អាមេរិក៖ មិនដល់១សប្ដាហ៍ផង (៦ថ្ងៃ) មូលនិធិនេះទទួលបានប្រាក់បរិច្ចាគសរុបរហូតដល់ ១០,១១៣,២០០ ដុល្លារអាមេរិក ពីម្ចាស់ជំនួយចំនួន ៣៩០,១០០នាក់ ជួយបរិច្ចាគបុណ្យសពជនជាតិស្បែកខ្មៅ សពលោក George Floyd ។
សូមបញ្ជាក់ថា៖ ពលរដ្ឋអាមេរិក មានការអាណិតអាសូរជាពន់ពេកចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ក្រោមថ្វីដៃប៉ូលិសស្បែកស ដែលបម្រើការនៅទីក្រុង Minneapolis រដ្ឋ Minnesota។ ក្នុងនោះការប្រកាន់ពូជសាសន៍នេះរាលដាលតវ៉ាដល់ប្រទេសអង់គ្លេស ហើយនៅថ្ងៃនេះ ប្រទេសបារាំងក៏មានការផ្ទុះឡើងក្នុងរឿងប្រកាន់ពូជសាសន៍ ខណៈលោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជូនទាហានជាង១៦០០នាក់ទៅកាន់ ទីក្រុងវ៉ាសុីនតោន។
ក្នុងករណីស្លាប់ជនជាតិស្បែកខ្មៅខាងលើ គេសង្កេតឃើញមានសប្បុរសជនជាច្រើន បានចែករំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារលោក George Floyd តាមរយៈការចូលរួមក្នុងមូលនិធិ «GoFundMe» ។
មូលនិធិនេះ បានបង្កើតឡើងដោយ លោក Philonise Floyd ដែលត្រូវជាបងប្រុសរបស់លោក George Floyd។ ហើយមិនដល់១សប្ដាហ៍ផង (៦ថ្ងៃ) មូលនិធិនេះទទួលបានប្រាក់បរិច្ចាគសរុបរហូតដល់ ១០,១១៣,២០០ ដុល្លារអាមេរិក ពីម្ចាស់ជំនួយចំនួន ៣៩០,១០០នាក់។
ទន្ទឹមនឹងនេះដែរ គេហទំព័រ GoFundMe ក៏បានបង្ហាញពីមូលនិធិស្របច្បាប់មួយផ្សេងទៀតសម្រាប់លោក George Floyd ដែលបានបង្កើតឡើងដោយអ្នកស្រី Bridgett ដែលត្រូវជាបងស្រីរបស់លោក។ មូលនិធិនេះក៏ទទួលប្រាក់បរិច្ចាគសរុបជិត៣០មុឺនដុល្លារអាមេរិកផងដែរ។
គួរជម្រាបថា ថិវិកាទាំងនេះនឹងត្រូវចំណាយលើពិធីបុណ្យសព ហើយប្រាក់ដែលនៅសេសសល់នឹងរក្សាទុកសម្រាប់ការធ្វើដំណើរទៅតុលាការ និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារលោក George Floyd ក៏ដូចជាទុកសម្រាប់ចំណាយលើការសិក្សារបស់កូនៗលោកចំនួនពីរនាក់ផងដែរ។
ប៉ូលីសស្បែកស ដែលប្រើជង្គង់សង្កត់ ក ជនរងគ្រោះដល់ស្លាប់ ហើយបង្កការបាតុកម្មទ្រង់ទ្រាយធំនៅអាមេរិក ឈានដល់ភរិយាប៉ូលីសរូបនេះក៏ សម្រេចលែងលះគាត់ បន្ទាប់ពីឃើញទង្វើរបស់ប្តីឃោឃៅពេក។ ទោះជាចាប់ដៃគ្នាជាគ្រួសារជាង១០ឆ្នាំក៏ដោយ ក៏នាងសម្រេចចិត្តបែក និងសូមអោយសមត្ថកិច្ចជួយការពារពីសុវត្ថិភាពគាត់ និងកូនៗ ក្រែងមានការផ្ទុះកំហឹងណាមួយពី ក្រុមអ្នកតវ៉ា កំពុងបន្តរាលដាលនេះ៕
ដោយ៖ សិលា