ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុកឡំប្រឺតាមួយគ្រឿងដែលចតនៅស្ងៀមពីខាងក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយជនបង្កហេតុបានព្យាយាមបើករថយន្តគេចពីការទទួលខុសត្រូវ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ រសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញឡំប្រឺតាមួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HH-4007ចតនៅកៀនផ្លូវដើម្បីរង់ចាំភ្ញៀវដូចធម្មតា ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AH-5082 បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកចំពីខាងក្រោយឡំប្រឺតាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើករថយន្តបង្កហេតុបានព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន និងយកមកដល់ចំណុចទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងឱ្យសម្របសម្រួលគ្នាជាមួយជនរងគ្រោះហើយបើមិនត្រូវរ៉ូវគ្នាទេ សមត្ថកិច្ចជំនាញនឹងយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមច្បាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកមកវាស់វែងនិងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ដោយនិនសុភ័ស្ដ