់ដែលសល់ពីជំនាន់សង្គ្រាម តែនៅមានគុណភាពអាចផ្ទុះបាន ក្រោយពីពិនិត្យរួចរាល់កម្លាំងស៊ីម៉ាកបានយកគ្រាប់យុទ្ធភ័ណ្ឌទាំងនេះមកទុកនៅកន្លែងមានសុវត្ថិភាព ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ប្រសិនបើប្រជាពលរដ្ឋជួបប្រទះដូចករណី ហាមមិនអោយប៉ះពាល់ ជាដាច់ខាត និង រួសរាន់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីសុំកិច្ចអន្តរាគមន៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។ ចន្ថា