កម្លាំងសមត្ថកិច្ចចម្រុះចុះអនុវត្តច្បាប់ តាមដីកាបង្គាប់របស់រដ្ឋបាលខេត្តករណីរុករានកាន់កាប់ដីព្រៃខុសច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះអនុវត្តតាមដីកាបង្គាប់ការរបស់សាលាខេត្ត ចំពោះពីរទីតាំងធំៗបន្ថែមទៀត។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០ ដោយមានកម្លាំងចម្រុះចូលរួមសហការ ដូចជាបរិស្ថាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  កងរាជអាវុធហត្ថ រដ្ឋបាលព្រៃឈើ យោធា មន្រ្តីសុរិយោដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងអភិបាលស្រុក ដឹកនាំដោយ លោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។

មន្រ្តីចូលរួមបាននិយាយថា ការចុះអនុវត្តតាមដីកាបង្គាប់ការរបស់រដ្ឋបាលខេត្ត គឺបានចុះពិនិត្យការកាប់រាន ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិសរុប៣ចំណុចទីតាំងធំៗ ក្នុងនោះចំណុចទី១-ប្រឡាយខ្លឹម, ចំណុចទី២-ត្រពាំងឫស្សី(អូរក្រូចក្រោម)និងចំណុចទី៣-ត្រពាំងត្រយ៉ង(អូរក្រូចលេី) ស្ថិតក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបញ្ជាក់ថា ជំហានបន្ទាប់នឹងធ្វើការស៉ើបអង្កេត ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

គួររំលឹកថា រហូតមកទល់ពេលនេះ ការចុះអនុវត្តច្បាប់តាមដីកាបង្កាប់ការរបស់សាលាខេត្តពីរលើកហើយ តែនៅមិនទាន់រកឃើញអ្នកពាក់ព័ន្ធការកាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ភាគច្រើនជាប់ទោសទណ្ឌច្រើនតែអ្នកក្រីក្រកម្មករស៉ីឈ្នួលឲ្យអ្នកមានលុយមានអំណាច មានតួនាទីបុណ្យស័ក្តិធំ ដែលជាអ្នកបញ្ជាឬជាអ្នកម្ចាស់ដីនោះផ្ទាល់ គេពុំដែលឃើញជាប់ទោសទណ្ឌដល់អ្នកបញ្ជាឬអ្នកជួល ដែលជាអ្នកប្រព្រឹត្តប្រើគ្រឿងចក្រធ្វើសកម្មភាព ឈូសឆាយរុករានទន្ទ្រានយកដីរដ្ឋជាច្រើនហិកតាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះនៅឡើយទេ។

ប៉ុន្តែកន្លងទៅថ្មីៗនេះគេក៏ឃើញមានការឃាត់ខ្លួនឧត្តមសេនីយ៍ទោឈ្មោះចាន់ សំអាត ម្នាក់ផងដែរ ប៉ុន្តែបានតែមួយចម្អិនកំពិសក៏ត្រូវបានដោះលែងទៅវិញផងដែរ ដោយមានហេតុផលថាមានជំងឺជាប់ខ្លួន បច្ចុប្បន្នជាប់តែគ្រឿងចក្រនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ៕ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print