ភ្នំពេញ៖ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»សល់ចែកលុយគ្នា រួចហើយ និងតម្រូវឲ្យមន្រ្តីនគរបាលរើចេញ ដោយទុករយះពេលមួយសប្តាហ៍ដោយគិតចាប់តាំងពីថ្ងៃ ចន្ទទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។ ដោយមានលោកស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ជាអ្នកហៅមន្ត្រីនគរប៉ុស្តិ៍ម្នាក់ៗ បង្ខំទៅទទួលលុយបាន៥០០ទៅ១០០០ដុល្លារ ហើយហាមមិនឲ្យនិយាយទៀតផង ។
យោងតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប៉ុស្តិ៍បានលួចបង្ហើបថា ពួកគាត់ទទួលនូវការគំរាមកហែង មិនឲ្យនិយាយស្តី និងថតរូប បន្ទាប់ពីស្នងការរងរាជធានីភ្នំពេញម្នាក់ បានហៅឲ្យទៅយកប្រាក់នៅទីតាំងស្នាក់ការថ្មី ដែលជាផ្ទះល្វែងមានកំពស់៣ជាន់នៅក្នុងបុរី ប៊ុនជេស្ឋ ដែលស្ថិតនៅភូមិព្រែកលៀប ដោយមិនបានប្រាប់មុនទេ ។
ប្រភពដដែលបន្តថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ ព្រែកលៀប នោះ ត្រូវបានគេដឹងថាក្បាលមានទំហំប្រមាណ២៨ម៉ែត្រ គុណនិងបណ្តោយ៣០ម៉ែត្រ ព្រមទាំងចំណីទន្លេមេគង្គ ជាច្រើនម៉ែត្រទៀត ស្ថិតនៅស្រមតាមមាត់ ទន្លេមេង្គ ដែលជាកន្លែងលំហែកាយសម្រាប់អ្នកមានស្តុកស្តម្ភហើយក៏ជាដីត្រូវប៉ាន់ ដែល ក្រុមហ៊ុន និងអ្នកមានទ្រព្យព្យាយាមរកខ្សែពួររត់ការលេបត្របាក់យកជាយូរមកហើយ តែមិនបានសម្រេច ហើយលើកនេះប្រហែលជាមានខ្នងក្រាស់ៗហើយមើលទៅទើបសម្រចបានដូច្នេះ ។
ប្រភពព័ត៍មានបានឲ្យដឹងទៀតថា មន្រ្តីនគរបាលប៉ុស្តិ៍ និង ប្រជាពលរដ្ឋមួយគ្រួសារ ដែលជាអ្នកស្នាក់នៅកន្លងមក ត្រូវបានគេហៅឲ្យទៅទទួលលុយ ដោយមិនបានប្រាប់ឲ្យដឹងមុនឡើយ គឺហៅទៅភ្លាម នឹងបង្ខំឲ្យទទួលយកភ្លាម ហើយមិនអនុញ្ញាតិឲ្យនិយាយស្តីឡើយ ។ ដោយកុហកថា ទៅពិនិត្យមើលប៉ុស្តិ៍ថ្មី បន្ទាប់ពីទទួលប្រាក់ហើយលោកឧត្តមសេនីយ៍ទោរូបនោះ ក៏បានណែនាំ ឲ្យប្រជាពលរដ្ឋមួយគ្រួសារនោះរកផ្ទះថ្មី និងមន្រ្តីនរបាលប៉ុស្តិ៍ ត្រូវរើអីវ៉ាន់ចេញទៅនៅកន្លែងថ្មី ដោយទុករយះពេល១សប្តាហ៍ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ម្សិលមិញនេះ គេសង្កេតឃើញមន្ត្រីប៉ុស្តិ៍មួយចំនួន ក៏បាននាំគ្នារើអីវ៉ាន់ខ្លះដាក់រថយន្តខ្លះទៀត ដាក់រ៉ឺម៉ក់ម៉ូតូទៅស្នាក់ការថ្មី បណ្តើរៗហើយ តែហាក់មិនសប្បាយចិត្តនោះទេ ព្រោះលក់បានលុយរាប់លាន តែឲ្យពួកគេតែ៥០០ ទៅ១០០០ដុល្លារតែប៉ុណ្ណោះ ។
ពាក់ពន្ធ័នឹងការដោះដូរ ដីមានតម្លៃប្រាក់រាប់លានដុល្លារនេះ ធ្វើឲ្យមន្រ្តីថ្នាក់ក្រោមមានការមិនសប្បាយចិត្តនោះទេ ផ្ទុយទៅវិញ ក៏មានប្រតិកម្មផងដែរ តែមិនហ៊ាននិយាយ ព្រោះបើមិនមានភ្លើងខៀវពីមេៗ ឬថ្នាក់ដឹកនាំក្រសួងនោះទេ ប្រហែលជាមិនអាចទៅរួចឡើយ ។
សូមជម្រាបថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារ តែទិញដីថ្មីធ្វើស្នាក់ការអស់ប្រមាណជាង១០ម៉ឺនដុល្លារ នៅសល់ថ្នាក់លើចែកគ្នា ។ ខណៈមន្រ្តីនគរបាលនៅប៉ុស្តិ៍ បានត្រឹមតែម្នាក់ៗ ៥០០ដុល្លារ ទៅ១ពាន់ដុល្លារ ។
ដោយឡែកយោងតាមលិខិត ស្នើសុំរបស់ក្រុមហ៊ុនយីហោ”ឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច “ កន្លងទៅក៏បានឲ្យដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ព្រែកលៀបនេះ គឺមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ និងតូចចង្អៀត ហើយមានប្រជាពលរដ្ឋមួយគ្រួសារ រស់នៅក្នុងទីតាំងប៉ុស្តិ៍នោះផងដែរ ។ម្យ៉ាងទៀត ក្រុមហ៊ុននាងខ្ញុំមានបំណងចូលរួចបំណែកអភិវឌ្ឍន៍ កែលំអរ សោភណ្ឌភាពទីក្រុង ឲ្យស្រស់បំព្រង់ស្រមតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពស់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ។
នៅក្នុងលិខិត បានបន្តថា ក្នុងការដោះដូរទីតាំងប៉ុស្តិ៍ជាថ្នូរផ្ទះល្វែមួយល្វែងដែលមានទំហំ ៤,១០ម៉ែត្រ គុណ១៦ ម៉ែត្រកំពស់៣ជាន់ (E0 E1 E2) ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងសោះស្រាយ គោលនយោបាយជូនគ្រួសារដែលរស់នៅប៉ុស្តិ៍ព្រែកលៀបចំនួន៤ម៉ឺនដុល្លារ ព្រមទាំងរៀបចំបណ្តាញទឹកភ្លើង និងបំពាក់សម្ភារតុទូកៅអីសម្រាប់ដាក់ឯកសារជូនជាថ្នូរវិញ ។
ជុំវិញនឹងការដោះដូរនេះដែរ ត្រូវបានគេរិះគន់ថា ថ្នាក់លើលក់រដ្ឋហើយចែកគ្នា ក្រោមរូបភាពដោះដូរ(ឆ្នាំងមាសដូរយកឆ្នាំដី ) ។ ហើយនៅក្នុងលិខិតនោះដែរ ក៏មានការរិះគន់ថា អភិវឌ្ឍមែន ពីដីធំទូលាយមកផ្ទះល្វែងសល់លុយចែកគ្នាទៅវិញ ។
ដោយឡែកលោកវរសេនីយ៍ឯក សៀម សុ ត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា បានប្រាប់អង្គភាពនគរដ្រេហ្គនឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែឧសភានេះថា ពិតជាមានការដោះដូរស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបមែន ហើយបើចង់ដឹងច្បាស់អាចមកអធិការដ្ឋានខណ្ឌ ដើម្បីសួរផ្ទាល់ ព្រោះខ្ញុំមិនអាចនិយាយតាមទូរស័ព្ទបាន នឹងមិនដែលស្គាល់លេខនេះផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ បេ សុវណ្ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែន ហិរញ្ញវត្ថុ និងភស្តុភាបានឲ្យដឹងថា ស្នាក់ការប៉ុស្តិ៍ព្រែកលៀបត្រូវបានដោះដូរ ទៅឲ្យក្រុមហ៊ុន មួយហើយក្រុមហ៊ុនបានផ្ទេរទៅឲ្យស្នងការដ្ឋានហិរញ្ញកិច្ច ចំណុះឲ្យអគ្គស្នងការនគរបាលជាតិ ដើម្បីទុកធ្វើជាផែអូប័រ ដោយអនុវត្តតាមស .ជ .ណ របស់ទីស្តីការគណះរដ្ឋមន្រ្តី ។ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចាត់ចែងផ្ទេររួចហើយ ដោយទុករយៈពេល ប្រមាណ១សប្តាហ៍ ដើម្បីឲ្យប្រជាពលរដ្ឋ មួយគ្រួសារនិងមន្រ្តីនគរបាលមូលដ្ឋានរើទៅកន្លែងថ្មី ។ ដោយប៉ុស្តិ៍ថ្មីនោះមានតុ ,ទូរសម្រាប់ដាក់ឯកសារ ,ម៉ាស៊ីនត្រជាក់ ,ទឹកភ្លើង គ្រប់គ្រាន់ទៅតាមស .ជ.ណ។ លោកស្នងការរង បានបញ្ជាក់ទៀតថា បើចង់ដឹងច្បាស់ សូមទាក់ទងទៅស្នងការហិរញ្ញកិច្ច នឹងដឹងរឿងច្បាស់ហើយ ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភា ចំណុះអគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែឧសភានេះ អង្គភាពនគរដ្រេហ្គន មិនអាចការទំនាក់ទំនងបានទេ ដោយពុំមានលេខទូរសព្ទ័ទំនាក់ទំនង ៕ដោយ៖ជ្រោយពេជ្រ