អន្តរជាតិ៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់នៅថ្ងៃទី៩ ខែមិថុនា ថា ពិភពលោកគួរចាត់វិធានការជាបន្ទាន់ ។ ខណៈដែល COVID-19 កំពុងអុកឡុកពិភពលោក និងបំផ្លាញសង្វាក់ផលិតកម្មស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួន ដែលធ្វើពិភពលោក កំពុងប្រឈមនឹងបញ្ហាអាសន្នខ្វះស្បៀងអាហារសកល នៅពេលខាងមុខ ។ លោកប្រមុខUN បានបន្តថា COVID-19 នឹងធ្វើឲ្យមនុស្សចំនួន ៤៩លាននាក់បន្ថែមទៀតធ្លាក់ខ្លួនក្រីក្រខ្លាំងនៅក្នុងឆ្នាំ២០២០។ ការណ៍នេះ វានឹងធ្វើឲ្យមានចំនួនប្រជាជន ដែលមានតម្រូវការអាហារកាន់តែកើនខ្ពស់ជាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អង្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖ «ប្រព័ន្ធស្បៀងអាហាររបស់យើង កំពុងតែធ្លាក់ចុះ ហើយ COVID-19 កំពុងតែធ្វើឲ្យរឿងទាំងនេះកាន់តែអាក្រក់ឡើយ»។ ក្នុងន័យនេះ លោក ហ្គូតេរ៉េស បានពន្យល់ថា មនុស្សច្រើនជាង ៨២០លាននាក់ កំពុងតែអត់ឃ្លាន ជាពិសេសកុមារក្រោមអាយុ ៥ឆ្នាំ ចំនួន១៤៤លាន កំពុងតែប្រឈមបញ្ហាខ្វះការលូតលាស់។ ចំនួននេះ គឺស្មើរនឹងចំនួន ១ភាគ៥ នៃកុមារនៅលើពិភពលោក។
ទាក់ទិននឹងបញ្ហានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ជំរុញឲ្យប្រទេសទាំងអស់ចាត់វិធានការជាបន្ទាន់ បើមិនដូច្នោះទេបញ្ហាការខ្វះស្បៀងអាហារពិភពលោក នឹងមានរយៈពេលយូរ ហើយវានឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់យុវជន និងកុមារជាច្រើនលាននាក់។
ដើម្បីទប់ស្កាត់ការខ្វះស្បៀងអាហារកាន់តែខ្លាំងនាពេលខាងមុខ លោក ហ្គូតេរ៉េស បានអំពាវនាវឲ្យមានការការពារដល់បុគ្គលិកក្នុងវិស័យអាហារ អ្នកដឹកជំនួយមនុស្សធម៌ និងគាំទ្រអ្នកផលិតស្បៀងអាហារ ដើម្បីជៀសវាងការបង្អាក់ផលិតកម្ម។ ក្រៅពីនេះ លោកប្រមុខ UN ក៏បានលើកឡើងពីលទ្ធភាពក្នុងការលុបបំបាត់ បញ្ហាអត់ឃ្លាន តាមរយៈការផ្តល់អាហារ ដែលមានសារធាតុចិញ្ចឹមច្រើន និងអនាម័យ។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ពិភពលោក មានករណី COVID-19 សរុបចំនួនជាង ៧,៣លានករណី អ្នកស្លាប់មានចំនួនជាង ៤១ម៉ឺននាក់និងអ្នកជាសះស្បើយមានចំនួន ៣,៦លាននាក់៕ដោយ៖ស តារា