រថយន្ដ​ដឹកឈើ​អត់ច្បាប់ ត្រូវកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្របុរី​ចាប់ប្រគល់ឱ្យជំនាញ

ចែករំលែក៖

ខេត្តក្រចេះ​៖ រថយន្ដ​សាំយ៉ុងមួយគ្រឿងដឹកឈើអត់ច្បាប់​ពេញព្រៀបត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរីចាប់ប្រគល់ឱ្យជំនាញចាត់ការ​តាមច្បាប់​។ 

ការបង្ក្រាបរថយន្តដឹកឈើនោះគឺក្រោម​ការបញ្ជា​របស់លោកឧត្ដមសេនីយ៍ត្រី​សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តដោយ​មាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក អុឹម ចិ​ត្រា មេ​បញ្ជា​ការកងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី។

ប្រតិបត្តិការនោះធ្វើឡើង ​នៅវេលា​ម៉ោង​១២និង៣០​នាទីរសៀល ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ម្ដុំក្បែរៗសាលាដំបូង​ខេត្ត ក្នុងសង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ។

​លោក អុឹម ចិ​ត្រា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា កម្លាំង​របស់លោក បាន​ប្រទះ​ឃើញ​រថយន្ដ​ដឹកឈើមួយ​គ្រឿង​នេះ​តាំងពី​ចំណុច​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែស្រុក​ចិត្រ​បុរី រហូតមក​ដល់​ម្ដុំ​សាលាដំបូង​ខេត្ត​ទើបកម្លាំងរបស់លោកបង្ក្រាបបាន​តែម្តង។

លោកបន្តថា ក្នុងពេលកម្លាំងចុះបង្ក្រាបនោះ​អ្នកបើកបរ​រថយន្ដ​បានចុះ​រត់គេច​ខ្លួន​បាត់ភ្លាមៗមិនអាច​ឃាត់ខ្លួនបាននោះទេឃាត់បានតែរថយន្តម៉ាកសាំយុងពណ៌សពាក់ស្លាកលេខភ្នុំពេញ២K-០៤៧៧។

​លោក​បន្តទៀតថា រថយន្ដ​សាំយ៉ុង​នោះ​ដឹកឈើ​ប្រភេទ​ឈើ​ឈ្លីក​បួនជ្រុងពេញរថយន្ដ  ហើយក្រោយពីធ្វើការឃាត់បានក៏​ត្រូវប្រគល់ឱ្យជំនាញ​រដ្ឋបាល​ព្រៃឈើ យកទៅ​រក្សាទុក​នៅ​ស្ថានីយបណ្ដុះ​កូនឈើ​ខ្សា​ដើម្បី​ធ្វើការ​វាសវែង និង​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ​ផងដែរ។

តែទោះជាយ៉ាងណាការឃាត់បានរថយន្តដឹកឈើនោះសមត្ថកិច្ចប្រាកដជាស្រាវជ្រាវរកមុខម្ចាស់ឈើឃើញជាក់ជាមិនខានឡើយដើម្បីឱ្យចូលខ្លួនមកដោះស្រាយតាមនិីតិវិធីច្បាប់ព្រៃឈើ ៕ដោយ៖​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print