ខ្សែបម្រើស្លាប Samu Castillejo របស់ក្រុម AC Milan បានបង្ហើបឱ្យដឹងថា រូបគេត្រូវបានក្រុមចោរប្លន់នៅចំណុចភ្លើងស្តុបកាលពីថ្ងៃអង្គារ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃពុធនេះ ដែលបានសរសេរលើបណ្តាញ Instagram របស់កីឡាកររូបនេះ។
កីឡាករ Castillejo បានសរសេរលើ Instagram របស់ខ្លួនថា នៅចំណុចភ្លើងស្តុបក្នុងទីក្រុងមីលែន ក្រុមចោរបានលួចនាឡិការដៃរបស់គាត់ ហើយក្រុមចោរប្លន់ទាំងនោះមានអាវុធនៅក្នុងដៃទៀតផង ។
កីឡាករជនជាតិអេស្ប៉ាញវ័យ២៥ឆ្នាំរូបនេះបានសរសេរថា “តើមានអ្វីល្អទេនៅទីក្រុង Milan? បុរសពីរនាក់បានប្លន់ខ្ញុំដោយយកកាំភ្លើងភ្ជង់នៅនឹងមុខខ្ញុំ ។ ទោះយ៉ាងណាក៏ដោយក្រុមចោរបានយកនាឡិកាតែមួយប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រោយពីផ្អាករដូវកាល២០១៩-២០២០ កាលពីខែមីនាក្រុម AC Milan នឹងធ្វើដំណើរទៅទីក្រុងទូរីនសម្រាប់ជើងទី២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ទល់នឹងក្រុម Juventus នៅថ្ងៃសុក្រ ។ ក្រុម AC Milan និង Juventus បានប្រកួតស្មើ ១-១ នៅទឹកដី San Siro កាលពីខែកុម្ភៈកន្លងទៅក្នុងជើងទី១។
ក្រុម AC Milan របស់លោក Stefano Pioli កំពុងឈរចំណាត់ថ្នាក់លេខ៧នៅលីកកំពូលអ៊ីតាលី នឹងវិលត្រឡប់ទៅកាន់ Serie A ដោយប៉ះជាមួយក្រុម Lecce នៅថ្ងៃទី២២ ខែមិថុនា ។ សម្រាប់កីឡាករ Castillejo បានផ្ទេរពីក្លិប Villarreal កាលពីឆ្នាំ២០១៨ ដោយបានបង្ហាញខ្លួននៅ AC Milan ចំនួន១៩ដងនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ៕
ដោយ៖ ភិរក្ស