បារាំងប្រកាសកញ្ចប់ជំនួយ​មានទឹកប្រាក់​ជិត១៧ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍

ចែករំលែក៖

នៅថ្ងៃទី​៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានប្រកាសថា រដ្ឋាភិបាលនឹងផ្តល់បញ្ចប់ជំនួយ​ជាទឹកប្រាក់​ ១៥ពាន់លានអឺរ៉ូ (១៦,៩ពាន់លានដុល្លារអាមេរិក)ជួយដល់វិស័យអាកាសចរណ៍​នៅក្នុងប្រទេសនេះដែលជួបវិបត្តិដោយសារកូវីដ​-១៩។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត​លោកប៊្រុយណូ ឡឺ មែរ (Bruno Le Maire) បានបញ្ជាក់ថា ជំនួយខាងលើនិឹងជួយដល់វិស័យអាកាសចរណ៍ ឱ្យដំណើរការបានល្អឡើងវិញ ក្រោយ ពីកូវីដ​-១៩ បានបញ្ចប់ទៅ។ ក្នុងចំណោមប្រាក់ជំនួយទាំងនោះ មាន​៧ពាន់លានអឺរ៉ូ​សម្រាប់ក្រុមហ៊ុនអាកាសចរណ៍បារាំង ​Air France-KLM ដែលបានប្រកាសម្តងរួចមកហើយនាពេលកន្លងមក​។
រដ្ឋមន្ត្រី Bruno Le Maire បានបញ្ជាក់ថា គម្រោង​ជួយសង្គ្រោះ​ខាងលើ នឹងជួយដល់វិស័យអាកាសចរណ៍​ដែលរងការខាតបង់ច្រើនជាងគេដោយកូវីដ-១៩ ឱ្យកាន់តែប្រសើរឡើង និងប្រកួតប្រជែងជាងមុន​។លោកបន្តទៀតថា ប្រសិនបើមិនមានការជួយអន្តរាគមន៍ពីរដ្ឋាភិបាលនោះ ការងារនៅក្នុងវិស័យនេះដល់ទៅ ១/៣ ត្រូវបាត់បង់​ (ស្មើ១សែននាក់ក្នុងចំណោម​៣សែននាក់ធ្វើការក្នុងវិស័យអាកាសចរណ៍ត្រូវបាត់បង់ការងារ)។
គម្រោងជួយសង្គ្រោះដល់វិស័យ អាកាសចរណ៍ ត្រូវបានប្រកាសក្រោយពេល​ប្រធានាធិបតី Emmanuel Macron សន្យាថានឹងចំណាយប្រាក់​១ពាន់លានអឺរ៉ូ​ជួយដល់វិស័យផលិតរថយន្ត ក្នុងប្រទេសបារាំង ដើម្បីផលិតរថយន្ត ដើរដោយថាមពលអគ្គិសនី កាត់បន្ថយជាតិពុលក្នុងបរិយាកាស៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print