នៅក្នុងឃុំចក្រីទីង ខេត្តកំពត ប្របនឹងមាត់ផ្លូវថ្នល់ជាតិលេខ ៣ ត្រង់របត់ភ្នំទ្វារ ដែលជាផ្លូវចូលទៅក្រុងកំពត មានអ្នកណាមួយឈ្មោះអ្នកតា“ជំទាវ ម៉ៅ” ។ កាលពីជំនាន់ដើម អ្នកតានេះមានត្រឹមតែខ្ទមតូច ធ្វើដោយឈើប្រក់ក្បឿង ។ ក្នុងខ្ទមនោះ មានរូបសំណាកដោយដុំថ្មសុទ្ធសាធ ។ លុះមកដល់ក្នុងឆ្នាំ ១៩៦៦ មានជនជាតិចិនម្នាក់ (មិនស្គាល់ឈ្មោះ) បានមកធ្វើផ្ទះថ្ម ប្រក់ស័ង្កសីយ៉ាងស្អាតអ្នកតានោះ ប៉ុន្តែមិនទាន់ហើយស្រេចនៅឡើយទេ ។ ផ្ទះនេះមានទំហំប្រមាណ ៣ម. បួនជ្រុងស្មើ ហើយគេធ្វើចុះទៅខាងក្រោម ក្រោយខ្ទមចាស់បន្តិច ។ ហេតុដែលបានជាចិននោះមកធ្វើខ្ទមថ្មថ្វាយដូច្នេះ ព្រោះគេបានបន់អ្នកតាជំទាវម៉ៅ នេះថា សុំសុំឲ្យត្រូវឆ្នោយ លុះបន់រួចគេបានត្រូវឆ្នោតដូចប្រាថ្នាមែន។
អំពីឥទ្ធិពល
អ្នកតាជំទាវ ម៉ៅ នេះ មានឥទ្ធិពលលើអ្នកស្រុកភូមិណាស់ ។ កាលពីរវាងឆ្នាំ ១៨៦៦ រៀងរហូតមកដល់ឆ្នាំ ១៩៤៤ អ្នកតានេះសាហាវណាស់ហើយរឹងត្អឹងខ្លាំងណាស់ផង គឺថាបើមនុស្សទាំងឡាយណាដើរទៅមកតាមផ្លូវទ្វារកំពតនោះ ហើយមិនបានបែរបន់ សុំសេចក្ដីសុខសប្បាយទេ ឬមិនបានថ្វាយនេះថ្វាយនោះទេ ឬប្រព្រឹត្តចោរកម្មផ្សេងៗនោះ នឹងត្រូវអ្នកតានេះតាមធ្វើ ឲ្យឈឺរង្គំរង្គាល បើរកមុខអ្នកធ្វើមិនឃើញ អ្នកនោះឯងនឹងត្រូវបាត់បង់ជីវិតជាមិនខាន ។ ប៉ុន្តែបើដឹងថាខុសនឹងអ្នកតា ហើយបានទៅបែរបន់លន់តួសុំទោស នឹងត្រូវបានជាវិញក៏មាន ហើយបើកំហុសនោះធ្ងន់ពេក មានកាលក៏មិនបានជាវិញក៏មានដែរ ។ ម៉្យាងទៀតបើអ្នកណា មានគំនុំនឹងអ្នកណាម្នាក់ទៀត ដោយមានការទាស់ទែងទែងខ្វែងគំនិតគ្នាពីពេលមុនមក ហើយទៅបែរបន់ថា សុំឲ្យលោកអ្នកតាជំទាវ ម៉ៅ ជួយយកអាសាខ្ញុំផង សូមឲ្យទៅកាច់ឈ្មោះនេះឈ្មោះនោះឲ្យវាស្លាប់ទៅ ព្រោះវាជេរខ្ញុំ–វាយខ្ញុំ ឬលួចរបស់ទ្រព្យខ្ញុំជាដើម បើបានស្រេចការហើយកាលណា ខ្ញុំនឹងថ្វាយនេះថ្វាយនោះមានថ្វាយមាន់ស្ងោរជាដើម តែប៉ុណ្ណោះ អ្នកតានោះក៏ទៅកាច់ ធ្វើឲ្យឈឺរហូតដល់ស្លាប់ក៏មាន ។
ដោយហេតុតែកាចសាហាវយ៉ាងនេះហើយ ទើបបារាំងសែស (ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ ១៩០០ ប្លាយ) បានទៅបាញ់អ្នកតានោះម្ដង ។ តាំងពីពេលនោះមក អ្នកតាក៏នេះថយអានុភាពបន្តិច ។
ប្រមាណជាក្នុងឆ្នាំ ១៩៤០ ជំនាន់ជប៉ុនចូលមកស្រុកយើង ហើយកេណ្ឌប្រជាពលរដ្ឋចំណុះខែត្រកំពត ឲ្យទៅជីកលេណដ្ឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ អ្នកតានេះខឹងមនុស្សទៅជិះជាន់ ទៅបន្ទោរបង់ឧច្ចារដាក់ទីកន្លែងគេ លុះដល់មនុស្សទាំងនោះ ត្រឡប់ទៅផ្ទះរៀងខ្លួនវិញអ្នកតានេះតាមទៅធ្វើឲ្យឈឺ ស្លាប់អស់ជាច្រើននាក់ ។ អ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមក ស្លាប់អស់ជាច្រើននាក់ ។ អ្នកខ្លះបានមកដល់ផ្ទះ ទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេម៉ាយគគោក រហូតទាល់តែបាននាមថា “មេម៉ាយជំនាន់ជប៉ុនកេណ្ឌ” ។ដល់មកសព្វថ្ងៃនេះហើយ ក៏មេម៉ាយទាំងនោះ មានសល់រស់នៅខ្លះ មិនទាន់ស្លាប់អស់នៅឡើយ ។ កាលឃើញជាក់ស្ដែងយ៉ាងនេះឯងហើយដែលជាហេតុធ្វើឲ្យស្រុកទាំងខ្មែរ ចិន យួន ចាម ជ្វា បាក់បបខ្លបខ្លាចឥតឧបមា ។ ម្នាក់ៗប្រសិនបើមានការត្រូវដំណើរទៅចំកន្លែងនោះដោយខានមិនបាន ក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃ សម្រាប់ថ្វាយអ្នកតាជានិច្ច ពុំដែលខានសោះឡើយ ។ អ្នកតាជំទាវ ម៉ៅ នេះគេច្រើនបន់:
១– ឲ្យបានសេចក្ដីសុខសប្បាយ កុំឲ្យមានជំងឺតម្កាត់ ដល់មនុស្សក្នុងស្រុកភូមិ ។ ២–បើមានអ្នកស្រុកភូមិមានបាត់ទ្រព្យរបស់អ្វីផ្សេងៗ គេទៅបញ្ជាន់អ្នកតាឲ្យចូលរូប ហើយសួររកទ្រព្យរបស់ដែលបាត់នោះ ឲ្យអ្នកតាប្រាប់ ។ ការបញ្ជាន់រូបនេះគ្មានលេងភ្លាងអ្វីទេ គឺគ្រាន់តែអុជទៀនធូប ហើយនិយាយអំពាវនាវហៅរកអ្នកតា ។ល។ អ្នកតានោះក៏ចូលមកភ្លាម ហើយនិយាយតគ្នាដូចរូបមេមត់ ។ ៣– បើមានមនុស្សឈឺ គេយករូបទៅបញ្ជាន់នៅឯផ្ទះអ្នកជំងឺ ។ ក្នុងការបញ្ជាន់នេះ មានភ្លេងខ្មែរបុរាណគឺ ទ្រខ្មែរ ប៉ីអ ចាប៉ី ស្គរដី ២ ។ ក្នុងពេលដែលជំទាវ ម៉ៅ ចូលរូបសម្នឹងៗ អាចស្ដោះផ្លុំបណ្ដេញខ្មោចព្រៃដែលបណ្ដាលឲ្យឈឺនោះ និងឲ្យចំណីហៅថា “បំពោបក្បាល” ចំពោះព្រាយអារក្សផ្សេងៗ ដែលមកធ្វើនោះផង ។ ៤– ក្នុងពេលបញ្ជាន់រូបនៅផ្ទះអ្នកជំងឺ ប្រសិនបើលោកជំទាវ ម៉ៅ ប្រកែកថា គេមិនបានធ្វើឲ្យអ្នកនេះឈឺទេនោះ អ្នកផ្ទះអាចសួរទៅលោកជំទាវ ម៉ៅ វិញថា តើខ្មោចណាដែលធ្វើនេះ? តើខ្មោចនោះត្រូវការសំណែនអ្វី? ជំទាវ ម៉ៅ មានទិព្វចក្ខុ អាចមើលទៅដឹងថាខ្មោចនេះ ខ្មោចនោះធ្វើ គេក៏និយាយប្រាប់ទៅជើងព្រះ2ភ្លាម តាមដែលគេដឹង ។ ជើងព្រះក៏និយាយសុំឲ្យលោកជំទាវ ម៉ៅ ជួយអង្វរករ ឬជំនុំជាមួយខ្មោចព្រៃនោះ ឲ្យជួយបានសះស្បើយទៅ លែងធ្វើតទៅ ។ បើជំទាវ ម៉ៅ ឆ្លើយប្រាប់មកថាមិនអីទេ ចាំគេនិយាយឲ្យនោះ អ្នកជំងឺក៏មានសង្ឃឹម តែបើគេប្រកែកថា គេមិនអាចនឹងនិយាយបានទេ នោះអ្នកជំងឺក៏អស់សង្ឃឹម ហើយខំស្វះស្វែងរកគ្រូមើលជាថ្មីទៀតទៅ ។
ឯទ្រនឹបរូបបញ្ជាន់មាន ក្បាលជ្រូក ១ ប្រាក់ ២៥រៀល និងសំពត់ស ១អាវ3 ។ ការដែលគេមើលជំងឺរបៀបនេះ តាមខ្ញុំសង្កេតឃើញៗថា បានសមប្រកបជាច្រើនដែរ ។ ពិធីប្រចាំឆ្នាំ រៀងរាល់ឆ្នាំ តែដល់ខែពិសាខ (ថ្ងៃមិនកំណត់) គេតែងធ្វើពិធីឡើងអ្នកតាជំទាវ ម៉ៅ នេះ ។ ឯរបៀបឡើងអ្នកតានេះគ្មានអ្វីច្រើនទេ ជិតដល់ពេលវេលាហើយ គេគ្រាន់តែទៅបោសច្រាសសំអាតទីកន្លែង និងសម្អិតសម្អាងខ្ទមដូចជាប្រក់ដំបូលជាដើម ។ លុះដល់ថ្ងៃកំណត់ឡើងអ្នកតា គេរកភ្លេងយកទៅលេងថ្វាយ ព្រមទាំងសំណែនមានក្បាលជ្រូក ១ មាន់ស្ងោរ ១ ស្លាធម៌ដូង ១គូ និងបាយសី ៥ថ្នាក់ ១គូ ប៉ុណ្ណោះ ។
តាំងពីអ្នកតានេះកើតមក មានរូបសម្នឹង ៣នាក់ហើយគឺ
១– រូបសម្នឹងឈ្មោះយាយ សៅរ៍ ប្រពន្ធតាកាប៉ូរ៉ាល់ថ្នល់ឈ្មោះ អ៊ុង ។
២– រូបសម្នឹងប្រុសឈ្មោះ តា ស្នងឡុង ត្រូវជាកូនយាយ សៅរ៍ នឹងតា អ៊ុង ។
៣– រូបសម្នឹងប្រុសឈ្មោះ ឡុង ម៉ៅ ត្រូវជាកូនតាស្នង ឡុង ។
រូបសម្នឹងទាំង ៣នេះ មានអាយុ ៥២ឆ្នាំហើយ ។ ពិធីឡើងអ្នកតា ក្នុងសម័យទី១ ទី២ គេនាំគ្នាទៅធ្វើនៅមុខតូបអ្នកតា ឯរូបទី៣ មិនដែលទៅធ្វើដល់ខ្ទមអ្នកតាទេ គេធ្វើនៅផ្ទះរបស់គេ ព្រោះគាត់មានធ្វើត្រួន4នៅផ្ទះគាត់ៗ ហៅអន្ទងអ្នកតាមកតែម្ដង ។ កិច្ចប្រារព្ធពិធីរបៀបណេះ ឃើញមាននៅរៀងរាល់ឆ្នាំពុំដែលហ៊ានខាន ។ ឯសំណែនមានខុសប្លែកពីរូបមុនៗខ្លះគឺ សព្វថ្ងៃនេះ គ្មានក្បាលជ្រូកនិងមាន់ស្ងោរទេ ស្លាធម៌បាយសីនិងភ្លេងភ្លាត់នៅមានដដែល ។
ប្រវត្តិអ្នកតា
ប្រមាណជាក្នុងគ. ស. ១៨១៦ កាលដែលផ្លូវជាតិលេខ ៣ (ភ្នំពេញ –កំពត) មិនទាន់មាននៅឡើយ មានតែផ្លូវរទេះគោ– ក្របីប៉ុណ្ណោះ ហើយត្រង់ទ្វារភ្នំនេះ មានតែព្រៃជ្រៅស្រោងស្រឹងស្ងាត់ជ្រងំ ប្រកបដោយសត្វព្រៃកាចសាហាវជាច្រើនមាន ដំរី ជាដើម ។ ដោយហេតុនោះហើយ ទើបមិនសូវឃើញមានមនុស្សម្នាដើរទៅ–មក ច្រើនគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ ប្រសិនបើជាមានមនុស្សហ៊ានដើរទៅមកម្ដងៗគេតែងបានជួបប្រទះនឹងសត្វព្រៃជានិច្ចពុំដែលខាន ។ បើគាប់ចួនជាជួបប្រទះហើយ សត្វទាំងនោះតែងដេញហាក់ដូចជាចង់បំផ្លាញជីវិតអាសាបង់ ប៉ុន្តែហាក់ដូចជាគ្រាន់តែដេញបន្លាចប៉ុណ្ណោះ ព្រោះមានមនុស្សភាគច្រើនដែលគេតែរួចពីមរណភ័យ ។
ថ្ងៃមួយ ឈ្មោះ តាក្រហមក ប្រពន្ធឈ្មោះយាយម៉ៅ បានធ្វើដំណើរកាត់ព្រៃនោះ (មានគ្នាប៉ុន្មាននាក់មិនប្រាកដ) ។ ក្នុងពេលនោះ ពួកអ្នកដំណើរនេះក៏លាកញ្ចប់បរិភោគ នៅក្បែររទេះ នាព្រៃភ្នំទ្វារ ។ កំពុងបរិភោគ ស្រាប់តែដំរីមួយហ្វូងចេញមកដេញព្រិច ពួកនេះនាំគ្នាចូលព្រៃយកអាយុរៀងៗខ្លួន ។ ចំណែកយាយ ម៉ៅ គាត់រត់ៗ ទៅៗជួបនឹងខ្លាធំមួយដេញទៀត ទោះបីគាត់ខំស្រែកហៅ ឲ្យតាក្រហមកជួយយ៉ាងណាក៏ជាការឥតប្រយោជន៍ដែរ ម៉្លោះហើយយាយ ម៉ៅ ក៏ត្រូវខ្លាខាំស្លាប់ទៅ ។ ចំណែកឯតាក្រហមកវិញ ដោយគាត់ជាមនុស្សប្រុសស្មារតីរឹងជាង ក៏បានរួចផុតពីសេចក្ដីស្លាប់ ។
លុះចំណេរចីរកាលកាលតមក អ្នកស្រុក-ភូមិជិតឆ្ងាយ ដែលត្រូវធ្វើដំណើរទៅមកកាត់កន្លែងនោះ ក៏ខ្លាចរអានឹងភេរវៈហេតុនេះណាស់ ម៉្លោះហើយនៅពេលធ្វើដំណើរម្ដងៗ ម្នាក់តែងតែបន់ស្រន់ សុំឲ្យបានសេចក្ដីសុខសប្បាយ កុំឲ្យជួបប្រទះនឹងសត្វសាហាវអ្វីឡើយ ចាំថ្វាយក្បាលបាយ ឬថ្វាយនេះ ថ្វាយនោះតាមដែលខ្លួនមាន ។ កាលបើបានបន់ដូច្នេះរួចហើយ ការធ្វើដំណើរទៅដល់កន្លែងនោះ តែងបានសុខសប្បាយដូចបំណងមែន ពុំសូវដែលមានជួបប្រទះនឹងសត្វសាហាវណាមួយដូចពីដើមឡើយ ។ កាលបើដូច្នោះហើយ គេរឹតតែងតែថ្វាយបាយ នំ ចំណីផ្សេងៗ ដែលគេមាននោះទៅ ។ មានអ្នកខ្លះគ្រាន់តែខ្លាចភ្លៀងទទឹក ក៏បន់ថា ៖ សុំកុំឲ្យមានភ្លៀងបង្អុរចុះ ចាំខ្ញុំទៅដល់ផ្ទះចាំភ្លៀងចុះ ខ្ញុំសុំថ្វាយឆត្រ តាំងយូ (ស្លឹកឈើ) ។ លុះធ្វើដំណើរពេលនោះទៅ មិនត្រូវភ្លៀងដូចបំណងមែន គេក៏ថ្វាយឆត្រ តាំងយូ5ត្រង់កន្លែងនោះទៅ ។
ការបន់ ហើយថ្វាយវត្ថុដូចបានរៀបរាប់មកនេះ លុះយូរៗទៅតង្វាយក៏កើនច្រើនឡើងៗគ ។ នៅសម័យនោះហើយ ដែលអានុភាពរបស់អ្នកតាកើតមានឡើងជាលំដាប់លំដោយដែរ ។ ដំណាលគ្នានឹងពេលនោះ ផ្លូវភ្នំពេញ–កំពតក៏ធ្វើហើយដែរ តែពុំទាន់ក្រាលថ្មនៅឡើយ ។ តពីនោះមក អ្នកដំណើរទៅមកតាមផ្លូវនេះ ទាល់តែបានបែរបន់ទើបបានសេចក្ដីសុខ បើមិនបានបន់ទេ មុខតែប្រទះនឹងសេចក្ដីទុក្ខ រហូតដល់ស្លាប់ក៏មាន ។ អាស្រ័យហេតុនេះ ទើបអ្នកដំណើរទាំងឡាយប្រយ័ត្នណាស់ ចំពោះរឿងបែរបន់ និងវត្ថុតង្វាយជំនឿកាន់តែមានច្រើនឡើងៗជាលំដាប់ អ្នកតាក៏មានប្រាកដឡើងតាមពាក្យមនុស្សអ្នកបន់នោះដែរ ។
ក្នុងពេលនោះមានតាម្នាក់ឈ្មោះ អ៊ុង ធ្វើជាកាប៉ូរ៉ាលថ្ម ក៏ចាប់ធ្វើខ្ទមឲ្យមានប្រាកដឡើង ហើយនិយាយបួងសួងសុំសុខសប្បាយ និងកុំឲ្យកាចពេក ។ តពីនោះមកទៀត អ្នកតាដែលកើតពីមាត់មនុស្សនេះក៏តាំងបានចិត្តក្រអឺត បញ្ចេញអានុភាពកាចសាហាវឥតត្រាប្រណី អ្នកណាខ្លាចស្ញប់ស្ញែងគ្រប់គ្នាដែរ ។ លុះផ្លូវភ្នំពេញ-កំពត បានក្រាលថ្មរួច តែពុំទាន់បានចាក់កៅស៊ូនៅឡើយ មានរថយន្តរត់តាមផ្លូវនោះមួយៗ (ប្រមាណជាក្នុងរវាងឆ្នាំ ១៨៧៦ មិនប្រាកដ) អ្នកជិះមានខ្មែរ-ចិនយួន ជាដើម ខ្លាចហើយក៏ចេះតែបន់បន់ ព្រមទាំងថ្វាយវត្ថុផ្សេងៗជាច្រើន មានប្រាក់ជាដើម បើអ្នកណាមិនឈប់ប៉ាយថ្វាយទេ មុខតែងខ្នងមិនខាន ។ បណ្ដាតង្វាយទាំងនោះ មិននិយាយទេអំពីវត្ថុផ្សេងៗ និយាយតែពីប្រាក់វិញឃើញមានចំនួនច្រើនណាស់ ។ ថ្ងៃមួយ ជនជាតិចិនជើងខិលម្នាក់ (មិនស្គាល់ឈ្មោះ) ឃើញអ្នកតាមានប្រាក់ច្រើន ក៏យកបៀទៅបបួលជំទាវម៉ៅ លេង (ធ្វើឧបកិច្ច) ចិននេះនិយាយតែម្នាក់ឯង លេងតែម្នាក់ឯង ។ លេងទៅមុនដំបូងអ្នកតាឈ្នះដល់យូរបន្តិចទៅ ចិនគេធ្វើខ្លួនគេឲ្យមានសន្លឹកបៀ៩ គេក៏ឈ្នះអ្នកតា ។ មិនយូរប៉ុន្មានអ្នកតាអស់លុយ ចិនគេយកទៅផ្ទះអស់ ។ ជំទាវ ម៉ៅ ខឹងណាស់តាមទៅកាច់ចិននោះ ស្លាប់ទៅ ។
លុះក្រោយមកមិនដឹងជាយ៉ាងម៉េច ស្រាប់តែអ្នកតាជំទាវ ម៉ៅ មកចូលរូបយាយ សៅរ៍ ប្រពន្ធកាប៉ូរ៉ាលថ្នល់ឈ្មោះ អ៊ុង ដែលគាត់ធ្វើខ្ទមនៅក្បែរកន្លែងអ្នកតានោះ ត្រង់ទីដែលគេហៅថា “ដំណាក់ទូក” ។
លុះជំទាវម៉ៅ ចូលយាយនោះហើយ ក៏និយាយប្រាប់តា អ៊ុង ថា “យើងសព្វថ្ងៃនេះនៅភ្នំទ្វារ តាស្គាល់យើងឬទេ? យើងឈ្មោះជំទាវ ម៉ៅ ។” តា អ៊ុង ឆ្លើយថា “ខ្ញុំស្គាល់ហើយ តើអស់លោកយាងមកមានការអ្វី? ចុះហេតុអ្វីបានជាមនុស្សម្នាឈឺរង្គំរង្គាលសន្ធឹកម្ល៉េះ?”
ជំទាវ ម៉ៅ ឆ្លើយថា “ហ្នឹងហើយជាស្នាដៃយើង ។ ព្រោះអ្នកទាំងអស់នេះ មិនស្គាល់យើងសោះ ព្រហើនដាក់យើងណាស់ ។“
តាអ៊ុងក៏អង្វរថា “ខ្ញុំស្គាល់អស់ហើយ សុំអស់លោកកុំប្រែប្រកាន់ពេក ព្រោះមនុស្សភាគច្រើនមិនទាន់អស់លោកនៅឡើយទេ ដោយមើលអស់លោកមិនឃើញ ឥឡូវបានអស់លោកប្រាប់អីចឹង គេដឹង-ស្គាល់អស់លោកហើយ សុំឲ្យអស់លោកជួយថែរក្សាមនុស្សទាំងអស់ ឲ្យបានសេចក្ដីសុខសប្បាយផង ហើយមនុស្សទាំងអស់ គេនឹងខំថែរក្សាអស់លោកវិញដែរ ។ ” ចាប់តាំងពីពេលនោះមក អ្នកតាជំទាវ ម៉ៅ ក៏ចូលរូបយាយ សៅរ៍រៀងមក ផុតពីយាយ សៅរ៍ ក៏ចូលរូបតា ស្នង ឡុង ជាកូនយាយ សៅរ៍ ។ ផុតពីតាស្នង ឡុង មកចូលរូបឈ្មោះតា ឡុង ម៉ៅ ជាកូនតា ស្នង ឡុង សព្វថ្ងៃនេះ ។
ចំណែកចម្រៀងសម្រាប់អ្នកតានេះ មិនឮចាស់ៗដំណាលទេ។ ចំណែករូបអ្នកតាក៏គាត់ថាមិនដែលមានដែរ ។ លុះដល់មកប្រមាណជាក្នុងឆ្នាំ១៩៤៤ រហូតមកដល់សព្វថ្ងៃនេះ អ្នកតាជំទាវ ម៉ៅ ក៏លែងកាចសាហាវដូចមុនៗទៀតទៅ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)