ភ្នំពេញ ៖ ក្រោយដាក់ចេញវិធានការរឹតបន្តឹងរួចមក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែសម្រួលវិធានការ ការពារ ទប់ស្កាត់និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការធ្វើដំណើរចូលមកប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ រស់នៅ បម្រេីការងារនៅសាធារណរដ្ឋកូរ៉េ ។ នេះបេីយោងតាមសេចក្តីជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។
ខាងក្រោមនេះជាខ្លឹមសារសង្ខេប ដែល ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េប្រកាសជូនដំណឹង ៖
• លើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។
អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩,និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងករណីអ្នកដំណើរទាំងអស់ មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជមានកូវីដ១៩ នោះពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវអោយធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ៕