រឿងព្រេង​ទាក់ទង​នឹង​ពាក្យ​ថា “វាយ​អា​គាំង​រាំង​ភ្លៀង វាយ​អា​គក​បើក​ថ្ងៃ”

ចែករំលែក៖

ពាក្យ​នេះ ជា​ពាក្យ​ដែល​ក្មេង​ជំនាន់​ដើម តែង​តែ​ស្រែក​លេង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ។ ក្មេង​ៗ ធុញ​ទ្រាន់​នឹង​ភ្លៀង​ណាស់ ព្រោះ​រក​ចេញ​ទៅ​ដើរ​លេង​ឯ​ណា​មិន​បាន, វា​តែង​នាំ​គ្នា​អង្គុយ​មាត់​ជណ្ដើរ ហើយ​ស្រែក​ថា “វាយ​អាគាំង​រាំង​ភ្លៀង វាយ​អាគក​បើក​ថ្ងៃ” ។ មាន​រឿង​ព្រេង​បុរាណ​មួយ​ទាក់​ទង​នឹង​ពាក្យ​នេះ​ថា ៖

កាល​នោះ មាន​បុរស​ម្នាក់ ទៅ​រៀន​អក្សរ​នៅ​វត្ត រៀន​ចាំ​តែ​អក្សរ “ន មោ ពុ ទ្ធា យ សិទ្ធំ អ អា ឥ ឦ” តែ​ប៉ុណ្ណោះ រៀន​ទៅ​មុខ​ទៀត​មិន​ចាំ​សោះ ។ លោក​គ្រូ និង សិស្ស​ឯ​ទៀត នាំ​គ្នា​ឲ្យ​ឈ្មោះ​ថា “បុរស ឥ ឦ1” ។ បុរស ឥ ឦ ខឹង​ចិត្ត ក៏​ដើរ​ចេញ​ពី​វត្ត ពី​ភូមិ​ខ្លួន ទៅ​ប្រទះ​ឃើញ​វត្ត​ចាស់​មួយ ដែល​គេ​បោះ​បង់​ចោល​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ភូមិ​ស្រុក ។ បុរស​នោះ ដើរ​មើល​សព្វ​គ្រប់​ទៅ​ឃើញ​ស្បង់​ចីពរ​ចាស់​ៗ មួយ​ប្រដាប់ ក៏​យក​មក​ស្លៀក​ពាក់​បួស​ដោយ​ខ្លួន​ឯង ។ អ្នក​ស្រុក​ភូមិ ដើរ​ទៅ​មក​កាត់​វត្ត​នោះ ឃើញ​ព្រះ​សង្ឃ​គង់​ត្រមោច​តែ​ឯង ក៏​កើត​សេចក្ដី​ជ្រះ​ថ្លា ទើប​យក​កូន​ឲ្យ​ទៅ​នៅ​បម្រើ​លោក ។ លោក ឥ ឦ នេះ បាន​កូន​សិស្ស​ដល់​ទៅ​ពីរ​នាក់: មួយ​ឈ្មោះ​អាគាំង, មួយ​ឈ្មោះ អាគក ។

ដល់​រដូវ​ភ្ជុំ​បិណ្ឌ គ្មាន​ឧបាសក​ទាយក​ណា ចូល​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​លោក​គ្រូ ឥ ឦ នោះ​សោះ, លោក​គ្រូ​ប្រើ​ឲ្យ​អាគាំង និង អាគក ដើរ​រើស​សំបក​នំ​អន្សម ពី​វត្ត​ឯ​ទៀត​ៗ មក​ចាក់​គរ​នៅ​ទី​វត្ត​ខ្លួន ដើម្បី​ឲ្យ​អ្នក​ដើរ​កាត់​វត្ត​នោះ យល់​ថា “មាន​គេ​មក​ធ្វើ​បុណ្យ​នៅ​វត្ត​នេះ​ដែរ” ។ តែ​ទោះ​បី​ធ្វើ​ដូច្នេះ​ហើយ ក៏​នៅ​តែ​គ្មាន​មនុស្ស​ចូល​ទៅ​ធ្វើ​បុណ្យ​ទៀត ។ លុះ​យូរ​ៗ ទៅ កាន់​តែ​អត់​ទៅ ៗ លោក​គ្រូ ទ្រាំ​មិន​បាន ក៏​ប្រើ​កូន​សិស្ស​ឲ្យ​ទៅ​លួច​នង្គ័ល​អ្នក​ស្រុក​យក​ទៅ​លាក់ រួច​ឲ្យ​មក​ប្រាប់​កន្លែង​លាក់​នៅ​ត្រង់​ណា​ៗ ជា​ស្រេច ទើប​ឲ្យ​សិស្ស​នោះ​ទៅ​អួត​ប្រាប់​ម្ចាស់​នង្គ័ល​ថា “លោក​គ្រូ​ខ្ញុំ ចេះ​ចាប់​យាម​ពូកែ​ណាស់, ហើយ​លោក​យក​ចង្ហាន់​តែ​មួយ​ស្ពក​ទេ” ។ អាគាំង និង អាគក ក៏​ធ្វើ​តាម​បង្គាប់ ។

និយាយ​អំពី​អ្នក​ស្រែ​ដែល​បាត់​នង្គ័ល លុះ​ដើរ​រក​អស់​ចិត្ត​ហើយ មិន​ឃើញ​សោះ ក៏​រៀបចំ​ចង្ហាន់​មួយ​ស្ពក​យក​ទៅ​រក​លោក​គ្រូ ឥ ឦ ។ លោក​គ្រូ ឥ ឦ ទាញ​ក្ដារ​ឈ្នួន​មក​គូស​វាស “ឥ ឦ ៗ” មួយ​សន្ទុះ ក៏​ទាយ​ថា “ឥ ឦ បក់​ចែស ដង​នៅ​ទិស​នេះ ផាល​នៅ​ទិស​នោះ” ហើយ​ចង្អុល​ប្រាប់​ទិស ។ អ្នក​ស្រែ ទៅ​រក​តាម​ដៃ​លោក​គ្រូ ឃើញ​ប្រាកដ​មែន ក៏​ត្រឡប់​ទៅ​ភូមិ​វិញ អួត​ប្រាប់​គ្នី​គ្នា​ថា “លោក​គ្រូ ឥ ឦ ទាយ​ឆុត​ណាស់ លោក​គ្រូ ឥ ឦ ក៏​ល្បី​ល្បាញ​កេរ្តិ៍​ឈ្មោះ ហើយ​សម្បូរ​លាភ​សក្ការៈ​ជា​ហូរ​ហែ ។

គ្រា​មួយ​នោះ ព្រះ​រាជ​បុត្រី​ព្រះ​មហា​ក្សត្រ​កើត​បូស នៅ​ព្រះ​ឧទរ ។ បូស​នោះ ពើត​ខ្លាំង​ណាស់ ព្រះ​នាង​ព្រះ​កន្សែង​យ៉ាង​ខ្លាំង ។ ព្រះ​បិតា​ទ្រង់​ចាត់​ឲ្យ​ប៉ាវ​គង ប៉ាវ​ឃ្មោះ រក​គ្រូ​ចេះ​ស្ដោះ​ផ្លុំ ដើម្បី​ឲ្យ​បូស​នោះ​ធ្លាយ ឲ្យ​ព្រះ​នាង​បាន​ធូរ​ស្រាន្ត ។ អាមាត្យ​ប៉ាវ​គង​ទៅ ជួប​នឹង​អ្នក​ស្រុក ។ អ្នក​ស្រុក​ក៏​អួត​សរសើរ​អំពី​លោក​គ្រូ ឥ ឦ ថា​ចេះ​ទស្សន៍ទាយ​ចំណាប់​ណាស់ ។ អាមាត្យ ក៏​នាំ​ដំណឹង​នោះ​ទៅ​ទូល​ព្រះ​មហា​ក្សត្រ ៗ ក៏​ទ្រង់​ប្រើ​ឲ្យ​ទៅ​និមន្ត​លោក​គ្រូ ឥ ឦ នោះ​មក​យ៉ាង​ប្រញាប់ ។

លុះ​រាជ​អាមាត្យ​ចូល​ទៅ​ថ្វាយ​បង្គំ​លោក​គ្រូ ទូល​តាម​ដំណើរ​ហើយ លោក​គ្រូ​ភ័យ​ខ្លាំង​ណាស់ មិន​ដឹង​ប្រកែក​យ៉ាង​ណា ក៏​ឡើង​គង់​លើ-វ​ឲ្យ​គេ​លែង​យក​ទៅ ។ លុះ​ដល់​ពាក់​កណ្ដាល​ផ្លូវ លោក​ប្រុង​រក​ផ្លូវ​គេច​រត់ ក៏​សុំ​អ្នក​សែង​ឲ្យ​ដាក់​លោក​ចុះ ដើម្បី​ទៅ​ដោះ​ទុក្ខ​សត្វ ។ លោក​ដើរ​ចូល​ព្រៃ​ប្រុង​នឹង​វេះ​ពួន​ឲ្យ​បាត់ តែ​ពួក​អាមាត្យ​ចេះ​តែ​ដើរ​តាម​ជាប់​ពី​ក្រោយ ។ លោក​ដើរ​ទៅ ស្រាប់​តែ​ប្រទះ​នឹង​កុក​គ្រោង​មួយ​នៅ​ក្នុង​ត្រពាំង, លោក​ភ្ញាក់ លាន់​មាត់​ថា “កុក​គ្រោង​ខ្ពស់​ចង្គ្រាង​ចោត” ហើយ​ដើរ​ទៅ​ទៀត ប្រទះ​ឃើញ​សត្វ​ទន្សាយ​មួយ ។ ទន្សាយ​នោះ ក៏​ផ្អើល​លោត​ផ្លោត​ទៅ​ជាន់​លើ​សត្វ​កង្កែប ៗ ស្រែក​វ៉ប រត់​ចូល​ទៅ​ក្នុង​គុម្ព​ស្មៅ ។ លោក​គ្រូ​គេច​ខ្លួន​មិន​រួច ក៏​ត្រឡប់​មក​ឡើង​លើ​-វ​វិញ ។ ចូល​ទៅ​ដល់​ក្នុង​វាំង លោក​ភ័យ​ណាស់ ដើរ​ទាំង​រញីរញ័រ ។ ស្ដេច​ក៏​និមន្ត​លោក​ឲ្យ​ចូល​ទៅ​ក្នុង​ប្រាសាទ​ព្រះ​រាជ​បុត្រី ដែល​កំពុង​ទ្រង់​ព្រះ​កន្សែង ព្រោះ​បូស​ពើត​ខ្លាំង ។ លោក​គ្រូ​ឃើញ​ព្រះ​នាង​ទ្រង់​ព្រះ​កន្សែង អាណិត​ណាស់ មិន​ដឹង​គិត​ដូច​ម្ដេច បើ​ខ្លួន​មិន​ចេះ​អ្វី​សោះ, តែ​ទទួល​នឹក​ឃើញ​រឿង​នៅ​ពេល​ដែល​ខ្លួន​គេច​ទៅ​ពួន ក៏​ស្រែក​ឡើង​ថា: កុក​គ្រោង ខ្ពស់​ចង្គ្រាង​ចោត ទន្សាយ​លោក​ផ្លោត កង្កែប​ស្រែក​វ៉ប” រួច​លោក​ស្ដោះ​ផែត ទៅ​លើ​បូស​ព្រះ​នាង ។ ព្រះ​នាង ឮ​គាថា​លោក​គ្រូ​បែប​ចម្លែក អស់​សំណើច​ឃឹក ! ។ បូស​ដែល​ឡើង​មុខ​ខ្មៅ​រលោង ប្រុង​តែ​នឹង​ធ្លាយ ក៏​ធ្លាយ​ខ្ទុះ​វូ នាំ​ឲ្យ​បាត់​ពើត​ភ្លាម ។ ព្រះ​រាជា ឃើញ​ដូច្នោះ យល់​ថា “លោក​គ្រូ ឥ ឦ ពូកែ​មែន” ក៏​រៀប​សង់​កុដិ​សាលា ហើយ​ទំនុក​បម្រុង​វត្ត​នោះ​ជា​អចិន្ត្រៃយ៍ ។ មនុស្ស​ម្នា ក៏​ចុះ​ចូល​ទៅ​ធ្វើ​បុណ្យ​វត្ត​នោះ យ៉ាង​កុះ​ករ​ជាង​វត្ត​នានា ។

លុះ​កន្លង​យូរ​មក នៅ​ក្នុង​នគរ​នោះ គ្មាន​ភ

លៀង​សោះ ។ ក្ដៅ​រីង​ស្ងួត ហួត​អស់​ទឹក​បឹង​បួរ ស្លាប់​គោ ស្លាប់​ក្របី ។ អ្នក​ស្រុក ចលាចល​នាំ​គ្នា​ឡើង​ទៅ​ទូល​ស្ដេច​ឲ្យ​ជួយ​ដោះ​ទុក្ខ​ភ័យ​នោះ ។ ព្រះ​រាជា​ក៏​ត្រាស់​ប្រើ​ឲ្យ​រាជ​អាមាត្យ​ទៅ​និមន្ត​លោក​គ្រូ​ដូច​មុន​ទៀត ។ លោក​គ្រូ​ភ័យ​ណាស់ មិន​ដឹង​ថា​ទាយ​ដូច​ម្ដេច បើ​ខ្លួន​គ្មាន​ចេះ​អ្វី​សោះ, គិត​ថា “ម្ដង​នេះ ច្បាស់​ជា​ស្ដេច​យក​ទោស​ដល់​ជីវិត​ហើយ” ក៏​រក​ផ្លូវ​គេច​វះ​ដូច​មុន​ទៀត ។ តែ​ជា​ភ័ព្វ​វាសនា​ល្អ, រុក្ខ​ទេវតា ដែល​នៅ​ក្នុង​ព្រៃ​នោះ មាន​ចិត្ត​អាណិត​លោក ក៏​និម្មិត​ខ្លួន​ជា​កង្កែប​មេ​កូន និយាយ​សួរ​គ្នា​ថា ៖

– ម៉ែ ! ម៉ែ ! កាល​ណា​ទៅ​ទើប​មាន​ភ្លៀង​ធ្លាក់ បើ​ក្ដៅ​ស្ងួត​យ៉ាង​នេះ ? កង្កែប​មេ​ឆ្លើយ​តបៈ

– ៧ ថ្ងៃ​ទៀត នឹង​មាន​ភ្លៀង​យ៉ាង​ធំ ៧ យប់ ៧ ថ្ងៃ លិច​ត្បាល់​អង្រែ​អ្នក​ស្រុក​អស់​មិន​ខាន !

លោក​គ្រូ ឮ​ដូច្នេះ អរ​ព្រួច នឹក​ថា “តែ​ប៉ុណ្ណេះ រួច​ពី​ស្លាប់​ហើយ​អញ” ហើយ​ក៏​និមន្ត​ត្រឡប់​ឡើង​លើ-វ​វិញ លុះ​ចូល​ដល់​រាជ​វាំង លោក​ក៏​ទស្សន៍ទាយ​ថ្វាយ​ស្ដេច តាម​ពាក្យ​មេ​កង្កែប​និយាយ​ប្រាប់​កូន ។ ព្រះ​រាជា ផ្សាយ​ដំណឹង​ដល់​ប្រជានុរាស្ត្រ​ឲ្យ​ប្រុង​ប្រៀប​ប្រដាប់​ប្រដា ត្បិត​នឹង​មាន​ភ្លៀង​ធំ​ជន់​ទឹក​គ្រប់​ទី​កន្លែង ។

កាល​ទើប​នឹង​ភ្លៀង​ថ្ងៃ​ដំបូង អ្នក​ស្រុក​ត្រេក​អរ​គ្រប់​គ្នា ប៉ុន្តែ​លុះ​ភ្លៀង​មិន​ស្រាក​ស្រាន្ត​សោះ, ទឹក​ក៏​ជន់​លិច រក​ដើរ​ទៅ​ណា​មក​ណា​មិន​រួច ។ គោ​ពពែ​ទាំងឡាយ ក៏​មិន​ដឹង​ជា​នាំ​យក​ទៅ​ទុក​ដាក់​ឯ​ណា រងា​ញ័រ​ញាក់​គ្រប់​ប្រាណ ។ អ្នក​ស្រុក ក៏​នាំ​គ្នា​ទៅ​រក​លោក​គ្រូ ឥ ឦ ឲ្យ​ជួយ​បញ្ឈប់​ភ្លៀង ។ ឯ​លោក​គ្រូ ឥ ឦ ក្រឡេក​ឃើញ​អ្នក​ស្រុក​ដើរ​តម្រង់​មក​វត្ត​ទាំង​ហ្វូង​ពី​ចម្ងាយ នឹក​ឆ្ងល់​ណាស់ ក៏​ប្រើ​កូន​សិស្ស​ឲ្យ​រត់​ទៅ​សួរ​មើល តើ​គេ​មាន​ការ​អ្វី ក៏​មក​ច្រើន​គ្នា​ម្ល៉េះ ! ។ អាគាំង​ទៅ​សួរ​ដឹង​រឿង​ថា “គេ​មក​រក​លោក​គ្រូ​ធ្វើ​ឲ្យ​បាត់​ភ្លៀង” ក៏​ទៅ​ទូល​លោក​គ្រូ​តាម​ដំណើរ ។ លោក​គ្រូ​ប្រាប់​អាគាំង​ថា “កាល​ណា​គេ​ចូល​មក​ដល់ អញ​ធ្វើ​ជា​ខឹង​ដេញ​វាយ​អា​ឯង កុំ​ឲ្យ​គេ​សួរ​អញ​កើត” ។ លុះ​អ្នក​ស្រុក​ចូល​ទៅ​ដល់ លោក​គ្រូ កន្ត្រាក់​ដំបង​ដេញ​វាយ​អា​គាំង​មែន ។ អាគាំង​រត់​ទៅ​ក្រៅ​វត្ត ។ លោក​ក៏​ដេញ​តាម​ទៅ​ដែរ ។ ទទួល​ពេល​នោះ ភ្លៀង​ក៏​រាំង​ល្មម ។ អ្នក​ស្រុក​ត្រេក​អរ​ណាស់ នាំ​គ្នា​និយាយ​ថា “លោក​ត្រូវ​ដេញ​វាយ​អា​គាំង​រាំង​ភ្លៀង” ។

ក្រោយ​ពី​រាំង​ភ្លៀង​មក ចំនួន ៣-៤ ថ្ងៃ មេឃ​នៅ​តែ​ស្រទំ មិន​ព្រម​បើក​ថ្ងៃ​សោះ ។ អ្នក​ស្រុក​រក​ហាល​អ្វី​មិន​កើត ក៏​នាំ​គ្នា​ទៅ​រក​លោក​គ្រូ ឥ ឦ ម្ដង​ទៀត ។ លោក​គ្រូ​ក៏​ចាប់​វាយ​អា​គក​ម្ដង ធ្វើ​កាល​ដូច​ធ្វើ​ជា​មួយ​អា​គាំង ។ កំពុង​តែ​ដេញ​វាយ​អា​គក​នោះ ស្រាប់​តែ​ពពក​រសាត់​ចេញ​អស់ ពន្លឺ​ព្រះ​អាទិត្យ​ក៏​រះ​ឡើង ។ អ្នក​ស្រុក​អរ​ណាស់ នាំ​គ្នា​ស្រែក​ថា “លោក​គ្រូ​វាយ​អា​គក​បើក​ថ្ងៃ” ។

ត្រង់​នេះ​ហើយ ដែល​អ្នក​ស្រុក និង​ក្មេង​ជំនាន់​មុន, កាល​ណា​ភ្លៀង​ក្រ​រាំង តែង​តែ​ស្រែក​ថា “វាយ​អា​គាំង​រាំង​ភ្លៀង វាយ​អា​គក​បើក​ថ្ងៃ” ជាប់​រហូត​មក ។

ខាង​ក្រោយ​យូរ​មក​ទៀត ព្រះ​រាជា​ទ្រង់​ធ្វើ​ពិធី​បុណ្យ​មួយ​យ៉ាង​ធំ ក្នុង​ព្រះ​បរម​រាជ​វាំង ឲ្យ​និមន្ត​លោក​គ្រូ ឥ ឦ ទៅ​ទេស​នា ព្រោះ​ព្រះ​អង្គ​ចាត់​ទុក​លោក​គ្រូ​អង្គ​នេះ ជា​អ្នក​ចេះ​ដឹង​ជាង​គេ ហើយ​ប្រគេន​អាសនៈ​ក៏​ខ្ពស់​ជាង​គេ ។ លោក​គ្រូ ភ័យ​ណាស់ មិន​ដឹង​គិត​ដូច​ម្ដេច ដល់​យប់​ស្ងាត់​ក៏​ដុត​វត្ត​អារាម​ចោល ។ លុះ​ព្រឹក​ឡើង លោក​ក៏​និមន្ត​ទៅ​វាំង ។ អាចារ្យ​ក៏​គោះ​រគាំង ៣ ដង ជា​សញ្ញា​ឲ្យ​លោក​សម្ដែង​ធម៌ ។ លោក​គ្រូ​តាំង​ស្រែក​ទ្រហោ​យំ មើល​ទៅ​ស្ដេច ។ ស្ដេច​ត្រាស់​សួរ​ថា “ហេតុ​ម្ដេច​ក៏​យំ ?” ។ លោក​ថា “អាត្មា​ទេសន៍​មិន​កើត​ទេ ស្ដាយ​គម្ពីរ​ឆេះ​ពី​យប់​មិញ​ខ្លាំង​ណាស់” ។ ព្រះ​រាជា ទ្រង់​អនុគ្រោះ​ឲ្យ​និមន្ត​លោក​ឯ​ទៀត​ទេសន៍​ជំនួស​ទៅ ។

ឯ​ទី​កន្លែង​វត្ត​លោក​គ្រូ ឥ ឦ នៅ​ដល់​សព្វ​ថ្ងៃ ត្រង់​ភូមិ​អង្គរ​រឹង ឃុំ​ព្រះ​ស្រែ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ គេ​ហៅ “ទួល ឥ ឦ” ដល់​សព្វ​ថ្ងៃ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print