លីកបាល់ទាត់ទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យបើកយុទ្ធនាការផ្ទេរ-ដោះដូរកីឡាកររបស់ក្លិបនីមួយៗរហូតដល់រដូវក្តៅមុនពេលយុទ្ធនាការបច្ចុប្បន្នត្រូវបានបញ្ចប់ក្រោមបទប្បញ្ញត្តិថ្មីដែលប្រកាសដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។
សហព័ន្ធបាល់ទាត់ពិភពលោកបានប្រកាសពីវិធានការឆ្លើយតបទៅនឹងការពន្យារពេលនៃលីកនានានៅទូទាំងពិភពលោកដែលបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បាននិយាយរួចហើយថា ការទិញដូរកីឡាកររបស់លីកកំពូលអង់គ្លេសនឹងមិនអនុញ្ញាតឱ្យក្លិបចុះហត្ថលេខាលើកីឡាករមុនថ្ងៃទី២៥ ខែកក្កដានោះទេបន្ទាប់ពីយុទ្ធនាការពន្យារពេលត្រូវបានបញ្ចប់។
លីកអឺរ៉ុបភាគច្រើនមានផែនការស្រដៀងគ្នា ប៉ុន្តែបទប្បញ្ញត្តិថ្មីរបស់FIFAនឹងអនុញ្ញាតឱ្យមានការបើកចំហ ដោយបញ្ជាក់ថា ក្លិបទាំងអស់អនុញ្ញាតឱ្យចាប់ផ្តើមទិញដូរកីឡាករសម្រាប់រដូវកាល ២០២០-២០២១ មុនរដូវបញ្ចប់រដូវកាលឆ្នាំ ២០១៩-២០២០ ដែលស្ថិតក្រោមលក្ខខណ្ឌនានា។ FIFA ក៏បានប្រកាសផងដែរថា កីឡាករនឹងត្រូវបានអនុញ្ញាតឱ្យលេងរហូតដល់ទៅ៣ក្លឹប ជាជាងក្លឹបធម្មតាពីរក្នុងរដូវកាលតែមួយ។
គួរបញ្ជាក់ថា ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់មកវិញនៅថ្ងៃទី១៧ ខែមិថុនាដោយក្លិបនីមួយៗមានយ៉ាងហោចណាស់៩ ប្រកួតទៀតដែលត្រូវប្រកួត ខណៈដែល FA Cup, Champions League និង Europa League ក៏នៅតែត្រូវកំណត់កាលបរិច្ឆេទប្រកួតឲ្យបានឆាប់ផងដែរ ៕
ដោយ៖ ភិរក្ស