រូបភាពចាប់បានតាមរយៈផ្កាយរណបបង្ហាញឲ្យឃើញថា ក្រុមរដ្ឋអិស្លាម IS បានបំផ្លិចបំផ្លាញវត្តអារ៉ាមរបស់គ្រឹស្ទបរិស័ទមួយកន្លែងដែលមានវ័យចំណាស់បំផុតស្ថិតនៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់នោះហើយ ។
ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ថា វត្តអារ៉ាមរបស់គ្រឹស្ទបរិស័ទឈ្មោះ St Elijah ដែលស្ថិតនៅជិតជើងភ្នំមួយភាគខាងជើងទីក្រុង មូស៊ូល (Mosul) មានវ័យចំណាស់តាំងពីឆ្នាំ១៤០០មកនោះ នៅពេលនេះទទួលរងការបំផ្លិចបំផ្លាញដោយសារកណ្តាប់ដៃរបស់ក្រុមរដ្ឋអិស្លាម IS ។
ក្រុមអ្នកវិភាគបានលើកឡើងថា រូបភាពរបស់ទីភ្នាក់ងារព័ត៌មាន AP ស្តីអំពីវត្តអារ៉ាមរងការបំផ្លិចបំផ្លាញនោះ មិនមែនជារូបភាពស្តែងពីការបំផ្លិចបំផ្លាញនៅពេលបច្ចុប្បន្ននេះឡើយ ប៉ុន្តែជាទិដ្ឋភាពនៃការបំផ្លិចបំផ្លាញកាលពីចុងឆ្នាំ២០១៤មកម្ល៉េះ គឺក្រោយពីក្រុមរដ្ឋអិស្លាមដណ្តើមបានទឹកដីគ្រប់គ្រងនៅទីនោះ ។
បព្វជិតកាតូលិកមួយអង្គមកពីទីក្រុងមូស៊ូល បានព្រមានថា ប្រវត្តិសាស្ត្រទាំងឡាយរបស់គ្រឹស្ទបរិស័ទបាននិងកំពុងទទួលរងការបំផ្លិចបំផ្លាញឲ្យវិនាសហិនហោចយ៉ាងឃោរឃៅរកទីបំផុតគ្មាន ។ ព្រះសង្ឃនាម Paul Thabit Habib ដែលបានបច្ចុប្បន្នបាននិងកំពុងរស់នៅក្នុងរដ្ឋបាលគ្រប់គ្រងដោយជនជាតិឃើដ តំបន់ Irbil នោះបានបញ្ជាក់ថា «យើងបានមើលឃើញថា វាហាក់ដូចជាប៉ុនប៉ងបណ្តេញយើងចេញពីទឹកដីអ៊ីរ៉ាក់ លុបបំបាត់វត្ថុតាងគ្រប់យ៉ាងរបស់យើងនៅលើទឹកដីអ៊ីរ៉ាក់» ។
ក្រុមរដ្ឋអិស្លាមបានគោលដៅទៅលើក្រុមអ្នកកាន់សាសនាគ្រឹស្ទនៅក្នុងទឹកដីអ៊ីរ៉ាក់ និងនៅតំបន់ជិតខាងប្រទេសស៊ីរី ។ ក្រុមនេះបានរឹបអូសយកវត្ថុមានតម្លៃពីវត្តអារ៉ាមរបស់គ្រឹស្ទបរិស័ទ បង្ខិតបង្ខំពយកគេឲ្យចុះចូលជាមួយក្រុមអិស្លាម ការបង់ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ បើពុំដូច្នោះទេ គឺការនិរទ្ទេសចេញពីទឹកដីតែម្តង ។
ក្រុមរដ្ឋអិស្លាមបានបំផ្លិចបំផ្លាញវត្តអារ៉ាម និងព្រះវិហាររបស់គ្រឹស្ទបរិស័ទអស់មួយចំនួនរួចហើយនាពេលកន្លងមក ក្នុងនោះមានដូចជាវត្ត Nimrud ដ៏ល្បីល្បាញ, ប្រសាទ Hatra និងប្រាសាទ Nineveh ស្ថិតនៅក្នុងទឹកដីអ៊ីរ៉ាក់ ព្រមទាំងប្រាសាទ Palmyra នៅក្នុងទឹកដីស៊ីរីផងដែរ ។
វត្ត St Elijah ឬហៅថា វត្ត Deir Mar Elia នោះត្រូវគេដឹងថា បានកសាងឡើងដោយព្រះសង្ឃសញ្ជាតិស៊ីរី ក្នុងសតវត្សរ៍ទី៦ ។ នៅពេលក្រោយមកទៀត វត្តអារ៉ាមនេះត្រូវកសាងបង្ហើយដោយព្រះសង្ឃកាតូលិកមកពីប្រទេសឆាដ ។
ក្នុងឆ្នាំ១៧៤៣ ព្រះសង្ឃទាំងឡាយនៅក្នុងវត្តនេះត្រូវកងកម្លាំងប្រទេស Persian បានដាក់ឱសានវាទដើម្បីប្រែក្លាយខ្លួនចូលជាមួយក្រុមអិស្លាម ។ នៅពេលនោះ ព្រះសង្ឃទាំង១៥០បានបដិសេធន៍ធ្វើតាមការបង្ខិតបង្ខំរបស់កងកម្លាំងប្រដាប់អាវុធទាំងនោះ ហើយនៅទីបំផុតត្រូវគេសម្លាប់រង្គាលតែម្តង ។
បព្វជិតព្រះនាម Fr Thabit បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាន AP ថា វត្តអារ៉ាមខាងលើនេះ បានក្លាយជាទីតាំងសក្ការបូជាសម្រាប់គ្រឹស្ទបរិស័ទទាំងឡាយ ។ ពួកគេធ្វើដំណើរកម្សាន្តទៅកាន់ទីនោះ ក៏ដូចជាការប្រារព្ធពិធីផ្សេងៗ ហើយជាមួយគ្នានោះ ក៏ជាទីអារ៉ាមសម្រាប់សុំខមាលទោសចំពោះព្រះខេណាស្របដែលបានស្ថាបនាកសាងទីអារ៉ាមនេះដែរ ។
ប្រភពបន្តថា វត្តអារ៉ាមនេះបានទាក់ទាញមនុស្សម្នាជាច្រើនមកពីទីក្រុងមូស៊ុល ទាំងគ្រឹស្ទបរិស័ទ និងទាំងជនមូស្លីម ។ អ្នកតែងកំណាព្យ អ្នកប្រវត្តិសាស្ត្រ និងអ្នកដំណើរផ្សេងៗ សុទ្ធតែបានកត់ត្រាចំពោះវត្តអារ៉ាមមួយនេះ ។ វាបានក្លាយជាទីតាំងព្រះវិហារដែលមានសារសំខាន់ក្នុងប្រវត្តិសាស្ត្រនៅលើទឹកដីអ៊ីរ៉ាក់ ។
ក្នុងឆ្នាំ១៩៧០ វត្តអារ៉ាមនេះបានក្លាយជាបន្ទាយកងទ័ពសាធារណរដ្ឋអ៊ីរ៉ាក់ ហើយនៅក្នុងឆ្នាំ២០០៣ ជញ្ជាំងមួយផ្នែកបានរងការបែកបាក់ដោយសារតែគ្រាប់កាំភ្លើង T-72 និងមីស៊ីល អំឡុងពេលដែលកងទ័ពអាមេរិកធ្វើសកម្មភាពលុកលុយនៅក្នុងប្រទេសអ៊ីរ៉ាក់នោះ ។
កងទ័ពអាមេរិកក៏ធ្លាប់បានប្រើប្រាស់វត្តអារ៉ាមខាងលើនេះធ្វើជាបន្ទាយយោធារបស់ខ្លួនផងដែរ នៅមុនពេលមានការទទូចពីព្រះសង្ឃនៅក្នុងវត្តថា ជាទីតាំងសក្ការបូជាដ៏មានសារសំខាន់ ហើយមេបញ្ជាការកងទ័ពអាមេរិក ក៏បានបញ្ជាឲ្យកូនចៅចាក់ចេញពីវត្តអារ៉ាមផងដែរនោះ ។
លោក Stephen Wood អ្នកវិភាគល្បីឈ្មោះមួយរូបបានប្រាប់ប្រភព AP ថា រូបភាពចាប់បានពីផ្កាយរណបដែលផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែមករានោះ ទំនងជារូបភាពវត្តអារ៉ាមដែលត្រូវបំផ្លិចបំផ្លាញឡើងនៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៤ គឺក្រោយរយៈពេលប្រមាណពី២ខែទៅ៣ខែ បន្ទាប់ពីក្រុមរដ្ឋអិស្លាមដណ្តើមបានគ្រប់គ្រងទីក្រុងមូស៊ូល ហើយបានបញ្ជាឲ្យគ្រឹស្ទបរិស័ទទាំងអស់ដែលមិនទាន់ចាក់ចេញនោះត្រូវតែរត់ភៀសខ្លួននោះ ។
លោក Stephen Wood បានបញ្ជាក់ថា តាមរូបភាពមើលឃើញច្បាស់ថា ទីវត្តអារ៉ាមទាំងមូលទទួលរងការបំផ្លិចបំផ្លាញទាំងស្រុងហើយ ។ ជញ្ជាំងធ្វើអំពីថ្មត្រូវបាក់រលំដោយសារតែប៉ះជាមួយវត្ថុរឹង រួចបាក់ស្រុតទៅលើដី ព្រមទាំងមានការបំផ្ទុះផងដែរ ។
កម្លាំងសន្តិសុខម្នាក់ស្ថិតនៅក្នុងខេត្ត Nineveh បានប្រាប់ប្រភពប៊ីប៊ីស៊ីដាច់ដោយឡែកកាលពីថ្ងៃទី២០ ខែមករា ថា ក្រុមរដ្ឋអិស្លាមបានដុតវត្តអារ៉ាមខាងលើនេះឆេះទាំងស្រុងអស់ហើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត