កាលពុទ្ធសករាជកន្លងទៅបាន ៦១០ ឬ ៦២០ កាលនោះ កោះគោកធ្លក មានផែនដីដុះឡើងធំទូលាយហើយ មានស្ដេចចាមមកតាំងទីកន្លែងជាដំបូងនៅលើកោះនោះ ។ យូរបន្តិចមក មានស្ដេចមួយអង្គទៀត ឈ្មោះព្រះថោង នៅក្នុងប្រទេស “មន” ដោយមានអធិករណ៍ ក៏យាងមកដោយសំពៅមួយ ដែលមានពួកបម្រើជាង ១០០ នាក់ មកជាមួយ ចូលមកសុំស្ដេចចាមនៅជ្រកនឹងកោះនោះឯង ។ ស្ដេចព្រះថោងនេះ កាលជាតិមុន យកកំណើតជាសត្វត្រកួត នៅក្នុងរន្ធដើមធ្លកដែលដុះកណ្ដាលកោះនោះ ។ បានជាសន្មតហៅថា “កោះគោកធ្លក” សមដូចមានអតីតនិទានថា ៖
សម័យនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់គង់នៅឯព្រះវិហារព្រះជេតពន ទ្រង់បានយាងមកប្រថាប់ក្រោមម្លប់ធ្លកម្ដង ដើម្បីធ្វើភត្តកិច្ច (ឆាន់ចង្ហាន់បិណ្ឌបាត) នៅទីនោះ ។ សត្វត្រកួត ឃើញព្រះពុទ្ធអង្គ ហេតុជាបុព្វនិស្ស័យបណ្ដាលឲ្យមានចិត្តជ្រះថ្លា ក៏ចេញមកឱនក្បាលគំនាប់ព្រះអង្គ ៣ ដង ។ ព្រះពុទ្ធអង្គ ចាប់យកបាយមួយពំនួតបោះទៅឲ្យ, សត្វត្រកួតទទួលបរិភោគឆ្អែតស្កប់ស្កល់ ហើយក៏លៀនអណ្ដាត លិទ្ធមាត់ភ្លែមៗ ចុងអណ្ដាតសត្វនោះព្រែកជាពីរជាពីរ ។ ឃើញដូច្នោះ ព្រះអង្គទ្រង់ញញឹម ។ ព្រះអានន្ទក្រាបទូលសួរភ្លាមពីទ្រង់ញញឹម ។ ព្រះអង្គទ្រង់សម្ដែងអនុបុព្វីកថា ទំនាយទឹកដីកោះនេះប្រាប់អានន្ទថា “ម្នាលអានន្ទអើយ ! អំណឹះតទៅមុខ កោះគោកធ្លកនេះ នឹងកើតទៅជានគរមួយធំមានឥទ្ធិឫទ្ធិព្រម, ឯសត្វត្រកួតក្នុងរន្ធធ្លក ដែលចេញមកឱនក្បាលនមស្ការតថាគតនេះឯងហើយ នឹងបានកើតទៅជាមនុស្ស ហើយមកសោយរាជ្យនៅនគរនេះជាដើមផែនដី, ឯមនុស្សក្នុងនគរនេះ និយាយមិនសូវសត្យាទេ ព្រោះម្ចាស់ផែនដី ជាតិជាសត្វមានចុងអណ្ដាតព្រែកជាពីរ” ទំនាយតែប៉ុណ្ណេះទ្រង់ក៏ស្ងៀមទៅ ។
លុះសត្វត្រកួតអស់ជីវិត ក៏ទៅកើតក្នុងត្រកូលស្ដេច “មន” គឺតួស្ដេចព្រះថោង ដែលមកសុំស្ដេចចាមនៅនេះឯង ។ លុះនៅយូរបន្តិចទៅ កើតទាស់ទែងនឹងស្ដេចចាមពីរឿងលោភទឹកដី ចេះតែឈ្លោះប្រកែកគ្នាគ្មានឈប់ ទៅជាលែងរាប់អានគ្នា ។ ស្ដេចព្រះថោង ហេតុតែឧបនិស្ស័យត្រូវបានធ្វើជាម្ចាស់កោះ និងដោយបាននមស្ការព្រះអង្គផង ក៏មានតម្រិះប្រាជ្ញាវាងវៃ, វេលាយប់ស្ងាត់ នាំមន្ត្រីចាស់ម្នាក់ ដែលជាទំនុកទុកចិត្ត យកដុំមាសប៉ុនផ្លែខ្វិតទៅកប់ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ហើយតាក់តែងជាសាវតារ សរសេរជាក់តាំងពីជីតាទួតរបស់លោកថា “បានមកចាប់កាប់គាស់រានទឹកដីកោះនេះ តាំងពីដុះឡើង បានទាំងកប់ដុំមាសប៉ុនផ្លែខ្វិតក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ទុកជាព័ស្តុតាង, ដីកោះព្រះកេរ្តិ៍នេះ ត្រូវបានជាចំណែក ចែកឲ្យស្ដេចព្រះថោងជាចៅ” ហើយយកសាវតារទៅរោលផ្សែងភ្លើងឲ្យក្រហមជាំ ល្មមគេមើលឃើញថាជារបស់ចាស់ចុះមកមែន ។
តែងសេចក្ដីដូច្នេះស្រេច ទើបព្រះថោង ប្រើសេនាទាហានឲ្យទៅបណ្ដេញស្ដេចចាម ។ ស្ដេចចាម មិនព្រមដើរចេញ ប្រុងលើកទ័ពច្បាំងគ្នា ដោយអះអាងថា ជាកេរ្តិ៍ដំណែលរៀងៗ ខ្លួន ។ ព្រះថោង តវ៉ាថា “យើងអាងមានព័ស្តុតាងជាកេរ្តិ៍ដំណែលរបស់យើង បានជាហ៊ានបណ្ដេញអ្នកឯង” ។ ស្ដេចចាមថា “អ្នកមានព័ស្តុតាងយ៉ាងណា ?” ។ ព្រះថោងថា “យើងអាងសាវតារពីជីតាយើងចែកដីកោះនេះឲ្យ លោកបានទាំងកប់ដុំមាសប៉ុនផ្លែខ្វិត ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ជាព័ស្តុតាងទុកឲ្យយើង ៗ មិនទាន់ទាំងបានទៅគាស់មាសនោះផង, បើមិនជឿត្រូវតាំងភ្នាល់គ្នាយកឈ្នះចាញ់ ត្រង់បន្ទាល់នេះចុះ” ។ ស្ដេចចាម ជាមនុស្សឆោត ព្រមចុះសន្យានឹងព្រះថោង ទទួលឈ្នះចាញ់ត្រង់មានព័ស្តុតាងក្នុងសាវតារពីរខៈ គឺ ១- ត្រង់ថាជីតាចែកឲ្យ, ២- មានកប់ដុំមាសនៅគល់ធ្លក, ថាបើពិតជាមាន សុខចិត្តដើរចេញពីទីនេះ ទើបទ្រង់កំហែងទាសាវតារពីព្រះថោងមើល ។ ព្រះថោងយកសាវតារមកឲ្យមើល រួចសង្ខើញឲ្យជីកដីក្រោមគល់ធ្លករកដុំមាសទៀត ។ លុះឃើញពិតទាំងពីរខ ស្ដេចចាម ទាល់ប្រាជ្ញា តែក្រាញមិនព្រមដើរចេញ ក៏រករឿងនឹងលើកទ័ពមកប្រឆាំង ។ ព្រះថោង ដឹងរឿងដូច្នោះ ក៏លើកទ័ពទៅសង្គ្រុបមុន មិនឲ្យដឹងខ្លួន ចាប់បានទាំងស្ដេចចាម និងសេនាទាហាន ។ ស្ដេចចាម អង្វរសុំជីវិត សុខចិត្តថ្វាយទឹកដី និងសេនាទាហាន ។ ព្រះថោង ក៏លែងទោស ហើយដេញឲ្យទៅនៅភ្នំក្រោម ។ ស្ដេចចាម ឈឺចិត្តចុកឈាមស្លាប់ទៅ ។ ពួកបណ្ដារាស្ត្រចាមប្រុសស្រីប៉ុន្មាន ព្រះថោង ក៏រឹបដាក់បន្ថោកសាសន៍ដាក់ជាជាតិ កួយ ព័រ អស់ទៅ ។
ក្រោយនោះ ព្រះថោងមានសេចក្ដីអផ្សុក បបួលសេនាទាហានទៅលេងផ្នូកខ្សាច់ដុះថ្មី ដែលមានដីមួយខណ្ឌ ទឹកមួយខណ្ឌ, ត្រូវនឹងពេលនោះទឹកនាចផង ក៏ជិះសេះទៅមើលគ្រប់កន្លែងដីដុះ លុះកំពុងតែក្រសាលសប្ប
រោងទៅស្ថានភុជង្គនាគ ក្រាបទូលបិតាមាតា តាមដំណើររឿងសព្វគ្រប់ ។
ស្ដេចភុជង្គនាគយល់ព្រមតាមបុត្រី ទ្រង់ឲ្យរៀបពលសកលយោធា និងគ្រឿងបណ្ណាការ ហែកូនស្រីឡើងមកឋានមនុស្សលោក, ទ្រង់បង្គាប់សេនានាគរាជ ដែលមានឫទ្ធិទាំងប៉ុន្មាន ឲ្យជប់បង្អុះទឹកឲ្យគោកជាផែនដីធំទូលាយឡើង ហើយឲ្យនិម្មិតជាវាំងប្រាសាទ បានគ្រប់គ្រាន់ កុំឲ្យខ្វះចន្លោះអ្វី ។
ស្ដេចព្រះថោង ក៏ចូលទៅថ្វាយបង្គំបិតាមាតាក្មេក ។ ស្ដេចនាគ ទ្រង់បង្គាប់ឲ្យព្រះសុណិសារៀបខ្លួន ព្រមទាំងសេនា នឹងរៀបមង្គលការផ្សំផ្គុំអភិសេកឲ្យសោយរាជសម្បត្តិ ។ លុះរួចស្រេចមង្គលការនៅទីនោះហើយ នឹងត្រូវយាងស្ដេចទៅអភិសេកឯឋានភុជង្គនាគម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្រស្គាល់ផង នឹងថ្វាយនាមនគរ តាមបុត្រទាំងពីរ ជាថ្មីផង ។
ព្រះថោង ឮដូច្នោះ ទ្រង់ព្រួយព្រះទ័យជាអនេក ដោយយល់ថា “ព្រះអង្គជាមនុស្ស នឹងជ្រែកដីទៅតាមបង្គាប់បិតាក្មេកដូចម្ដេចបាន ? មុខជាខ្មាសគេក្នុងគ្រានេះហើយ”, ព្រះអង្គទ្រង់វិតក្កឡើងព្រះភក្ត្រក្រហមជាំខ្មៅ ។
ព្រះនាងនាគអគ្គមហេសីឃើញដូច្នោះ ក៏ទូលសួរភ្លាមថា “ហេតុអ្វី បានជាព្រះអង្គពុំសប្បាយព្រះទ័យ ហើយមិនសោយព្រះស្ងោយដូច្នេះ ? ឬក៏ព្រះអង្គអាក់អន់ព្រះទ័យនឹងខ្ញុំម្ចាស់ពីរឿងអ្វីឬ ? ឬមួយ ព្រះអង្គអាក់អន់ព្រះទ័យនឹងមន្ត្រីមនុស្ស – មន្ត្រីនាគធ្វើឲ្យខុសឆ្គង ? សូមព្រះអង្គស្វាមីមានព្រះបន្ទូលឲ្យខ្ញុំម្ចាស់ដឹងផង” ។ ព្រះថោង ដោយមានសេចក្ដីស្នេហានឹងមហេសីថ្មីថ្មោងស្មើជីវិត នឹងលាក់ពុំបាន, បើតាមសេចក្ដីខ្មាសមិនចង់ប្រាប់ទេ តែខំស្ដីកាត់ទាំងក្ដីអៀនខ្មាសថា “ហៃអូនជីវិតបង ! បងគ្មានអាក់អន់នឹងអូន ឬមន្ត្រីណាទេ ! បងព្រួយ ព្រោះព្រះវរបិតាឲ្យបងទៅរៀបអភិសេកឯឋានភុជង្គនាគទៀត អូនដឹងទេ ! ខ្លួនបងជាមនុស្ស ធ្វើម្ដេចនឹងទៅតាមអូនបាន ? ដោយហេតុដូច្នេះហើយ ទើបបានជាបងព្រួយ” ។ នាងក្រាបទូលថា “ការត្រង់នេះ ស្រេចនៅលើខ្ញុំម្ចាស់ កុំព្រះអង្គព្រួយ ! សុំព្រះអង្គស្ដេចសោយព្រះស្ងោយឲ្យស្កប់ស្កល់ទៅ ! ចាំដល់ពេលដែលហែចេញទៅ សូមព្រះអង្គចាប់ជាយស្បៃខ្ញុំម្ចាស់ឲ្យជាប់កុំលែង គង់នឹងទៅរួចដូចគេហើយ ឯពួកនាម៉ឺនមុខមន្ត្រី និងសេនាទាហាន ដែលហែទៅទាំងប៉ុន្មាន ត្រូវឲ្យតោងតែជាយព្រះពស្ត្រព្រះរៀមឲ្យជាប់ ក៏អាចទៅបានដល់ឋានភុជង្គនាគដូចគ្នា គ្មានបញ្ហាអ្វីឡើយ ។
ព្រះថោង ក៏មានសេចក្ដីត្រេកអរឡើងវិញ ហើយទ្រង់ប្រាប់មន្ត្រីទាំងអស់ តាមបង្គាប់អគ្គមហេសី ។ លុះដល់វេលានឹងហែទៅ ព្រះថោង ក៏តោងជាយស្បៃនាងទាវដ្ដី, ពួកនាម៉ឺនមន្ត្រី ក៏តោងព្រះពស្ត្រស្ដេចតៗគ្នា គ្រប់ទាំងប្រុសទាំងស្រី ទៅរហូតដល់ឋានភុជង្គនាគ ។
ព្រះបាទភុជង្គនាគ រៀបអភិសេកកូននៅឋានភុជង្គនាគរួច ទ្រង់ក៏ថ្វាយនាមជាថ្មីទាំងអស់ ។ ព្រះថោង ជាព្រះបាទអាទិច្ចវង្សា, នាងទាវដ្ដី ជានាងទាវធីតា, កោះគោកធ្លក ជាក្រុងកម្ពុជាធិបតី ដែលឋិតនៅក្នុងការទំនុកបម្រុងនៃនគរភុជង្គនាគ ។ ព្រះបាទភុជង្គនាគ ទ្រង់ចាត់នាគសេនាមានឫទ្ធិ ២ រូប ឲ្យមកគាល់បម្រើ និងការពារជានិច្ច បង្ការក្រែងបើមានភ័យសឹកសង្គ្រាមមកសង្កត់សង្កិន នឹងបានដឹងដំណឹងឆាប់ អាចឲ្យលើកពលសកលយោធាមកជួយការពារទាន់ ។
ត្រង់នេះហើយ ដែលគេតែងតែធ្វើតមកដល់សព្វថ្ងៃ គឺកាលណាក្រោកឡើងពីអង្គុយផ្ទឹមសំពះការ គេឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលទៅក្នុងបន្ទប់ ដោយយកតម្រាប់តាមព្រះបាទអាទិច្ចវង្សា ដែលតោងស្បៃនាងនាគជាអគ្គមហេសីទៅឋានភុជង្គនាគនោះឯង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)