ខេត្តកំពង់ឆ្នាំង៖ ប្រតិបត្តិការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ច ប្រមូលបានជនសង្ស័យចំនួន៧នាក់ និងដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់ ការបង្ក្រាបនេះគឺធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅនៅក្នុងភូមិផ្សារត្រាច និងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះមាន ទី១.ឈ្មោះ អ៊ុង គន្ធា អាយុ៣៦ឆ្នាំ ទី២.ប្រពន្ធគេឈ្មោះ ម៉ក់ សុកនី អាយុ៣១ឆ្នាំ មានកូនតូចអាយុ៣ខែម្នាក់ ជាអ្នកចែកចាយថ្នាំញៀន រស់នៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ចំណែកអ្នកប្រើប្រាស់ថ្នាំញៀនវិញ ទី៣.ឈ្មោះ ធន់ ណាលិក អាយុ១៦ឆ្នាំ ទី៤.ឈ្មោះ ឆេត សុភី អាយុ១៥ឆ្នាំ ទី៥.ឈ្មោះ ធន់ គន្ធា អាយុ២២ឆ្នាំ ទី៦.ឈ្មោះ សយ ចិត្រា អាយុ២១ឆ្នាំ ពួកគេទាំង៤នាក់រស់នៅភូមិផ្សារត្រាច ឃុំលង្វែក និងទី៧.ឈ្មោះ សុខ វាសនា អាយុ២១ឆ្នាំរស់នៅភូមិដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាំងមួយចំនួនមានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ៣គ្រឿង អាវុធកែឆ្នៃ១ដើម និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
សមត្ថកិច្ច បានអោយដឹងថា ដោយមានកិច្ចសហការវាងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តមួយក្រុម បានសហការជាមួយកងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានចុះបង្ក្រាបទីតាំងកន្លែងប្រើប្រាស់ និងចែកចាយគ្រឿងញៀនមួយកន្លែង រហូតឈានដល់ការចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន៥នាក់នៅភូមិផ្សារត្រាច ហើយទើបឈានទៅចាប់ខ្លួនអ្នកចែកចាយថ្នាំញៀន ២នាក់ប្តី និងប្រពន្ធបានទៀតនៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
ជនសង្ស័យទាំង៧នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា