ទាំងជនជាតិខ្មែរ និងជនបរទេស ធ្វើ​ដំណើរចូលមកកម្ពុជា​ ត្រូវអនុវត្តណែនាំតាមមន្ត្រីសុខាភិបាលកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រោយ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​រួចមក​ ​ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែសម្រួលវិធានការ ការពារ ទប់ស្កាត់និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការធ្វើដំណើរចូល​មកប្រទេសកម្ពុជារបស់ប្រជាពល​រដ្ឋខ្មែរ រស់នៅ​ បម្រេីការងារ​នៅ​សាធារណ​រដ្ឋកូរ៉េ​ ​ ។ នេះបេីយោង​តាម​សេចក្តី​ជូន​ដំណឹង​ស្ថានឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ ចុះថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ ។

ខាងក្រោមនេះ​ជាខ្លឹមសារសង្ខេប ដែល​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េប្រកាសជូនដំណឹង​ ៖

• លើកលែងវិញ្ញាបនបត្របញ្ជាក់​សុខ​ភាព (Health Certificate) បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែននៃ​ព្រះរាជាណាចក្រកម្ពុជាដែលធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។

អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩,និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍​ប៉ាស្ទ័រ។

ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលត្រូវបានរកឃើញមាន​វិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តា​ឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងករណីអ្នកដំណើរទាំងអស់ មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជមានកូវីដ១៩ នោះពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល​១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវអោយធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print