ភ្នំពេញ៖ យុវជន២នាក់ត្រូវបាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនក្រោយពីយុវជនទាំង២នាក់នេះប្រើពូថៅនិងញញួរវាយនិងកាប់លើជន រងគ្រោះឱ្យរបួសធ្ងន់។ សមត្ថកិច្ចបានឱ្យ ដឹងថាករណីទី១កើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៦ នៅចំណុចមុខបុរីជីប ម៉ុង ផ្លូវលេខ១៩២៨ ភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ករណីនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ប៊ុន និត ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅក្នុងបុរីជីបម៉ុង ។ ចំណែកជនរង គ្រោះមានឈ្មោះ សេង សន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅក្នុងបុរីជីបម៉ុងជាមួយ ជនសង្ស័យបានរងរបួសក្បាល ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅខ្ចីមែម៉ូរីទូរស័ព្ទពីជនសង្ស័យយកទៅប្រើកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៦ ។ រហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ (ថ្ងៃកើតហេតុ) ជនសង្ស័យបានទៅទារយកមែម៉ូរីពីជន រងគ្រោះមកវិញតែជនរងគ្រោះថាចាំថ្ងៃស្អែកសិនទៅ ។ ពេលនោះក៏មានទំនាស់ ពាក្យសម្ដីគ្នាធ្វើឱ្យជនសង្ស័យខឹងបានទាញញញួរវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ហើយប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុឃើញដូច្នេះក៏នាំគ្នាឃាត់ខ្លួនជនដៃដល់យកមកប្រគល់ឱ្យសមត្ថ កិច្ចតែម្ដង ។
ដោយឡែកករណីឃាត់ខ្លួនជនសង្ស័យទី២បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៦ នៅចំណុចផ្លូវលំ ក្នុងភូមិភ្នំពេញ ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ករណីនេះសមត្ថកិច្ចឃាត់ខ្លួនបានជន សង្ស័យម្នាក់ទៀតឈ្មោះ សាត់ ខេង ភេទ ប្រុស អាយុ៥១ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ អូន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិភ្នំពេញ ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុន ពេលកើតហេតុជនសង្ស័យបានអង្គុយ ផឹកស្រាជាមួយកម្មករដទែទៀតចំនួន៤នាក់ ហើយពេលកំពុងផឹកស៊ីក៏កើតមាន ទំនាស់ពាក្យសម្ដីគ្នា ។ ក្រោយមកជនរង គ្រោះបានដើរទៅបត់ជើងតូចក្បែររោងកម្មករ ពេលនោះជនសង្ស័យខឹងក៏បាន ដើរចូលទៅក្នុងរោងកម្មករយកពូថៅមក កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរង របួសធ្ងន់ ។ បន្ទាប់មកក្រុមគ្រួសារជន រងគ្រោះនិងប្រជាពលរដ្ឋដែលនៅក្បែ នោះបាននាំគ្នាឃាត់ខ្លួនជនសង្ស័យយក មកឱ្យសមត្ថកិច្ចតែម្ដង ។ ដោយឡែក ជនរងគ្រោះទាំងនោះត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាង លើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខដើម្បីចាត់ការតាម នីតិវិធីបន្ដ ៕
ដោយ៖ តុង សីហា