ប្រធាន​កម្មវិធី​អាសន្ន​របស់ WHO ព្រមាន​ថា បណ្ដា​ប្រទេស​ដែល​ករណី​ឆ្លង COVID-19 កំពុង​ថមថយ ព្រោះវាអាច​នឹងផ្ទុះ​រាលដាល​ដល់​ចំណុចកំពូល​​ភ្លាម

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​២៥ ខែឧសភា ម្សិលមិញនេះ លោក Mike Ryan ប្រធាន​កម្មវិធី​អាសន្ន​របស់ WHO បានព្រមាន​ថា បណ្ដា​ប្រទេស​ដែល​ករណី​ឆ្លង COVID-19 កំពុង​ថមថយ អាច​នៅ​ប្រឈម​នៃការផ្ទុះ​រាលដាល​ដល់​ចំណុចកំពូល​លើក​ទី​២​ភ្លាមៗ ប្រសិនបើ​ពួកគេ​ផ្អាក​ចំណាត់ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នេះ​ឆាប់​ពេក ​។

​លោក Mike Ryan លើកឡើងថា ពិភពលោក កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​រលក​ទីមួយ​ការផ្ទុះ​រាលដាល COVID-19​។ ត្រង់នេះ លោក​កត់សម្គាល់ថា ខណៈ​ករណី​ឆ្លង​បន្ត​ថយចុះ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន ករណី​ឆ្លង COVID-19 នៅតែ​បន្ត​កើនឡើង​ក្នុង​តំបន់​អាមេរិក​ខាងត្បូងនិង​កណ្ដាល ក៏ដូចជា អាស៊ី​ខាងត្បូង​និង​អាហ្វ្រិក​ផងដែរ​។​ ការថ្លែង​បែបនេះ គឺអំឡុង​សន្និសីទ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ។

​លោក​វេជ្ជបណ្ឌិត Ryan គូសបញ្ជាក់​ទៀតថា ជារឿយៗ ជំងឺ​រាតត្បាត តែង​កើតឡើង​ក្នុង​ទម្រង់​ជា​រលក ដែល​មានន័យថា ការផ្ទុះ​រាលដាលអាច​ត្រលប់​មកវិញ​នាពេល​ក្រោយ​ទៀត​ក្នុងឆ្នាំនេះ ក្នុង​ទីកន្លែង​ដែល​រលក​ឆ្លង​ទី​១​ថមថយ​កម្លាំង​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានReuters លោក​សង្កត់ធ្ងន់ថា ឱកាស​នៃ​អត្រា​ឆ្លង COVID-19 អាច​ស្ទុះ​ឡើង​យ៉ាង​លឿន​រហ័ស​ម្ដងទៀត ប្រសិនបើ​ចំណាត់ការ​ទប់ស្កាត់​រល​ក​ឆ្លង​ទី​១​នេះ ត្រូវ​ដកហូត​ឆាប់​ពេក​។​

​ទន្ទឹមនេះ លោក ប្រធាន​កម្មវិធី​អាសន្ន​របស់ WHO ស្នើ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​និង​អាមេរិក​ខាងជើង​បន្ត​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​និង​សុខភាព​សាធារណៈ វិធានការ​តាមដាន ធ្វើតេស្ត និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធានាថា ពិភពលោក​បន្ត​ទទួល​បានការ​ថមថយ​នៃ​ករណី​ឆ្លង COVID-19 និង​ពុំមាន​ការផ្ទុះ​ឡើងដល់​ចំណុចកំពូល​ជា​លើក​ទី​២​។

​ខណៈ​រកឃើញ​ករណី​ឆ្លង​ថយចុះ បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប និង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក បានសម្រេច​ដកហូត​ប​ញ្ជា​បិទ​ប្រទេស​ជា​បណ្ដើរៗ ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ។ ចំណាត់ការ​ទាំងនេះ អាច​ទប់ស្កាត់​ការ​រាលដាល COVID-19 តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print