សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី២៩ខែឧសភា បានផ្សាយថា បារាំងនឹងអនុញ្ញាតឲ្យបើកភោជនីយដ្ឋាន ហាងកាហ្វេ បារ និងឆ្នេរសមុទ្រឡើងវិញនៅដើមខែមិថុនាខាងមុខនេះ ដើម្បីបន្ធូរអារម្មណ៍ធុញថប់របស់ពលរដ្ឋដែលបាននៅក្នុងផ្ទះអស់ជាច្រើនខែមកហើយ ។ ការសម្រេចនេះនឹងជួយដល់សេដ្ឋកិច្ចបារាំងដំណើរការឡើងវិញ ផងដែរ។
កាលពីថ្ងៃទី២៨ខែឧសភា នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បានប្រកាសឲ្យដឹងថា ប្រទេសលោកនឹងអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាងកាហ្វេ បារ ព្រមទាំងឆ្នេរ បើកទ្វារឡើងវិញបាន ចាប់ពីថ្ងៃទី០២ ខែមិថុនា ខាងមុខនេះតទៅ ។ លោក Philippe បន្តទៀតថា នៅតាមតំបន់ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 មានកម្រិតទាប ពោលគឺតំបន់ភាគច្រើននៃប្រទេសបារាំងទាំងមូល គឺត្រូវការបើកភោជនីយដ្ឋាន ហាងកាហ្វេ និងបារឡើងវិញ។ ប៉ុន្តែតម្រូវឲ្យនៅតែរក្សាគម្លាតរវាងតុនីមួយៗយ៉ាងហោច១ម៉ែត្រពីគ្នាប៉ុណ្ណោះ។ សម្រាប់នៅតំបន់ «ពណ៌ទឹកក្រូច» ដូចជាតំបន់ Ile de France នៅជុំវិញទីក្រុងប៉ារីសវិញ គឺអនុញ្ញាតឲ្យបើកតែកន្លែងអង្គុយដែលស្ថិតនៅខាងក្រៅប៉ុណ្ណោះ ដោយមិនឲ្យបើកកន្លែងអង្គុយនៅខាងក្នុងឡើយ។
ឆ្នេរសមុទ្រនៅទូទាំងប្រទេសបារាំង ក៏នឹងត្រូវបានបើកទទួលភ្ញៀវវិញ ដែរដោយអនុវត្តគោលការណ៍គម្លាតសុវត្ថិភាពដូចគ្នាដែរ នៅថ្ងៃទី០២ ខែមិថុនា។ បារាំងគឺជាប្រទេសដែលបានទទួលរងគ្រោះយ៉ាងខ្លាំងដោយសារការរាតត្បាត នៃជំងឺ COVID-19។ មកទល់ឥឡូវនេះបារាំងរកឃើញអ្នកឆ្លង COVID-19 សរុប១៨៦,២៣៨នាក់ ក្នុងនោះស្លាប់២៨,៦៦២នាក់ និងជាសះស្បើយវិញមាន ចំនួន៦៧,១៩១នាក់៕
ដោយ៖ ធី រីណា