ខេត្តកំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) អមដំណើរដោយលោកឧត្តមសេនីយ៍ឯក មាស វណ្ណា នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ឧត្តមសេនីយ៍ឯក គង់ មុន្នី មេបញ្ជាការរងកងទ័ពជើងអាកាស ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារដែនអាកាស ព្រមទាំងអស់លោក ជានាយរងសេនាធិការចម្រុះ និងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ (ខ.ភ.ម) បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ រៀបចំកសាងប្រព័ន្ធយុទ្ធ សាស្ត្រការពារជាតិរបស់ (ខ.ភ.ម)មួយចំនួននៅតំបន់ភ្នំ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ០៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។
បន្ទាប់ពីមេបញ្ជាការទ័ពជំនាញរាយការណ៍អំពីស្ថានភាពទីតាំង ភូមិសាស្រ្តនិងលក្ខណៈបច្ចេកទេសដែលត្រូវរៀបចំកសាងប្រព័ន្ធទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់ (ខ.ភ.ម ) រួចមកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់បណ្តាមេបញ្ជាការទ័ពជំនាញទាំងអស់ ពិសេសអាជ្ញាធរដែនដីត្រូវការពារទីតាំងតំបន់ភ្នំនេះឲ្យបានគត់មត់ដើម្បីឲ្យកងឯកភាពកងទ័ពជំនាញ ដំណើរការរៀបចំទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់(ខ.ភ.ម)កុំឲ្យមានការទន្ទ្រាន ឬចាប់យកដីរដ្ឋខុសច្បាប់បង្កការលំបាកដល់អាជ្ញាធរ សមត្ថកិច្ចថែមទៀត ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់មេបញ្ជាការទ័ពជំនាញ ត្រូវមានភារកិច្ចសិក្សាឈ្វេងយល់អំពីភូមិសាស្ត្ររៀបចំប្លង់មេ សាងសង់ទីតាំងយុទ្ធសាស្ត្រនេះ ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ រួមមានប្រព័ន្ធផ្លូវឡើងភ្នំ ប្រព័ន្ធភ្លើង ទឹក និងទីតាំងសម្រាប់ធ្វើរោងដាក់សម្ភារជំនាញ រៀបចំប្រព័ន្ធលេណដ្ឋាន ការពារសុវត្ថិ ភាពជាដើម ៕ដោយ៖សុខដុម