ក្រសួង​អប់រំ​ចិន ក្រើន​រំ​ឮ​ក​និស្សិតដែល​ប៉ង​សិក្សា​នៅប្រទេស​អូស្ត្រាលី ព្រោះ​ករណី​ហិង្សា ​និង​ការរើសអើង​ពូជសាសន៍​

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​កើតមានហេតុ​ការណ៍​ជាច្រើន​ករណី​ពាក់ព័ន្ធ​ការរើសអើង​ជនជាតិ​អាស៊ី ​អំឡុងពេល​ជំងឺ​រាតត្បាត COVID-19 ។រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ទទូច​ឲ្យ​និស្សិត​ដែល​ប៉ង​សិក្សា​នៅ​បរទេស​ គិត​ដោយ​ប្រុងប្រយ័ត្ន​មុនពេល​ជ្រើសរើស​ប្រទេស​អូស្ត្រាលី​ ។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សេចក្តីថ្លែងការណ៍ របស់ក្រសួង​អប់រំ​ចិន បាន​ក្រើន​រំ​ឮ​ក​និស្សិត​នៅ​បរទេស​ឲ្យ​រៀបចំ​ការវាយតម្លៃ​ហានិភ័យ​ឲ្យ​បានល្អ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការជ្រើសរើស​ទៅ​សិក្សា​ក្នុងប្រទេស​អូស្ត្រាលី ឬ​ត្រលប់​ទៅ​សិក្សា​ក្នុងប្រទេស​នេះ​វិញ​ ។

​ការព្រមាន​របស់​ក្រសួង​អប់រំ​ចិន ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រសួងទេសចរណ៍​និង​វប្បធម៌​ចិន បានផ្ដល់​យោបល់​ឲ្យ​ពលរដ្ឋ​ខ្លួន​កុំ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី ព្រោះ​ករណី​ហិង្សា ​និង​ការរើសអើង​ពូជសាសន៍​ដែល​កើតចេញពី​ការ​រាលដាល COVID-19 កំពុង​កើតមាន​។  ជំងឺ​រាតត្បាត​នេះ បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩​។

​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុជាតិ ABC របស់​អូស្ត្រាលី នៅ​ថ្ងៃទី​៨ ខែមិថុនា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី លោក Simon Birmingham លើកឡើងថា វា​មាន​ឧបទ្ទវហេតុ​រើសអើង​ពូជសាសន៍​កើតឡើង​ក្នុងប្រទេស​។ ក៏ប៉ុន្តែ​លោក​អះអាងថា លោក​យល់ឃើញថា គំនិត​ដែលថាអូស្ត្រាលី ក្នុង​ឥរិយាបថ​នេះ ជា​ប្រទេស​មិនមាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត គឺជា​រឿង​មួយ​ដែល​គ្មាន​ការត្រួតពិនិត្យ​ច្បាស់លាស់​ឡើយ​។​

​កាសែត The Sydney Morning Herald បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា​ពី​ការស្ទង់មតិ​មួយ​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ឈ្មោះ Per Capita ដោយ​រកឃើញថា អូស្ត្រាលី​មាន​ករណី​រើសអើង​ពូជសាសន៍​រហូត ៣៨៦​ករណី រួមមាន​ការវាយដំ​រា​យ​កាយ ប្រមាថនិង​ស្តោះ​ទឹកមាត់​ដាក់​ជាដើម​។ តួលេខ​នេះ គឺ​រាប់​ចាប់ពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​មក​។

​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ចិន​បាន​ក្លាយជា​ល្អក់កករ​បន្ទាប់ពី​ផ្ទុះ​ការ​រាលដាល COVID-19 ខណៈ​រដ្ឋាភិបាល​អូស្ត្រាលី​បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​កំណត់​ប្រភព​ជំងឺ​នេះ និង​របៀប​ដែល​វា​រាលដាល​ជុំវិញ​ពិភពលោក​។ ឆ្លើយតប​រឿងនេះ ចិន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​អូស្ត្រាលី និង​រារាំង​ការនាំ​ចូល​សាច់​គោពី​ប្រភព​ក្រុមហ៊ុន​អូស្ដ្រាលី​មួយចំនួន​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print