ភ្នំពេញ ៖ មន្ត្រីក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ចេញសេចក្ដីថ្លែងការណ៍ដោយប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានចុះផ្សាយលើទំព័រវែបសាយសារព័ត៌មានឈ្មោះលុយអាតវៀតណាម (luatvetnam.vn) អំពីមានករណីបុរសជនជាតិវៀតណាមម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន ថុងញើក (Thuong Phuon) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុស-១៩ ហើយបានដាក់ឲ្យព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងឺ (Huyen Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
ចំពោះការចុះផ្សាយលើទំព័រវែបសាយសារព័ត៌មានឈ្មោះលុយអាតវៀតណាម ឈ្មោះ luatvetnam.vnនេះ មកទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយស្តីពីករណីជនជាតិវៀតណាមខាងលើនេះ ត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលចុះហត្ថលេខាដោយលោកសាស្ត្រាចារ្យ ម៉មប៊ុនហេងបញ្ជាក់ថា ការលើកឡើងនៅក្នុងសារព័ត៌មាន លុយអាតវៀតណាម (luatvetnam.vn)ចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបានច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះ។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើក ឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។
សេចក្ដីថ្លែងការណ៍បន្តថា តាមរយៈការចុះផ្សាយនោះទៀតបង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិវៀតណាម រស់នៅឃុំថុងហ្វូក ស្រុកបៀនហុងងឺ (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ។ ដូច្នេះមិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះតែម្តង។
គ្រប់ព័ត៌មានដែលក្រសួងបានឃើញការចុះផ្សាយ ក្រុមការងាររបស់ក្រសួងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ
ខ្ញុំសូមជម្រាបជូនថា មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មីណាមួយត្រូវបានរកឃើញ ឬរាយការណ៍តាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់ក្រសួងនោះឡើយ។
ក្រសួងសុខាភិបាលសូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេសនិងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែល
ជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ
១៩នេះ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលនៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ (COVID-19) ដែលជា ជំងឺរាតត្បាតដ៏កាចសាហាវជាសកល ៕ ដោយ ៖ ជាយក្រុង