លោក ឌុយទែរ​តេ ពលករ​ហ្វីលីពីន​នៅ​បរទេស (OFWs) គឺជា​អ្នក​រកលុយ​ច្រើន​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ហ្វីលីពីន

ចែករំលែក៖

ហ្វីលីពីន៖ យោងតាមការដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពលករ​ហ្វីលីពីន​នៅ​បរទេស (OFWs) គឺជា​អ្នក​រកលុយ​ច្រើន​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ហ្វីលីពីន ហើយក៏​ជា​ក្រុម​ដែល​លោក ឌុយទែរ​តេ យកចិត្តទុកដាក់​គាំទ្រ​ផងដែរ​។ ចំណូល​ជាង​៣០​ពាន់​លាន​ដុល្លារ​ដែល​ពួកគេ​បញ្ចូលមក​ប្រទេស​វិញ គឺជា​កម្លាំង​ស្នូល​ជំរុញ​សេដ្ឋកិច្ច​ហ្វីលីពីន និង​ផ្គត់ផ្គង់​ជីវភាព​សមាជិកគ្រួសារ​ពួកគេ​នៅ​ស្រុកកំណើត​រាប់លាន​នាក់​។​

ដោយឡែកអ្នកនាំពាក្យ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន បានបញ្ជាក់នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ថា លោក​ប្រធានាធិបតី បានបញ្ជាឲ្យពួកគេ (​មន្ត្រី​) អាច​ប្រើប្រាស់​ធនធាន​រដ្ឋាភិបាល​ទាំងអស់ និង​មធ្យោបាយ​ធ្វើដំណើរ​បែបណាក៏ដោយ ដូចជារថយន្តក្រុង យន្តហោះ នាវា ដើម្បី​ដឹក​ពលករ​ហ្វីលីពីន​នៅ​បរទេស​មក​ផ្ទះ​ពួកគេ​វិញ​»​។

លោក រ៉ូ​ឌ្រី​ហ្គោ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន បានសម្រេច​ទុកពេល​ឲ្យ​មន្ត្រីរដ្ឋបាល​លោករយៈពេល​មួយ​សប្តាហ៍​ ដើម្បី​ដំណើរការ​នីតិវិធី​បញ្ជូន​ពលករ​ហ្វីលីពីន​ប្រមាណ ២៤០០០​នាក់ ដែល​ជាប់គាំង​រាប់​សប្ដាហ៍​លើ​នាវា​ទស​ចរណ៍ ឬ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​នៅ​បរទេស អាច​ត្រលប់មក​ស្រុកកំណើត​វិញ​បាន​។

ក្រៅពី​ពលករ​ធ្វើការ​នៅ​បរទេស ពលករ​ហ្វីលីពីន​រាប់ពាន់នាក់​ទៀត កំពុង​ជាប់​លើ​នាវា​ទេសចរណ៍​ដែល​អណ្តែត​រសាត់​លើ​ឆ្នេរសមុទ្រ​ក្រុង​ម៉ានីល ឬ​ជាប់គាំង​ក្នុង​សណ្ឋាគារ និង​មណ្ឌល​សុខភាព​ដែលមាន​មនុស្ស​ណែនណាន់តាន់តាប់​។ អ្នកខ្លះ​បានធ្វើ​តេស្ត COVID-19 ហើយ​មាន​លទ្ធផល​អវិជ្ជមាន និង​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​កំណត់​១៤​ថ្ងៃ​រួចរាល់​។ ក៏ប៉ុន្តែ​ពួកគេ​ពុំទាន់​អាចមក​ស្រុក​វិញ​ព្រោះ​គ្មាន​ការសម្របសម្រួល​ពី​រដ្ឋា​ភិ​បាល​។

​ម្យ៉ាងទៀត រដ្ឋាភិបាល​ហ្វីលីពីន ក៏​កំពុង​ត្រៀមលក្ខណៈ​ទទួល​ពលក​រ​រាប់ម៉ឺន​នាក់​បន្ថែម​ត្រលប់មក​ប្រទេស​កំណើត​វិញ​ដោយសារ​ពួកគេ​បាត់បង់​ការងារ​នៅ​បរទេស ដ្បិត​ជំងឺ COVID-19 កំពុង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​។

​គួរបញ្ជាក់ថា ពលរដ្ឋ​ហ្វីលីពីន​ជាង​៣​ម៉ឺន​នាក់ បាន​ត្រលប់មក​ប្រទេស​កំណើត​វិញ ហើយ​មនុស្ស​៥១៥​នាក់​ក្នុងចំណោម​អ្នកធ្វើ​តេស្ត COVID-19 សរុប ២៧០០០​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា​។ បច្ចុប្បន្ន ហ្វីលីពីន មាន​ករណី​ឆ្លង​សរុប​ជាង​១៤ ០០០​ករណីខណៈ​អ្នក​ស្លាប់មាន ៨៦៨​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print