Update៖ កម្មករ១៦នាក់របួសធ្ងន់ស្រាល​ បង្កដោយរថយន្តដឹកជ្រូកបេីកលឿនជ្រុលបុករថយន្តដឹកកម្មករពីក្រោយ

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរេដឹកកម្មករ​ត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹងហេីយរុញទៅបុករថយន្តហាយឡិនឌ័របន្ថែមនៅចំណុចផ្លូវ​លេខ២១៧​ កែងនឹងផ្លូវ​ ក្រវាត់ក្រុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង​ ៦នឹង៣០នាទី​ ព្រឹកថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ។

​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើកតាមដល់ផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច​ លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ។ ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀតដឹកកម្មករមកពីក្រោយក៏ឈប់បន្តកន្ទុយគ្នា​ បន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ​ កណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹង​ ហេីយរថយន្តកូរ៉េដឹកកម្មករបន្តទៅបុករថយន្តហាយឡិនឌ័ររួចក៏រេចង្កូតទៅប៉ះជាមួយនឹងបង្គោលភ្លើងបន្ថែមទៀតបណ្តាលឲ្យកម្មករប្រុសស្រី១៦នាក់រងរបួសធ្ងន់និងស្រាល​ ។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ​ ។

​បេីតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០ នាក់តែព្រឹកនេះគឺមានតែ២៥ នាក់ទេដោយសារតែ៥នាក់ទៀតបានជិះម៉ូតូជាមួយជាមួយបងប្អូន។     

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វេីការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នានាពេលក្រោយ​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print