អ្នកទេសចរណ៍ រួមទាំងនាវឹកប្រមាណ៦០នាក់ បានធ្វើសកម្មភាពលោតចេញនាវា ចូលទៅក្នុងទឹក ដើម្បីរត់គេចពីគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែហេតុការណ៍ភ្លើងឆាបឆេះនាវា ដែលកំពុងតែធ្វើដំណើរនៅលើផ្ទៃទឹកនោះ។
ប៉ូលិសបានបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះនាវានេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅឈូងសមុទ្រ Plenty ភាគខាងកើតរបស់ញូវហ្សឺឡេន ។ ប្រភពបានបញ្ជាក់ថា នាវានេះមានដឹកអ្នកទេសចរណ៍ត្រឡប់មកពីដែនកោះ White Island លុះមកដល់ចំណុចចម្ងាយប្រមាណ១គីឡូម៉ែត្រភាគខាងជើងកំពង់ផែ Whakatane ស្រាប់តែមានអគ្គិភ័យឆេះចេញពីម៉ាស៊ីនតែម្តង ។
ប៉ូលិសបានចេញប្រកាសព័ត៌មានថា នៅពេលដែលអគ្គិភ័យកើតឡើង អ្នកដំណើរ រួមជាមួយក្រុមនាវឹកផងដែរបាននាំគ្នាលោតចុះទឹក ហើយមិនយូរប៉ុន្មាននាវារបស់កម្លាំងឆ្មាំការពារដែនសមុទ្រ និងនាវាធុនតូចច្រើនគ្រឿងទៀតបានទៅដល់កន្លែងកើតហេតុ ធ្វើសកម្មភាពជួយសង្គ្រោះជនរងគ្រោះទាំងនោះ ដោយមានឧទ្ធម្ភាគចក្របាញ់ទឹកពន្លត់ភ្លើងឆេះនាវានោះផងដែរ ។
ប្រភពបន្តថា គេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យហេតុការណ៍កើតឡើងនៅឡើយទេ ។ ប៉ុន្តែទោះបីយ៉ាងណា ករណីនេះបណ្តាលឲ្យមនុស្ស៣នាក់រងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត