ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ “J Trust Royal Bank” ចង់ចូលរួមចំណែកជាដៃគូផ្ដល់ជម្រើសទូទាត់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារ J Trust Royal Bank ដឹកនាំដោយលោកស្រី ហង់ ជូន ណារីតា នាយិកា នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហការរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ជម្រើសទូទាត់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញសេវាសាធារណៈឲ្យបានឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថា៖ ការបង់កម្រៃសេវាសាធារណៈ ទាំងអស់មកក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារហិរញ្ញវត្ថុ និង ធនាគារជាដៃគូរ ដែលរួមមាន៖ ស្មាតលុយ លីហួរ តារាផេ ធនាគារអេស៊ីលីដា ធនាគារកម្ពុ និងធនាគារ វីង ដែលអាចបង្កភាពងាយស្រួល និងចំណេញពេលវេលាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការទូទាត់ថ្លៃសេវាសាធារណៈទាំងនោះ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បើកចំហក្នុងការសហការជាមួយស្ថាប័នហិរញ្ញវត្ថុនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់ជម្រើសឱ្យកាន់តែច្រើនថែមទៀតជូនប្រជាពលរដ្ឋ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈ ចំណេញពេលវេលា និងដើម្បីកាត់បន្ថយការចំណាយក្រៅផ្លូវការនានាផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យប្រតិភូធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សិក្សាអំពីនីតិវិធី និងបច្ចេកទេសជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការតភ្ជាប់រវាងប្រព័ន្ធទាំងពីរ៕
ដោយ៖ សិលា