អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Sun នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារជនរងគ្រោះបុរសជនជាតិស្បែកខ្មៅ លោកចន ហ្វ្លយដ៍ និងសកម្មជនសិទ្ធិមនុស្ស បានអំពាវនាវឲ្យស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) បើកការស៊ើបអង្កេតលើករណីហិង្សា និងការបង្ក្រាបបាតុករពីសំណាក់ប៉ូលីសអាមេរិក។
នៅក្នុងលិខិតរួមគ្នាចុះថ្ងៃទី៨ ខែមិថុនា ក្រុមសិទ្ធិមនុស្សជាង៦០០ បានបង្ហាញក្ដីបារម្ភចំពោះការកើនឡើងការឆ្លើយតបហិង្សារបស់ប៉ូលីសប្រឆាំងបាតុករអហិង្សានៅអាមេរិក ។ លិខិតដែលគាំទ្រដោយអង្គការសិទ្ធិមនុស្សធំៗនៅអាមេរិកដូចជាសហភាពសេរីភាពស៊ីវិលអាមេរិកសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស និងអង្គការពិភពលោកប្រឆាំងការធ្វើទារុណកម្ម ត្រូវបានផ្ញើជូនសមាជិកទាំង៤៧ប្រទេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីស្នើឲ្យមានការបើកកិច្ចប្រជុំសំដៅស៊ើបអង្កេតសកម្មភាពហិង្សារបស់ប៉ូលីសអាមេរិក ។ នៅអាមេរិក បាតុកម្មបានផ្ទុះឡើងសឹងមួយប្រទេសក្រោយការស្លាប់របស់លោក ចន ហ្វ្លយដ៍ ក្រោយត្រូវប៉ូលីសស្បែកសសង្កត់ក ហើយពេលខ្លះបាតុកម្មក៏ប្រែទៅជាហិង្សាទៅទៀត។
បើមានសំណើពីសមាជិកមួយភាគបី ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដែលគ្រោងប្រជុំនៅថ្ងៃទី១៥ ខែមិថុនា អាចមានកិច្ចប្រជុំលើប្រធានបទនេះបាន។ យ៉ាងណាមិញ គេមិនរំពឹងថា ស្ថាប័ននេះអាចដោះស្រាយបញ្ហាបានទេ ព្រោះអាមេរិកលែងជាសមាជិកពីរឆ្នាំមកហើយ។
លិខិតខាងលើ ក៏មានឈ្មោះសាច់ញាតិ ចច ហ្ល្វយដ៍ ដែលស្លាប់ដោយសារប៉ូលីសអាមេរិកសង្កត់កកាលពីចុងខែឧសភា។ អំពើព្រៃផ្សៃនេះហើយដែលនាំឲ្យមានបាតុកម្មនៅអាមេរិក រហូតមានការប៉ះទង្គិចរវាងប៉ូលីស និងបាតុករទៀតផង។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លិខិតរួមគ្នានេះបានហៅការស្លាប់របស់ ហ្វ្លយ ជាចំណែកតូចមួយនៃការសម្លាប់ជនស្បែកខ្មៅដោយខុសច្បាប់ពីសំណាក់ប៉ូលិស និងជនជាតិស្បែកស។
«យើងបារម្ភយ៉ាងខ្លាំងពីការកើនឡើងការឆ្លើយតបដោយហិង្សាទៅលើបាតុករសន្តិភាពនៅអាមេរិកដូចជាការប្រើគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក ការបាញ់ស្ព្រៃយ៍ម្រេច ហើយពេលខ្លះគ្រាប់កាំភ្លើងពិត ដែលជាការបំពានស្តង់ដារអន្តរជាតិស្ដីពីការប្រើប្រាស់កម្លាំង និងការគ្រប់គ្រងការជួបជុំ។» នេះជាសំណេរក្នុងលិខិតដដែល។
ក្រុមគ្រួសារជនរងគ្រោះ និងក្រុមអង្គការសិទ្ធិមនុស្ស ដោយសារទង្វើប៉ូលីសអាមេរិក ក៏រិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមិនជួយដោះស្រាយបញ្ហាតាមរយៈការបង្រួបបង្រួម បែរជាយកបញ្ហានេះជាអាវុធក្នុងវោហារសាស្ត្ររបស់ខ្លួនទៅវិញ។ ពួកគេ ក៏បន្តរិះគន់ការពង្រាយកងឆ្មាំការពារជាតិជាង៦ម៉ឺននាក់ក្នុងតាមបណ្ដារដ្ឋដើម្បីទប់ទល់បាតុករ ដែលប្រៀបដូចនឹងការតទល់រវាងយោធា និងសត្រូវអាមេរិកដូច្នោះដែរ៕ដោយ៖ស តារា