ប្រទេសឥណ្ឌា៖ មកទល់ថ្ងៃទី២៦ខែឧសភានេះ តាមគេហទំព័រ Worldometer នៅទូទាំងប្រទេសឥណ្ឌា មានករណីឆ្លងកូវីដ១៩ កើនកើតឡើងដល់ទៅ ១៤៤ ៩៥០នាក់ ក្នុងនោះស្លាប់ ៤១៧២នាក់ និងព្យាបាលជាសះស្បើយ ជាង៦ម៉ឺននាក់ ។ ឥណ្ឌាស្ថិតនៅលំដាប់ទី១០ ពីចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក ។
ដើម្បីដំណើរការសេដ្ឋកិច្ចជាតិជាបណ្តើរៗឡើងវិញ មន្ត្រីឥណ្ឌា បានប្រកាសថា នឹងចាប់ផ្តើមដំណើរការជើងហោះហើរក្នុងស្រុកវិញក្រោយផ្អាកពីរខែកន្លងមកដោយសារតែកូវីដ១៩។ ប៉ុន្តែរាល់ការហោះហើរគឺត្រូវតែគោរពទៅតាមច្បាប់ សុវត្ថិភាព ការពារឆ្លងកូវីដ១៩ ។
តាមគម្រោង នឹងមានជើងហោះហើរ ប្រមាណ១០៩៥ ជើង ត្រូវបានហោះហើរនៅថ្ងៃទី២៥ខែឧសភា។ ចំណែករដ្ឋ Andhra Pradesh និង West Bengal មិនទាន់ដំណើរការហោះហើរនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួង អាកាសចរណ៍ស៊ីវីល ឥណ្ឌាលោក Hardeep Singh Puri បានប្រកាសឲ្យដឹងថា ប្រសិនបើបណ្តាក្រុមហ៊ុនអាកាសចរណ៍ គោរពទៅតាមច្បាប់ ទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩ បានល្អនោះ នឹងមានការពង្រីកការហោះហើរក្នុងស្រុកបន្ថែមទៀត។
ពេលថ្មីៗនេះ ឥណ្ឌាបានដំណើរការ រថភ្លើង រថយន្តក្រុង ពិសេសរាប់ពាន់ ដើម្បីដឹកពលករ វិលត្រឡប់ទៅស្រុកវិញក្រោយរដ្ឋាភិបាលបិទទ្វារបណ្តាក្រុមហ៊ុនទប់ស្កាត់ឆ្លងកូវីដ១៩ ។ ពលរដ្ឋ រាប់លាននាក់ បានជាប់គាំងនៅទីក្រុង ដោយមិនអាចវិលត្រឡប់ទៅផ្ទះវិញឡើយ ខណៈចរាចរណ៍នានាត្រូវបានផ្អាក ៕
ដោយ៖ ធី រីណា