ត្រាំ ប្រកាស​លើក​ពេល​កិច្ចប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេស G7 ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនានេះ

ចែករំលែក៖

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលើកពេលកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង (G7 )ដែលគ្រោងធ្វើនៅខែមិថុនាទៅកាន់កញ្ញាអំឡុងជំនួបមហាសន្និបាតអង្គការប្រជាជាតិ កាលបរិច្ឆេទក្រោយៗទៀត ពីដំបូង កិច្ចប្រជុំនៅខែក្រោយនេះ គ្រោងធ្វើតាមប្រព័ន្ធអនឡាញ តែក្រោយមក លោក ត្រាំ ក៏ចង់រៀបចំជំនួបទល់មុខវិញនៅសេតវិមាផ្ទាល់ បើទោះជាជំងឺCOVID-19 កំពុងរាលដាលខ្លាំងនៅអាមេរិកក្ដី

ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ចង់ហៅប្រទេសឧស្សាហកម្មជឿនលឿនមួយចំនួនទៀតឲ្យចូលរួមក្នុងនេះនៅថ្ងៃខាងមុខផងដែរ ដោយអះអាងថា ទម្រង់របស់ G7 បច្ចុប្បន្ននេះ បានហួសសម័យហើយ

ប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One ក្នុងដំណើរពីរដ្ឋផ្លរីដាទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ និយាយថា កិច្ចប្រជុំ G7 ដែលមានសមាជិកជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេលើលោក គឺមានហួសសម័យហើយសម្រាប់ទម្រង់សព្វថ្ងៃ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ និយាយថា «​ខ្ញុំលើកកិច្ចប្រជុំ ព្រោះខ្ញុំមិនមានអារម្មណ៍ថា G7 តំណាងឲ្យអ្វីដែលកំពុងកើតឡើងឡើយ​»

បច្ចុប្បន្ន សមាជិក G7 មានអាមេរិក បារាំង ជប៉ុន អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងកាណាដា ប៉ុន្តែប្រធានាធិបតីអាមេរិកអះអាងថា លោកចង់អញ្ជើញប្រទេសមួយចំនួនទៀតឲ្យចូលរួមក្នុងជំនួបនេះដូចជាអូស្ត្រាលី ឥណ្ឌា និងកូរ៉េខាងត្បូងជាដើម កន្លងទៅ លោក ត្រាំ ក៏មានចេតនាចង់ហៅរុស្ស៊ីឲ្យចូលប្រជុំ G7 ខណៈរុស្ស៊ីជាសមាជិកចាស់មួយ ដែលត្រូវបានបណ្ដេញចេញក្រោយការភ្ជាប់តំបន់គ្រីមេពីអ៊ុយក្រែ លោកត្រាំ ចាត់ទុករុស្ស៊ីជាតួអង្គមិនអាចខ្វះសម្រាប់កិច្ចការពិភពលោក

យ៉ាងណាមិញ លោក ត្រាំ មិននិយាយឲ្យបានច្បាស់ថា លោកគ្រាន់តែចង់អញ្ជើញប្រទេសទាំងនោះឲ្យចូលរួមដើម្បីដោះស្រាយបញ្ហាប្រឈមសព្វថ្ងៃមានជំងឺ COVID-19 ជាដើម ឬក៏ជាការពង្រីកសមាជិកភាព G7 ឲ្យកាន់តែច្រើន អ្នកស្រី Alyssa Farah អ្នកនាំពាក្យសេតវិមានម្នាក់ អះអាងថា ជំនួបនៅពេលខាងមុខ នឹងមានសម្ព័ន្ធមិត្តអាមេរិកចូលរួម ដោយផ្ដោតសំខាន់លើប្រធានបទចិនតែម្ដង

សូមជម្រាបថា កន្លងទៅ លោក ត្រាំ បានរិះគន់ចិនមិនសំចៃមាត់ឡើយទាក់ទងការគ្រប់គ្រងជំងឺ COVID-19 នៅដំណាក់កាលដំបូងរហូតបណ្ដាលឲ្យជំងឺនេះរាតត្បាតពេញពិភពលោក ជាមួយនឹងការប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួន អាមេរិកទំនងចង់រកជំហររួមគ្នាដើម្បីតទល់នឹងចិន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print