ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូល ប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រសួង​មហាផ្ទៃបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការ​ប្រមូលប្រាក់​ពិន័យ​ចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួម​ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននានា ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានលើកឡើងថា ដោយ​អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ត្រូវប្រជុំ ពិនិត្យទៅ​លើលិខិត សំណើរបស់ធនាគារអេឡិចត្រូនិក នៃធនាគារដៃគូរ ដើម្បីចូលរួមក្នុងការ ប្រមូលនូវការផាក ពិន័យចរាចរណ៍ ដើម្បីតាមដានការនូវអនុវត្តបានកម្រិតណា និងដើម្បីស្វែងរកគន្លឹះ និងគំនិតយោបល់ផ្សេងបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនោះផងដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាល​ជាតិ បានលើកឡើងថា ការអនុវត្តនីតិវិធីនៃការគ្រប់គ្រង ការប្រមូល ការបែងចែកប្រាក់ពិន័យ ការប្រើប្រាស់បង្កាន់ដៃពិន័យ គឺមានយន្តការ​ច្បាស់លាស់ និងត្រួតពិនិត្យត្រឹមត្រូវ បើទោះជានីតិវិធីមិនទាន់មានភាពជឿនលឿន​នៃបច្ចេកទេសក្នុងការគ្រប់គ្រង ប៉ុន្តែមានលក្ខណៈជាក់លាក់ មានតម្លាភាព និងមិនមានបញ្ហាអ្វីដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ឬកិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់កងកម្លាំងនគរបាលនោះឡើយ។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្ថែមថា ស្របតាមជំហររបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះសំណើរបស់ស្ថាប័ន​ហិរញ្ញវត្ថុផ្សេងៗទៅលើបញ្ហាការបង់ប្រាក់ពិន័យនេះ គឺមិនទាន់អាចឆ្លើយតប​បាននៅឡើយទេ ព្រោះអគ្គស្នងការនគរបាលជាតិចង់ឲ្យមានការ​ជួបផ្ទាល់រវាង​អ្នកល្មើស និងនគរបាលចរាចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំអំពីករណីល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ជាងនេះទៀត នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ផងដែរថា សភាពការណ៍ នៃការរឹត បន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ក្នុងរយៈពេល២ខែនេះ មានលក្ខណៈល្អប្រសើរដែលបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាង១១% ,អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាង២០%, និងអ្នករបួសមាន​ការថយចុះជាង២០%។ ព្រមជាមួយគ្នានោះដែរ ក្នុងខែ ឧសភាកន្លងទៅ មានការផាកពិន័យចំនួន៤៤០០០ករណី ក្នុងនោះបទល្មើសម៉ូតូមាន ចំនួន៧៦% និងរថយន្តចំនួន២៤%៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print