លោករដ្ឋមន្ត្រី លឹម គានហោ ជូនផ្លូវក្រាលកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ រួមមានឃុំភ្នំបាត ជ្រៃលាស់ និងឃុំឈ្វាំង។
ពិធីនេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសំដែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ ។
ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ផងដែរ​ លោក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ផ្ញើ​ជូន​ពួក​គាត់​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ ដោយរួម​គ្នា​ទប់​ស្កាត់​នូវ​ជម្ងឺ​កូវីត​-១៩​ តាម​ការ​ណែ​នាំ​របស់​រាជរដ្ឋាភិបាល​ ។
ការងារស្ថាបនាផ្លូវក្រាលកៅស៊ូនេះ បានអនុវត្តកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ និងបានរួចរាល់ជាស្ថាពរ និងប្រកាស​ដាក់ឲ្យដំណើរការនៅពេលនេះ ។ បន្ទាប់មក លោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់ តាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៦០ % ហើយ ។ សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន​ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print