អតីតភរិយា លោកត្រាំ គឺលោកស្រី Marla Maples និងកូនស្រី Tiffany Trump បានបង្ហោះសារ នៅលើបណ្តាញសង្គមInstagram ដោយមានខ្លឹមសារគាំទ្រក្រុមបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍។
នាងTiffany Trump អាយុ២៦ឆ្នាំ ជាកូនស្រីរបស់ប្រធានាថិបតីត្រាំ បានបង្ហោះសារ លើបណ្តាញសង្គម ដោយមានខ្លឹមសារគាំទ្រការរើសអើងជាតិសាសន៍។ នៅក្នុងសារបង្ហោះរបស់នាងTiffany Trump បាននិយាយថា«ម្នាក់ឯងយើងមិនអាចធ្វើបានច្រើនឡើយ តែបើរួមគ្នា យើងនឹងធ្វើបានយ៉ាងច្រើន។
សកម្មភាពខាងលើ របស់នាងTiffany Trump ផ្ទុយទាំងស្រុងពីគោលនយោបាយរបស់ឳពុកដែលមានបំណងប្រើប្រាស់កម្លាំងយោធា បំបែកហ្វូងបាតុករ។ មតិជាច្រើន នៅលើបណ្តាញសង្គមបានលើកឡើងថា នាងTiffany Trump គួតែនិយាយជាមួយឳពុកពីការរើសអើងជាតិសាសន៍ ខ្លះទៀតក៏មិនគាំទ្រ ដោយចាត់ទុកថាជាឆាកល្ខោនតែប៉ុណ្ណោះ។
មនុស្សមួយចំនួនក៏បាន សរសើរដល់ នាង Tiffany Trump ដែលមានភាពក្លាហានហានបង្ហោះសារគាំទ្រ ដល់បាតុករ។ ក្រៅពីនេះអតីតភរិយា របស់លោកត្រាំ គឺ លោកស្រីMarla Maples អាយុ៥៦ឆ្នាំ ក៏បានបង្ហោះសារ ដែលមានខ្លឹមសារសាមគ្គី សន្តិភាព និងការយោគយល់។
នាងTiffany Trump ជាកូនស្រី របស់ប្រធានាធិបតី ត្រាំ និងភរិយាទីពីរ គឺលោកស្រីMarla Maples ។ កូនស្រីរូបនេះរស់នៅជាមួយម្តាយភាគច្រើន ជាងជាមួយឳពុក។ ក្នុងពេលវិស្សមកាល នាងទៅសម្រាកនៅតំបន់រម្មណីយដ្ឋានរបស់ឳពុក។ ទាំងនោះហើយទើបនាងមិនសូវមានទំនាក់ជិតស្និទ្ធ ដូចបងប្អូនផ្សេងទៀតនៅក្នុងផ្ទះនោះឡើយ៕ដោយ៖ធីរីណា