ប្រវត្តិ÷អ្នក​តា​ជំទាវ​ម៉ៅ

ចែករំលែក៖

នៅក្នុងឃុំចក្រីទីង ខេត្តកំពត ប្របនឹងមាត់ផ្លូវថ្នល់ជាតិលេខ ត្រង់របត់ភ្នំទ្វារ ដែលជាផ្លូវចូលទៅក្រុងកំពត មានអ្នកណាមួយឈ្មោះអ្នកតាជំទាវ ម៉ៅ កាលពីជំនាន់ដើម អ្នកតានេះមានត្រឹមតែខ្ទមតូច ធ្វើដោយឈើប្រក់ក្បឿង ក្នុងខ្ទមនោះ មានរូបសំណាកដោយដុំថ្មសុទ្ធសាធ លុះមកដល់ក្នុងឆ្នាំ ១៩៦៦ មានជនជាតិចិនម្នាក់ (មិនស្គាល់ឈ្មោះ) បានមកធ្វើផ្ទះថ្ម ប្រក់ស័ង្កសីយ៉ាងស្អាតអ្នកតានោះ ប៉ុន្តែមិនទាន់ហើយស្រេចនៅឡើយទេ ផ្ទះនេះមានទំហំប្រមាណ ៣ម. បួនជ្រុងស្មើ ហើយគេធ្វើចុះទៅខាងក្រោម ក្រោយខ្ទមចាស់បន្តិច ហេតុដែលបានជាចិននោះមកធ្វើខ្ទមថ្មថ្វាយដូច្នេះ ព្រោះគេបានបន់អ្នកតាជំទាវម៉ៅ នេះថា សុំសុំឲ្យត្រូវឆ្នោយ លុះបន់រួចគេបានត្រូវឆ្នោតដូចប្រាថ្នាមែន។

អំពីឥទ្ធិពល

អ្នកតាជំទាវ ម៉ៅ នេះ មានឥទ្ធិពលលើអ្នកស្រុកភូមិណាស់ កាលពីរវាងឆ្នាំ ១៨៦៦ រៀងរហូតមកដល់ឆ្នាំ ១៩៤៤ អ្នកតានេះសាហាវណាស់ហើយរឹងត្អឹងខ្លាំងណាស់ផង គឺថាបើមនុស្សទាំងឡាយណាដើរទៅមកតាមផ្លូវទ្វារកំពតនោះ ហើយមិនបានបែរបន់ សុំសេចក្ដីសុខសប្បាយទេ មិនបានថ្វាយនេះថ្វាយនោះទេ ប្រព្រឹត្តចោរកម្មផ្សេងនោះ នឹងត្រូវអ្នកតានេះតាមធ្វើ ឲ្យឈឺរង្គំរង្គាល បើរកមុខអ្នកធ្វើមិនឃើញ អ្នកនោះឯងនឹងត្រូវបាត់បង់ជីវិតជាមិនខាន ប៉ុន្តែបើដឹងថាខុសនឹងអ្នកតា ហើយបានទៅបែរបន់លន់តួសុំទោស នឹងត្រូវបានជាវិញ​​ក៏មាន ហើយបើកំហុសនោះធ្ងន់ពេក មានកាលក៏មិនបានជាវិញក៏មានដែរ ម៉្យាងទៀតបើអ្នកណា មានគំនុំនឹងអ្នកណាម្នាក់ទៀត ដោយមានការទាស់ទែងទែងខ្វែងគំនិតគ្នាពីពេលមុនមក ហើយទៅបែរបន់ថា សុំឲ្យលោកអ្នកតាជំទាវ ម៉ៅ ជួយយកអាសាខ្ញុំផង សូមឲ្យទៅកាច់ឈ្មោះនេះឈ្មោះនោះឲ្យវាស្លាប់ទៅ ព្រោះវាជេរខ្ញុំវាយខ្ញុំ លួចរបស់ទ្រព្យខ្ញុំជាដើម បើបានស្រេចការហើយកាលណា ខ្ញុំនឹងថ្វាយនេះថ្វាយនោះមានថ្វាយមាន់ស្ងោរជាដើម តែប៉ុណ្ណោះ អ្នកតានោះក៏ទៅកាច់ ធ្វើឲ្យឈឺរហូតដល់ស្លាប់ក៏មាន

ដោយហេតុតែកាចសាហាវយ៉ាងនេះហើយ ទើបបារាំងសែស (ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ ១៩០០ ប្លាយ) បានទៅបាញ់អ្នកតានោះម្ដង តាំងពីពេលនោះមក អ្នកតាក៏នេះថយអានុភាពបន្តិច

ប្រមាណជាក្នុងឆ្នាំ ១៩៤០ ជំនាន់ជប៉ុនចូលមកស្រុកយើង ហើយកេណ្ឌប្រជាពលរដ្ឋចំណុះខែត្រកំពត ឲ្យទៅជីកលេណដ្ឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ អ្នកតានេះខឹងមនុស្សទៅជិះជាន់ ទៅបន្ទោរបង់ឧច្ចារដាក់ទីកន្លែងគេ លុះដល់មនុស្សទាំងនោះ ត្រឡប់ទៅផ្ទះរៀងខ្លួនវិញអ្នកតានេះតាមទៅធ្វើឲ្យឈឺ ស្លាប់អស់ជាច្រើននាក់ អ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមក ស្លាប់អស់ជាច្រើននាក់ អ្នកខ្លះបានមកដល់ផ្ទះ ទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេម៉ាយគគោក រហូតទាល់តែបាននាមថាមេម៉ាយជំនាន់ជប៉ុនកេណ្ឌដល់មកសព្វថ្ងៃនេះហើយ ក៏មេម៉ាយទាំងនោះ មានសល់រស់នៅខ្លះ មិនទាន់ស្លាប់អស់នៅឡើយ កាលឃើញជាក់ស្ដែងយ៉ាងនេះឯងហើយដែលជាហេតុធ្វើឲ្យស្រុកទាំងខ្មែរ ចិន យួន ចាម ជ្វា បាក់បបខ្លបខ្លាចឥតឧបមា ម្នាក់ប្រសិនបើមានការត្រូវដំណើរទៅចំកន្លែងនោះដោយខានមិនបាន ក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃ សម្រាប់ថ្វាយអ្នកតាជានិច្ច ពុំដែលខានសោះឡើយ អ្នកតាជំទាវ ម៉ៅ នេះគេច្រើនបន់:

ឲ្យបានសេចក្ដីសុខសប្បាយ កុំឲ្យមានជំងឺតម្កាត់ ដល់មនុស្សក្នុងស្រុកភូមិ បើមានអ្នកស្រុកភូមិមានបាត់ទ្រព្យរបស់អ្វីផ្សេង គេទៅបញ្ជាន់អ្នកតាឲ្យចូលរូប ហើយសួររកទ្រព្យរបស់ដែលបាត់នោះ ឲ្យអ្នកតាប្រាប់ ការបញ្ជាន់រូបនេះគ្មានលេងភ្លាងអ្វីទេ គឺគ្រាន់តែអុជទៀនធូប ហើយនិយាយអំពាវនាវហៅរកអ្នកតា ។ល។ អ្នកតានោះក៏ចូលមកភ្លាម ហើយនិយាយគ្នាដូចរូបមេមត់ បើមានមនុស្សឈឺ គេយករូបទៅបញ្ជាន់នៅផ្ទះអ្នកជំងឺ ក្នុងការបញ្ជាន់នេះ មានភ្លេងខ្មែរបុរាណគឺ ទ្រខ្មែរ ប៉ី ចាប៉ី ស្គរដី ក្នុងពេលដែលជំទាវ ម៉ៅ ចូលរូបសម្នឹង អាចស្ដោះផ្លុំបណ្ដេញខ្មោចព្រៃដែលបណ្ដាលឲ្យឈឺនោះ និងឲ្យចំណីហៅថាបំពោបក្បាលចំពោះព្រាយអារក្សផ្សេង ដែលមកធ្វើនោះផង ក្នុងពេលបញ្ជាន់រូបនៅផ្ទះអ្នកជំងឺ ប្រសិនបើលោកជំទាវ ម៉ៅ ប្រកែកថា គេមិនបានធ្វើឲ្យអ្នកនេះឈឺទេនោះ អ្នកផ្ទះអាចសួរទៅលោកជំទាវ ម៉ៅ វិញថា តើខ្មោចណាដែលធ្វើនេះ? តើខ្មោចនោះត្រូវការសំណែនអ្វី? ជំទាវ ម៉ៅ មានទិព្វចក្ខុ អាចមើលទៅដឹងថាខ្មោចនេះ ខ្មោចនោះធ្វើ គេក៏និយាយប្រាប់ទៅជើងព្រះ2​ភ្លាម តាមដែលគេដឹង ជើងព្រះក៏និយាយសុំឲ្យលោកជំទាវ ម៉ៅ ជួយអង្វរករ ជំនុំជាមួយខ្មោចព្រៃនោះ ឲ្យជួយបានសះស្បើយទៅ លែងធ្វើតទៅ បើជំទាវ ម៉ៅ ឆ្លើយប្រាប់មកថាមិនអីទេ ចាំគេនិយាយឲ្យនោះ អ្នកជំងឺក៏មានសង្ឃឹម តែបើគេប្រកែកថា គេមិនអាចនឹងនិយាយបានទេ នោះអ្នកជំងឺក៏អស់សង្ឃឹម ហើយខំស្វះស្វែងរកគ្រូមើលជាថ្មីទៀតទៅ

ទ្រនឹបរូបបញ្ជាន់មាន ក្បាលជ្រូក ប្រាក់ ២៥រៀល និងសំពត់ អាវ3 ការដែលគេមើលជំងឺរបៀបនេះ តាមខ្ញុំសង្កេតឃើញថា បានសមប្រកបជាច្រើនដែរ ពិធីប្រចាំឆ្នាំ រៀងរាល់ឆ្នាំ តែដល់ខែពិសាខ (ថ្ងៃមិនកំណត់) គេតែងធ្វើពិធីឡើងអ្នកតាជំទាវ ម៉ៅ នេះ របៀបឡើងអ្នកតានេះគ្មានអ្វីច្រើនទេ ជិតដល់ពេលវេលាហើយ គេគ្រាន់តែទៅបោសច្រាសសំអាតទីកន្លែង និងសម្អិតសម្អាងខ្ទមដូចជាប្រក់ដំបូលជាដើម លុះដល់ថ្ងៃកំណត់ឡើងអ្នកតា គេរកភ្លេងយកទៅលេងថ្វាយ ព្រមទាំងសំណែនមានក្បាលជ្រូក មាន់ស្ងោរ ស្លាធម៌ដូង គូ និងបាយសី ថ្នាក់ គូ ប៉ុណ្ណោះ

តាំងពីអ្នកតានេះកើតមក មានរូបសម្នឹង នាក់ហើយគឺ

រូបសម្នឹងឈ្មោះយាយ សៅរ៍ ប្រពន្ធតាកាប៉ូរ៉ាល់ថ្នល់ឈ្មោះ អ៊ុង

រូបសម្នឹងប្រុសឈ្មោះ តា ស្នងឡុង ត្រូវជាកូនយាយ សៅរ៍ នឹងតា អ៊ុង

រូបសម្នឹងប្រុសឈ្មោះ ឡុង ម៉ៅ ត្រូវជាកូនតាស្នង ឡុង

រូបសម្នឹងទាំង នេះ មានអាយុ ៥២ឆ្នាំហើយ ពិធីឡើងអ្នកតា ក្នុងសម័យទី ទី គេនាំគ្នាទៅធ្វើនៅមុខតូបអ្នកតា រូបទី មិនដែលទៅធ្វើដល់ខ្ទមអ្នកតាទេ គេធ្វើនៅផ្ទះរបស់គេ ព្រោះគាត់មានធ្វើត្រួន4​នៅផ្ទះគាត់ ហៅអន្ទងអ្នកតាមកតែម្ដង កិច្ចប្រារព្ធពិធីរបៀបណេះ ឃើញមាននៅរៀងរាល់ឆ្នាំពុំដែលហ៊ានខាន សំណែនមានខុសប្លែកពីរូបមុនខ្លះគឺ សព្វថ្ងៃនេះ គ្មានក្បាលជ្រូកនិងមាន់ស្ងោរទេ ស្លាធម៌បាយសីនិងភ្លេងភ្លាត់នៅមានដដែល

ប្រវត្តិអ្នកតា

ប្រមាណជាក្នុង. . ១៨១៦ កាលដែលផ្លូវជាតិលេខ (ភ្នំពេញកំពត) មិនទាន់មាននៅឡើយ មានតែផ្លូវរទេះគោក្របីប៉ុណ្ណោះ ហើយត្រង់ទ្វារភ្នំនេះ មានតែព្រៃជ្រៅស្រោងស្រឹងស្ងាត់ជ្រងំ ប្រកបដោយសត្វព្រៃកាចសាហាវជាច្រើនមាន ដំរី ជាដើម ដោយហេតុនោះហើយ ទើបមិនសូវឃើញមានមនុស្សម្នាដើរទៅមក ច្រើនគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ ប្រសិនបើជាមានមនុស្សហ៊ានដើរទៅមកម្ដងគេតែងបានជួបប្រទះនឹងសត្វព្រៃជានិច្ចពុំដែលខាន បើគាប់ចួនជាជួបប្រទះហើយ សត្វទាំងនោះតែងដេញហាក់ដូចជាចង់បំផ្លាញជីវិតអាសាបង់ ប៉ុន្តែហាក់ដូចជាគ្រាន់តែដេញបន្លាចប៉ុណ្ណោះ ព្រោះមានមនុស្សភាគច្រើនដែលគេតែរួចពីមរណភ័យ

ថ្ងៃមួយ ឈ្មោះ តាក្រហម ប្រពន្ធឈ្មោះយាយម៉ៅ បានធ្វើដំណើរកាត់ព្រៃនោះ (មានគ្នាប៉ុន្មាននាក់មិនប្រាកដ) ក្នុងពេលនោះ ពួកអ្នកដំណើរនេះក៏លាកញ្ចប់បរិភោគ នៅក្បែររទេះ នាព្រៃភ្នំទ្វារ កំពុងបរិភោគ ស្រាប់តែដំរីមួយហ្វូងចេញមកដេញព្រិច ពួកនេះនាំគ្នាចូលព្រៃយកអាយុរៀងខ្លួន ចំណែកយាយ ម៉ៅ គាត់រត់ ទៅជួបនឹងខ្លាធំមួយដេញទៀត ទោះបីគាត់ខំស្រែកហៅ ឲ្យតាក្រហមជួយយ៉ាងណាក៏ជាការឥតប្រយោជន៍ដែរ ម៉្លោះហើយយាយ ម៉ៅ ក៏ត្រូវខ្លាខាំស្លាប់ទៅ ចំណែកតាក្រហមវិញ ដោយគាត់ជាមនុស្សប្រុសស្មារតីរឹងជាង ក៏បានរួចផុតពីសេចក្ដីស្លាប់

លុះចំណេរចីរកាលកាលមក អ្នកស្រុក​-​ភូមិជិតឆ្ងាយ ដែលត្រូវធ្វើដំណើរទៅមកកាត់កន្លែងនោះ ក៏ខ្លាចរអានឹងភេរវៈហេតុនេះណាស់ ម៉្លោះហើយនៅពេលធ្វើដំណើរម្ដង ម្នាក់តែងតែបន់ស្រន់ សុំឲ្យបានសេចក្ដីសុខសប្បាយ កុំឲ្យជួបប្រទះនឹងសត្វសាហាវអ្វីឡើយ ចាំថ្វាយក្បាលបាយ ថ្វាយនេះ ថ្វាយនោះតាមដែលខ្លួនមាន កាលបើបានបន់ដូច្នេះរួចហើយ ការធ្វើដំណើរទៅដល់កន្លែងនោះ តែងបានសុខសប្បាយដូចបំណងមែន ពុំសូវដែលមានជួបប្រទះនឹងសត្វសាហាវណាមួយដូចពីដើមឡើយ កាលបើដូច្នោះហើយ គេរឹតតែងតែថ្វាយបាយ នំ ចំណីផ្សេង ដែលគេមាននោះទៅ មានអ្នកខ្លះគ្រាន់តែខ្លាចភ្លៀងទទឹក ក៏បន់ថា សុំកុំឲ្យមានភ្លៀងបង្អុរចុះ ចាំខ្ញុំទៅដល់ផ្ទះចាំភ្លៀងចុះ ខ្ញុំសុំថ្វាយឆត្រ តាំងយូ (ស្លឹកឈើ) លុះធ្វើដំណើរពេលនោះទៅ មិនត្រូវភ្លៀងដូចបំណងមែន គេក៏ថ្វាយឆត្រ តាំងយូ5​ត្រង់កន្លែងនោះទៅ

ការបន់ ហើយថ្វាយវត្ថុដូចបានរៀបរាប់មកនេះ លុះយូរទៅតង្វាយក៏កើនច្រើនឡើង នៅសម័យនោះហើយ ដែលអានុភាពរបស់អ្នកតាកើតមានឡើងជាលំដាប់លំដោយដែរ ដំណាលគ្នានឹងពេលនោះ ផ្លូវភ្នំពេញកំពតក៏ធ្វើហើយដែរ តែពុំទាន់ក្រាលថ្មនៅឡើយ ពីនោះមក អ្នកដំណើរទៅមកតាមផ្លូវនេះ ទាល់តែបានបែរបន់ទើបបានសេចក្ដីសុខ បើមិនបានបន់ទេ មុខតែប្រទះនឹងសេចក្ដីទុក្ខ រហូតដល់ស្លាប់ក៏មាន អាស្រ័យហេតុនេះ ទើបអ្នកដំណើរទាំងឡាយប្រយ័ត្នណាស់ ចំពោះរឿងបែរបន់ និងវត្ថុតង្វាយជំនឿកាន់តែមានច្រើនឡើងជាលំដាប់ អ្នកតាក៏មានប្រាកដឡើងតាមពាក្យមនុស្សអ្នកបន់នោះដែរ

ក្នុងពេលនោះមានតាម្នាក់ឈ្មោះ អ៊ុង ធ្វើជាកាប៉ូរ៉ាលថ្ម ក៏ចាប់ធ្វើខ្ទមឲ្យមានប្រាកដឡើង ហើយនិយាយបួងសួងសុំសុខសប្បាយ និងកុំឲ្យកាចពេក ពីនោះមកទៀត អ្នកតាដែលកើតពីមាត់មនុស្សនេះក៏តាំងបានចិត្តក្រអឺត បញ្ចេញអានុភាពកាចសាហាវឥតត្រាប្រណី អ្នកណាខ្លាចស្ញប់ស្ញែងគ្រប់គ្នាដែរ លុះផ្លូវភ្នំពេញ​-កំពត បានក្រាលថ្មរួច តែពុំទាន់បានចាក់កៅស៊ូនៅឡើយ មានរថយន្តរត់តាមផ្លូវនោះមួយ (ប្រមាណជាក្នុងរវាងឆ្នាំ ១៨៧៦ មិនប្រាកដ) អ្នកជិះមានខ្មែរ​-​ចិនយួន ជាដើម ខ្លាចហើយក៏ចេះតែបន់បន់ ព្រមទាំង​​ថ្វាយវត្ថុផ្សេងជាច្រើន មានប្រាក់ជាដើម បើអ្នកណាមិនឈប់ប៉ាយថ្វាយទេ មុខតែងខ្នងមិនខាន បណ្ដាតង្វាយទាំងនោះ មិននិយាយទេអំពីវត្ថុផ្សេង និយាយតែពីប្រាក់វិញឃើញមានចំនួនច្រើនណាស់ ថ្ងៃមួយ ជនជាតិចិនជើងខិលម្នាក់ (មិនស្គាល់ឈ្មោះ) ឃើញអ្នកតាមានប្រាក់ច្រើន ក៏យកបៀទៅបបួលជំទាវម៉ៅ លេង (ធ្វើឧបកិច្ច) ចិននេះនិយាយតែម្នាក់ឯង លេងតែម្នាក់ឯង លេងទៅមុនដំបូងអ្នកតាឈ្នះដល់យូរបន្តិចទៅ ចិនគេធ្វើខ្លួនគេឲ្យមានសន្លឹកបៀ គេក៏ឈ្នះ​​អ្នកតា មិនយូរប៉ុន្មានអ្នកតាអស់លុយ ចិនគេយកទៅផ្ទះអស់ ជំទាវ ម៉ៅ ខឹងណាស់តាមទៅកាច់ចិននោះ ស្លាប់ទៅ

លុះក្រោយមកមិនដឹងជាយ៉ាងម៉េច ស្រាប់តែអ្នកតាជំទាវ ម៉ៅ មកចូលរូបយាយ សៅរ៍ ប្រពន្ធកាប៉ូរ៉ាលថ្នល់ឈ្មោះ អ៊ុង ដែលគាត់ធ្វើខ្ទមនៅក្បែរកន្លែងអ្នកតានោះ ត្រង់ទីដែលគេហៅថាដំណាក់ទូក

លុះជំទាវម៉ៅ ចូលយាយនោះហើយ ក៏និយាយប្រាប់តា អ៊ុង ថាយើងសព្វថ្ងៃនេះនៅភ្នំទ្វារ តាស្គាល់យើងទេ? យើងឈ្មោះជំទាវ ម៉ៅ តា អ៊ុង ឆ្លើយថាខ្ញុំស្គាល់ហើយ តើអស់លោកយាងមកមានការអ្វី​? ចុះហេតុអ្វីបានជាមនុស្សម្នាឈឺរង្គំរង្គាលសន្ធឹកម្ល៉េះ?”

ជំទាវ ម៉ៅ ឆ្លើយថាហ្នឹងហើយជាស្នាដៃយើង ព្រោះអ្នកទាំងអស់នេះ មិនស្គាល់យើងសោះ ព្រហើនដាក់យើងណាស់

តាអ៊ុងក៏អង្វរថាខ្ញុំស្គាល់អស់ហើយ សុំអស់លោកកុំប្រែប្រកាន់ពេក ព្រោះមនុស្សភាគច្រើនមិនទាន់អស់លោកនៅឡើយទេ ដោយមើលអស់លោកមិនឃើញ ឥឡូវបានអស់លោកប្រាប់អីចឹង គេដឹង​-​ស្គាល់អស់លោកហើយ សុំឲ្យអស់លោកជួយថែរក្សាមនុស្សទាំងអស់ ឲ្យបានសេចក្ដីសុខសប្បាយផង ហើយមនុស្សទាំងអស់ គេនឹងខំថែរក្សាអស់លោកវិញដែរ ចាប់តាំងពីពេលនោះមក អ្នកតាជំទាវ ម៉ៅ ក៏ចូលរូបយាយ សៅរ៍រៀងមក ផុតពីយាយ សៅរ៍ ក៏ចូលរូបតា ស្នង ឡុង ជាកូនយាយ សៅរ៍ ផុតពីតាស្នង ឡុង មកចូលរូបឈ្មោះតា ឡុង ម៉ៅ ជាកូនតា ស្នង ឡុង សព្វថ្ងៃនេះ

ចំណែកចម្រៀងសម្រាប់អ្នកតានេះ មិនចាស់ដំណាលទេ។ ចំណែករូបអ្នកតាក៏គាត់ថាមិនដែលមានដែរ លុះដល់មកប្រមាណជាក្នុងឆ្នាំ១៩៤៤ រហូតមកដល់សព្វថ្ងៃនេះ អ្នកតាជំទាវ ម៉ៅ ក៏លែងកាចសាហាវដូចមុនទៀតទៅ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print