អន្តរជាតិ៖ បន្ទាប់ពីគេមើលឃើញថា បាតុកម្មប្រឆាំងនឹងការរើសអើងពូជសាសន៍ បណ្តាលមកពីការស្លាប់របស់បុរស George Floyd មិនមានលក្ខណៈហិង្សានៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែមិថុនា បានបញ្ជាឲ្យឆ្មាំជាតិដែលកំពុងប្រចាំការទប់ទល់ស្ថានការណ៍បាតុកម្ម និងកុបកម្ម ដកខ្លួនបណ្តើរៗពីរដ្ឋធានីវ៉ាស៊ីនតោន។
ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យកងឆ្មាំការពារជាតិត្រឡប់ចូលបន្ទាយវិញនោះ ខណៈស្ថានការណ៍បាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនធូរស្រាល ។ ប៉ុន្តែលោក ត្រាំ ព្រមានថា ពួកគេនឹងមកវិញភ្លាម ក្នុងករណីចាំបាច់។
គួរបញ្ជាក់ថា ទាក់ទងព័ត៌មានលម្អិតនៃការដកទ័ពនេះ លោក Ryan McCarthy មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា កងឆ្មាំការពារជាតិមកពីរដ្ឋចំនួន១១ ដែលត្រូវបញ្ជូនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវដកវិញក្នុងរយៈពេល២ ទៅ ៣ថ្ងៃខាងមុខ។ លោក McCarthy បានធានាទៀតថា ស្ថានការណ៍បច្ចុប្បន្ន ក៏មិនត្រូវការកងទ័ពដែលទើបតែទៅដល់បន្ទាយក្នុងរដ្ឋ Virginia និងMaryland ដែលហ៊ុមព័ទ្ធវ៉ាស៊ីនតោនដែរ។
កាលពីសប្តាហ៍មុន ចំនួនកងឆ្មាំការពារជាតិដែលដាក់ប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោន មានចំនួន ៥ពាន់នាក់ ប៉ុន្តែមានត្រឹមតែ១ភាគ៣ប៉ុណ្ណោះ ដែលត្រូវដាក់ឲ្យត្រួតពិនិត្យនៅតាមដងផ្លូវ។ បន្ទាប់ពីឆ្មាំត្រូវបានដកចេញប៉ូលិស និងភ្នាក់ងារសហព័ន្ធ នឹងជួយកងឆ្មាំការពារប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ក្នុងករណីចាំបាច់។
នៅពេលដែលបាតុកម្មឈានទៅដល់កុបកម្ម ដែលរួមមានការលួចហាងទំនិញ និងការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីសប្តាហ៍មុន លោក ត្រាំធ្លាប់លើកឡើងពីការដាក់ឲ្យកងទ័ពចេញប្រតិបត្តិការវិញម្តង ដើម្បីបង្ក្រាបសកម្មភាពចលាចលនៅទូទាំងប្រទេស។ ប៉ុន្តែក្រោយពេលសកម្មភាពចលាចល បានថមថយកម្លាំង លោកប្រធានាធិបតី ត្រាំ ក៏ដកថយពីជំហរនេះ។ លោក ត្រាំ រងការរិះគន់ខ្លាំងពីសំណាក់អតីតឧត្តមសេនីយ៍អាមេរិកដោយសារការចង់ប្រើកម្លាំងយោធានេះ ។
សូមជម្រាបថា នៅត្រឹមថ្ងៃទី២ ខែមិថុនា កងឆ្មាំជាតិចំនួន១៧,០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងរដ្ឋចំនួន២៣ ដើម្បីជួយអាជ្ញាធរតាមមូលដ្ឋានក្នុងការបង្ក្រាបសកម្មភាពចលាចលដែលកើតចេញពីការតវ៉ាក្រោយការស្លាប់របស់លោក ចច ហ្វ្លយ នៅចុងខែឧសភាដោយសារប៉ូលិសអាមេរិក៕ដោយ៖ស តារា