ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា៖ ឆ្នាំនេះអាចផ្អាកការតម្លើងថ្នាក់មន្ត្រីរយៈពេលមួយឆ្នាំខណៈកូវីដ១៩ នៅតែបន្តអូស បន្លាយ ។
លោក ព្រំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងរំលឹកទៀតថា៖ ឆ្នាំនេះការជ្រើសរើសក្របខណ្ឌថ្មីអាចផ្អាកដោយសារ កូវីដ១៩ ហើយក៏ពិចារណាថាអាចនឹងផ្អាកការតម្លើងថ្នាក់មន្រ្តីផងដែរដើម្បីសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ដល់ដំណើរការសង្គមទាំងមូល ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈនៅសាលាភូមិន្ទរដ្ឋបាល ។
លោករដ្ឋមន្ត្រី ព្រំ សុខាថ្លែងថា៖ប្រាក់តម្លើងថ្នាក់ ប្រចាំឆ្នាំនេះទោះបីមិនបានច្រើនប៉ុន្មាន ប៉ុន្តែជាការសន្សំសំចៃព្រោះស្ថាប័នមុខងារ សាធារណៈដែលគ្រប់គ្រងទៅលើក្របខណ្ឌនិងបៀវត្សក៏ត្រូវតែមានការទទួលខុសត្រូវផងដែរ។
ការលើកឡើងរបស់ លោក រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ពិតជាមានការគាំទ្រពី មន្ត្រីរដ្ឋបាលមុខងារសាធារណៈ ខណៈទាំងពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈម ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនោះយើងឃើញថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំស្ថាប័នជាតិ ជាច្រើនបាន បរិច្ចាគថវិកា តាមរយៈប្រាក់បៀវត្សន៍ជួយឧបត្ថម្ភដល់ក្រសួងសុខាភិបាល នៃគណៈកម្មការជាតិ ទប់ស្កាត់ការរាតត្បាតជំងីកូវីដ១៩ នោះទៀតផង៕
ដោយ៖ សិលា