ភ្នំពេញ៖ មុខសញ្ញាចោរកម្ម២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ខណៈដែលកំពុងឈររេរានៅតាមផ្លូវ ក៏ជួបកម្លាំងសមត្ថកិច្ចល្បាត មានការសង្ស័យហើយហៅត្រួតពិនិត្យរកឃើញវត្ថុតាងសម្រាប់ធ្វើសកម្មចោរកម្មទើបឈានដល់ការចាប់ខ្លួនតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ១–ជឿង តឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំឈើ ។ និង២–ឈ្មោះជុងញុក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ គ្មាន ។ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍និរោធបានជិះម៉ូតូចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោ ក៏បានជួបជនសង្ស័យ០២នាក់ កំពុងឈរនៅទីនោះ ។ ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញដែកកែច្នៃចុងស្រួចសម្រាប់ឆ្កឹះសោចំនួន២ដែលជនសង្ស័យឈ្មោះជឿង តឹង លាក់ទុកក្នុងហោប៉ៅខោខាងស្តាំ រួចនាំខ្លួនព្រមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចបញ្ជាក់ថា កន្លងមកជនសង្ស័យឈ្មោះ ជុង ញុក ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ២ឆ្នាំ ៦ខែ ក្នុងឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖សណ្តោស