អតីត​ប្រធានាធិបតី អូ​បា​ម៉ា ទទូច​ឲ្យ​បណ្ដា​អភិបាលរដ្ឋ​អាមេរិក​ទាំងអស់​ពិនិត្យឡើងវិញ​ ក្នុងការប្រើ​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​ជាមួយ​ប្រជាជន

ចែករំលែក៖

អន្តរជាតិ៖ អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី ខែមិថុនា បានលើកសរសើរភាពក្លាហានរបស់ក្រុមយុវជនបាតុករ ធ្វើបាតុកម្មពីសំណាក់ប្រជាជនអាមេរិកទាមទារយុត្តធម៌ផ្នែកពណ៌សម្បុរ មិនតែប៉ុណ្ណោះលោកអូបាម៉ា ក៏បានទទូចឲ្យបណ្ដាអភិបាលរដ្ឋអាមេរិកទាំងអស់ពិនិត្យឡើងវិញគោលនយោបាយប្រើកម្លាំងសមត្ថកិច្ចដោះស្រាយជាមួយប្រជាជន ហើយគួរតាំងចិត្តរៀបចំផែនការធ្វើកំណែទម្រង់

អតីតប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ដោយចាត់ទុកជារឿង​«​អស្ចារ្យមួយ​»ហើយការតវ៉ាជុំវិញករណីស្លាប់បុរសស្បែកខ្មៅក្រោមដៃប៉ូលិសកាលពីសប្តាហ៍មុននេះ អាចបង្កទៅជាការធ្វើកំណែទម្រង់ថ្នាក់ជាតិ

តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយលើកដំបូងចាប់ពីករណីស្លាប់បុរសស្បែកខ្មៅ George Floyd កាលពីថ្ងៃទី២៥ ខែឧសភា ក្នុងរដ្ឋ Minneapolis ដែលបង្កជាចលនាបាតុកម្មជុំវិញប្រទេស លោក បារ៉ាក់ អូបាម៉ា អះអាងថា លោកភ្ញាក់ផ្អើលចំពោះភាពសកម្មរបស់ក្រុមបាតុករជាយុវជនលោកសង្កត់ធ្ងន់ថា«​កម្លាំងចិត្តពួកគេ អាចប្រើជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរធំធេងជាងនេះ​»​ក្នុងវីដេអូរយៈពេល១៥នាទី ប្រធានាធិបតីអាមេរិកទី៤៤រូបនេះ បានលើកឡើងពីចលនាទាមទារសិទ្ធិស៊ីវិលអំឡុងឆ្នាំ១៩៦០ដែលដឹកនាំដោយលោក Martin Luther King ដោយកត់សម្គាល់ថា កាលនោះលោក Martin ក៏ស្ថិតជាយុវជនផងដែរ

លោក អូបាម៉ា បានបន្តនិយាយទៅកាន់ស្ត្រីនិងបុរសស្បែកខ្មៅវ័យក្មេងក្នុងសហរដ្ឋអាមេរិក ដែលជារឿយៗពើបប្រទះមើលឃើញអំពើហិង្សាព្រៃផ្សៃ ត្រង់ចំណុចនេះ លោក បញ្ជាក់ថា អំពើហិង្សាខ្លះកើតចេញពីក្រុមមនុស្សដែលមានកាតព្វកិច្ចបម្រើ និងការពារពួកគេ ហើយលោកចង់ប្រាប់ថា «​អ្នកសំខាន់ ជីវិតអ្នកសំខាន់ ក្តីសុបិនអ្នកសំខាន់​»​

នៅថ្ងៃដដែលនេះ អតីតរដ្ឋមន្ត្រីការពារអាមេរិក លោក Jim Mattis បានរិះគន់ធ្ងន់ៗលើប្រធានាធិបតី ដូណាល់ ត្រាំ ដោយចោទប្រកាន់លោកថាព្យាយាមបំបែកបំបាក់សហរដ្ឋអាមេរិក លោក Mattis ដែលលាលែងពីតំណែងក្នុងចុងឆ្នាំ២០១៨ក្រោយលោកត្រាំបញ្ជាដកទ័ពពីស៊ីរី  ក៏បានបង្ហាញសំឡេងគាំទ្រក្រុមអ្នកតវ៉ាប្រឆាំងការរើសអើងពណ៌សម្បុរ

ក្នុងអត្ថបទផ្សាយលើសារព័ត៌មានអនឡាញ The Atlantic លោក Mattis សរសេរថា«​លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីដំបូងហើយក្នុងឆាកជីវិតខ្ញុំ ដែលមិនព្យាយាមបង្រួមបង្រួមប្រជាជនអាមេរិក  ហើយមិនសូម្បីតែធ្វើពុតជាព្យាយាមថែមទៀតផង​»​ អតីតឧត្ដមសេនីយ៍រូបនេះ បន្តថា«​ជំនួសមកវិញ លោក ត្រាំ បានព្យាយាមបំបែកបំបាក់យើង​»​

ប្រតិកម្មនឹងការរិះគន់ពីសំណាក់កូនចៅចាស់បែបនេះ លោក ដូណាល់ ត្រាំ នៅថ្ងៃទី ខែមិថុនា បានសរសេរលើ Twitter ថា«​ប្រហែលរឿងតែមួយគត់ ដែលបារ៉ាក់ អូបាម៉ា និងខ្ញុំធ្លាប់ធ្វើដូចគ្នា គឺថា យើងមានកិត្តិយសបណ្ដេញ Jim Mattis ចេញពីតំណែង​»​ លោក ត្រាំ ឌឺដងលោក Mattis ទៀតថា«​ខ្ញុំបានស្នើឲ្យលោកសរសេរលិខិតលាលែងតំណែង ហើយ​(​ខ្ញុំ​)​មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដំបូងរហស្សនាមលោក គឺ ចលាចល តែដោយខ្ញុំមិនចូលចិត្ត ហើយប្ដូរទៅជា ឆ្កែឆ្គួ វិញ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print