ក្រុម​រដ្ឋ​អិ​ស្លា​ម​បំផ្លិចបំផ្លាញ​វត្ត​គ្រឹ​ស្ទ​សាសនា​វ័យ​ចំណាស់​បំផុត​នៅ​អ៊ី​រ៉ា​ក់

ចែករំលែក៖

​រូបភាព​ចាប់​បាន​តាម​រយៈ​ផ្កាយ​រណប​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​បំផ្លិចបំផ្លាញ​វត្ត​អា​រ៉ា​ម​របស់​គ្រឹ​ស្ទ​បរិស័ទ​មួយ​កន្លែង​ដែល​មាន​វ័យ​ចំណាស់​បំផុត​ស្ថិត​នៅ​ក្នុង​ទឹកដី​ប្រទេស​អ៊ី​រ៉ា​ក់​នោះ​ហើយ​ ។​

4

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ថា​ វត្ត​អា​រ៉ា​ម​របស់​គ្រឹ​ស្ទ​បរិស័ទ​ឈ្មោះ​ St​ Elijah​ ដែល​ស្ថិត​នៅ​ជិត​ជើងភ្នំ​មួយ​ភាគ​ខាងជើង​ទីក្រុង​ មូ​ស៊ូ​ល​ (Mosul)​ មាន​វ័យ​ចំណាស់​តាំងពី​ឆ្នាំ​១៤០០​មក​នោះ​ នៅ​ពេល​នេះ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​កណ្តាប់ដៃ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ រូបភាព​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP​ ស្តី​អំពី​វត្ត​អា​រ៉ា​មរ​ង​ការ​បំផ្លិចបំផ្លាញ​នោះ​ មិនមែន​ជា​រូបភាព​ស្តែង​ពី​ការ​បំផ្លិចបំផ្លាញ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​ ប៉ុន្តែ​ជា​ទិដ្ឋភាព​នៃ​ការ​បំផ្លិចបំផ្លាញ​កាលពី​ចុងឆ្នាំ​២០១៤​មក​ម្ល៉េះ​ គឺ​ក្រោយ​ពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដណ្តើម​បាន​ទឹកដី​គ្រប់គ្រង​នៅ​ទីនោះ​ ។​

​បព្វជិត​កាតូលិក​មួយ​អង្គ​មក​ពី​ទីក្រុង​មូ​ស៊ូ​ល​ បាន​ព្រមាន​ថា​ ប្រវត្តិសាស្ត្រ​ទាំងឡាយ​របស់​គ្រឹ​ស្ទ​បរិស័ទ​បាន​និង​កំពុង​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ឲ្យ​វិនាស​ហិនហោច​យ៉ាង​ឃោរឃៅ​រក​ទីបំផុត​គ្មាន​ ។​ ព្រះសង្ឃ​នាម​ Paul​ Thabit​ Habib​ ដែល​បាន​បច្ចុប្បន្ន​បាន​និង​កំពុង​រស់នៅ​ក្នុង​រដ្ឋបាល​គ្រប់គ្រង​ដោយ​ជនជាតិ​ឃើ​ដ​ តំបន់​ Irbil​ នោះ​បាន​បញ្ជាក់​ថា​ «​យើង​បាន​មើលឃើញ​ថា​ វា​ហាក់ដូចជា​ប៉ុនប៉ង​បណ្តេញ​យើង​ចេញពី​ទឹកដី​អ៊ី​រ៉ា​ក់​ លុប​បំបាត់​វត្ថុ​តាង​គ្រប់យ៉ាង​របស់​យើង​នៅ​លើ​ទឹកដី​អ៊ី​រ៉ា​ក់​»​ ។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​គោលដៅ​ទៅ​លើ​ក្រុម​អ្នក​កាន់សាសនា​គ្រឹ​ស្ទ​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​ និង​នៅ​តំបន់​ជិតខាង​ប្រទេស​ស៊ី​រី​ ។​ ក្រុម​នេះ​បាន​រឹបអូស​យក​វត្ថុ​មាន​តម្លៃ​ពី​វត្ត​អា​រ៉ា​ម​របស់​គ្រឹ​ស្ទ​បរិស័ទ​ បង្ខិតបង្ខំ​ពយ​ក​គេ​ឲ្យ​ចុះចូល​ជាមួយ​ក្រុម​អិ​ស្លា​ម​ ការ​បង់​ព័ន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ បើ​ពុំ​ដូច្នោះ​ទេ​ គឺ​ការ​និរទ្ទេស​ចេញពី​ទឹកដី​តែ​ម្តង​ ។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​បំផ្លិចបំផ្លាញ​វត្ត​អា​រ៉ា​ម​ និង​ព្រះ​វិហារ​របស់​គ្រឹ​ស្ទ​បរិស័ទ​អស់​មួយ​ចំនួន​រួច​ហើយ​នា​ពេល​កន្លង​មក​ ក្នុង​នោះ​មាន​ដូច​ជា​វត្ត​ Nimrud​ ដ៏​ល្បីល្បាញ​,​ ប្រសាទ​ Hatra​ និង​ប្រាសាទ​ Nineveh​ ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​ ព្រមទាំង​ប្រាសាទ​ Palmyra​ នៅ​ក្នុង​ទឹកដី​ស៊ី​រី​ផង​ដែរ​ ។​

​វត្ត​ St​ Elijah​ ឬ​ហៅ​ថា​ វត្ត​ Deir​ Mar​ Elia​ នោះ​ត្រូវ​គេ​ដឹង​ថា​ បាន​កសាង​ឡើង​ដោយ​ព្រះសង្ឃ​សញ្ជាតិ​ស៊ី​រី​ ក្នុង​សតវត្សរ៍​ទី​៦​ ។​ នៅ​ពេល​ក្រោយមក​ទៀត​ វត្ត​អា​រ៉ា​ម​នេះ​ត្រូវ​កសាង​បង្ហើយ​ដោយ​ព្រះសង្ឃ​កាតូលិក​មក​ពី​ប្រទេស​ឆា​ដ​ ។​

​ក្នុង​ឆ្នាំ​១៧៤៣​ ព្រះសង្ឃ​ទាំងឡាយ​នៅ​ក្នុង​វត្ត​នេះ​ត្រូវ​កងកម្លាំង​ប្រទេស​ Persian​ បាន​ដាក់​ឱសានវាទ​ដើម្បី​ប្រែក្លាយ​ខ្លួន​ចូល​ជាមួយ​ក្រុម​អិ​ស្លា​ម​ ។​ នៅ​ពេល​នោះ​ ព្រះសង្ឃ​ទាំង​១៥០​បាន​បដិសេធន៍​ធ្វើ​តាម​ការ​បង្ខិតបង្ខំ​របស់​កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ​ ហើយ​នៅ​ទីបំផុត​ត្រូវ​គេ​សម្លាប់​រង្គាល​តែ​ម្តង​ ។​

​បព្វជិត​ព្រះ​នាម​ Fr​ Thabit​ បាន​បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​ AP​ ថា​ វត្ត​អា​រ៉ា​ម​ខាងលើ​នេះ​ បាន​ក្លាយជា​ទីតាំង​សក្ការបូជា​សម្រាប់​គ្រឹ​ស្ទ​បរិស័ទ​ទាំងឡាយ​ ។​ ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីនោះ​ ក៏​ដូច​ជា​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ​ ហើយ​ជាមួយ​គ្នា​នោះ​ ក៏​ជាទី​អា​រ៉ា​ម​សម្រាប់​សុំ​ខ​មា​ល​ទោស​ចំពោះ​ព្រះ​ខេ​ណា​ស្រប​ដែល​បាន​ស្ថាបនា​កសាង​ទី​អា​រ៉ា​ម​នេះ​ដែរ​ ។​

​ប្រភព​បន្ត​ថា​ វត្ត​អា​រ៉ា​ម​នេះ​បាន​ទាក់ទាញ​មនុស្ស​ម្នា​ជា​ច្រើន​មក​ពី​ទីក្រុង​មូ​ស៊ុ​ល​ ទាំង​គ្រឹ​ស្ទ​បរិស័ទ​ និង​ទាំង​ជន​មូ​ស្លី​ម​ ។​ អ្នក​តែង​កំណាព្យ​ អ្នកប្រវត្តិសាស្ត្រ​ និង​អ្នកដំណើរ​ផ្សេងៗ​ សុទ្ធតែ​បាន​កត់ត្រា​ចំពោះ​វត្ត​អា​រ៉ា​ម​មួយ​នេះ​ ។​ វា​បាន​ក្លាយជា​ទីតាំង​ព្រះ​វិហារ​ដែល​មាន​សារសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​លើ​ទឹកដី​អ៊ី​រ៉ា​ក់​ ។​

​ក្នុង​ឆ្នាំ​១៩៧០​ វត្ត​អា​រ៉ា​ម​នេះ​បាន​ក្លាយជា​បន្ទាយ​កងទ័ព​សាធារណរដ្ឋ​អ៊ី​រ៉ា​ក់​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៣​ ជញ្ជាំង​មួយ​ផ្នែក​បាន​រង​ការ​បែកបាក់​ដោយសារ​តែ​គ្រាប់កាំភ្លើង​ T-72​ និង​មី​ស៊ី​ល​ អំឡុង​ពេល​ដែល​កងទ័ព​អា​មេ​រិ​ក​ធ្វើ​សកម្មភាព​លុកលុយ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​នោះ​ ។​

​កងទ័ព​អា​មេ​រិ​ក​ក៏​ធ្លាប់​បាន​ប្រើប្រាស់​វត្ត​អា​រ៉ា​ម​ខាងលើ​នេះ​ធ្វើ​ជា​បន្ទាយ​យោធា​របស់​ខ្លួន​ផង​ដែរ​ នៅ​មុន​ពេល​មានការ​ទទូច​ពី​ព្រះសង្ឃ​នៅ​ក្នុង​វត្តថា​ ជាទី​តាំង​សក្ការបូជា​ដ៏​មាន​សារសំខាន់​ ហើយ​មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ ក៏​បាន​បញ្ជា​ឲ្យ​កូនចៅ​ចាក់​ចេញពី​វត្ត​អា​រ៉ា​ម​ផង​ដែរ​នោះ​ ។​

​លោក​ Stephen​ Wood​ អ្នកវិភាគ​ល្បីឈ្មោះ​មួយ​រូប​បាន​ប្រាប់​ប្រភព​ AP​ ថា​ រូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​នោះ​ ទំនងជា​រូបភាព​វត្ត​អា​រ៉ា​ម​ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ឡើង​នៅ​ក្នុង​ខែសីហា​ និង​ខែកញ្ញា​ ឆ្នាំ​២០១៤​ គឺ​ក្រោយ​រយៈពេល​ប្រមាណ​ពី​២​ខែ​ទៅ​៣​ខែ​ បន្ទាប់​ពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដណ្តើម​បាន​គ្រប់គ្រង​ទីក្រុង​មូ​ស៊ូ​ល​ ហើយ​បាន​បញ្ជា​ឲ្យ​គ្រឹ​ស្ទ​បរិស័ទ​ទាំងអស់​ដែល​មិន​ទាន់​ចាក់ចេញ​នោះ​ត្រូវ​តែ​រត់​ភៀសខ្លួន​នោះ​ ។​

​លោក​ Stephen​ Wood​ បាន​បញ្ជាក់​ថា​ តាម​រូបភាព​មើលឃើញ​ច្បាស់​ថា​ ទី​វត្ត​អា​រ៉ា​ម​ទាំងមូល​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ទាំងស្រុង​ហើយ​ ។​ ជញ្ជាំង​ធ្វើ​អំពី​ថ្ម​ត្រូវ​បាក់​រលំ​ដោយសារ​តែ​ប៉ះ​ជាមួយ​វត្ថុ​រឹង​ រួច​បាក់​ស្រុត​ទៅ​លើ​ដី​ ព្រមទាំង​មានការ​បំផ្ទុះ​ផង​ដែរ​ ។​

​កម្លាំង​សន្តិសុខ​ម្នាក់​ស្ថិត​នៅ​ក្នុង​ខេត្ត​ Nineveh​ បាន​ប្រាប់​ប្រភព​ប៊ី​ប៊ី​ស៊ីដាច់​ដោយឡែក​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ដុត​វត្ត​អា​រ៉ា​ម​ខាងលើ​នេះ​ឆេះ​ទាំងស្រុង​អស់ហើយ​ ៕​

1

2

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print