ប្រទេសនីហ្សេរីយ៉ា៖ ក្រុមឧទ្ទាម Boko Haram បានបាញ់សម្លាប់ពលរដ្ឋដល់ទៅ៦៩ នាក់និងបំផ្លាញភូមិមួយទាំងមូល ក្នុងរដ្ឋ Borno ប្រទេស នីហ្សេរីយ៉ា ។
ការបាញ់ប្រហារខាងលើកើតឡើង នៅថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ក្រោយពេលក្រុម បូកូហារ៉ាម ជិះមូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំភ្លើង AK-47 ចូលទៅកាន់ភូមិ Faduma Koloram រដ្ឋ Borno ហើយបាញ់ប្រហារទៅលើពលរដ្ឋយ៉ាងព្រៃផ្សៃបំផុត។ ក្រោយការបាញ់ប្រហារក៏បាន យកសត្វចិញ្ចឹម ១២០០ ក្បាល ក្នុងនោះមានទាំងសត្វ គោនិងអូដ្ឋ។
ការវាយប្រហារខាងលើកើតឡើង ដោយក្រុម Boko Haram សង្ស័យថាភូមិស Faduma Koloram បានផ្តល់ព័ត៌មានដល់កម្លាំងសន្តិសុខ ពីកន្លែងស្នាក់នៅរបស់ក្រុមនេះ។
សារព័ត៌មាន AFP បាននៅថ្ងៃទី១០ ខែមិថុនា បានផ្សាយថា ៖ ក្រុមឧទ្ទាម Boko Haram វាយប្រហារ ដោយសារតែពលរដ្ឋនៅក្នុងភូមិ គ្មានការប្រុងប្រយ័ត្ន ។ ក្រុមនេះបានធ្វើសកម្មភាព ក្នុងប្រទេសនីហ្សេរីយ៉ា រយៈពេលជាង១ទស្សវត្សរ៍ កន្លងមក សម្លាប់មនុស្ស ២៧ ០០០ នាក់ និងពលរដ្ឋ២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង ៕
ដោយ៖ ធី រីណា