លោកឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ចម្រៀងសកលថ្នាក់ជាតិឆ្នាំ២០១១ និងអ្នកនាងអ៊ុត ស្រីម៉ៅផ្ទុះការគាំទ្រជាថ្មីតាមរយៈបទឧត្តមភរិយា(សោភា សោភា)

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ចម្រៀងសកលថ្នាក់ជាតិឆ្នាំ២០១១ជាពានរង្វាន់របស់សម្តេចតេជោហ៊ុន សែន និងអ្នកនាងអ៊ុតស្រីម៉ៅ បានផ្ទុះការគាំទ្រជាថ្មីម្តងទៀតតាមរយៈបទឧត្តមភរិយា(សោភា សោភា) ខណៈដែលលោកនិងអ្នកនាងអ៊ុត ស្រីម៉ៅបានច្រៀងលេងកម្សាន្តនៅខេត្តស្វាយរៀងហើយត្រូវមិត្តភក្តិរបស់លោកយកទៅបង្ហោះតាមសង្គមហ្វេសប៊ុកមានការចូលមើលជិត២លាននាក់ដោយគ្រាន់តែបង្ហោះទើបបានប្រមាណជាង២០ថ្ងៃប៉ុណ្ណោះ។

លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ ផ្នែកចម្រៀងសម័យឆ្នាំ២០១១ បានឱ្យដឹងថា រូបលោកនិងភរិយាគឺអ្នកនាងអ៊ុត ស្រីម៉ៅពុំសូវបានច្រៀងតាមទូរទស្សន៍ក៏ដូចជាភោជនីយដ្ឋានឬតាមក្រុមវង់តន្ត្រីនានានោះទេ ព្រោះក្នុងរដូវប្រាំងកន្លងមកនេះប្រទេសយើងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ដែលធ្វើឲ្យមានការលុបចោលពិធីផ្សេងៗដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ។

លោកឌី ថារ៉េនបានបញ្ជាក់ថា  បច្ចុប្បន្នលោកបានថតចម្រៀងបង្ហោះនៅក្នុងយូធូបដែលជាការនិពន្ធពីបងប្អូននៅក្នុងប្រទេសនិងនៅក្រៅប្រទេសដែលគេនិយមចូលចិត្តសំឡេងរបស់លោកបានជាច្រើនបទទាំងបទមរតកដើមនិងបទoriginal song ហើយមានការគាំទ្រច្រើនពីពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសផងដែរ ប៉ុន្តែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានឡើយ ដូច្នេះហើយទើបលោកឆ្លៀតពេលរត់ម៉ូតូឌុបបន្ថែមទៀត។

លោក ឌី ថារ៉េន បានរំឭកពីប្រវត្តិដែលលោកបានឈានជើងចូលក្នុងវិថីសិល្បៈថា លោកមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រោយមកលោកក៏បានទៅរស់នៅខេត្តកំពង់ធំ ហើយកាលពីឆ្នាំ២០០៩ លោកបានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពឆត្រយោង៩១១ ឈរជើងនៅប្រាសាទព្រះវិហារបានមួយរយៈ តែក្រោយមកលោកមានជំងឺគ្រុនចាញ់ក៏បានឈប់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ ហើយមិនបានវិលត្រឡប់ទៅបម្រើកងទ័ពវិញទេ។

នៅឆ្នាំ២០១០ ការបើកមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល បានផ្តល់ឱកាសឱ្យរូបលោកដាក់ពាក្យចូលប្រឡងនៅខេត្តកំពង់ធំបានជាប់ចំណាត់ថ្នាក់លេខ១។ ក្រោយពីប្រឡងជាប់នៅខេត្តរួចមក ខាងខេត្តក៏បានបញ្ជូនបន្តមកភ្នំពេញ ដើម្បីប្រឡងយកពានរង្វាន់សកលផ្នែកចម្រៀងសម័យដែលការប្រឡងនេះគឺគេចម្រាញ់យកតែអ្នកជាប់ចំណាត់ថ្នាក់លេខ១ប្រចាំខេត្តប៉ុណ្ណោះ និងមានខ្មែរនៅក្រៅប្រទេសមកចូលរួមប្រឡងយកជ័យលាភីផងដែរ តែរូបលោកពុំទទួលបានចំណាត់ល្អនោះទេ គឺបានត្រឹមលេខ៤ប៉ុណ្ណោះ។

លោក ឌី ថារ៉េន បញ្ជាក់ថា ក្រោយពីមិនទទួលបានចំណាត់ថ្នាក់ដែលជាទីពេញចិត្តនោះ នៅឆ្នាំ២០១១ លោកក៏បានដាក់ពាក្យប្រឡងយកជ័យលាភីម្តងទៀត ទើបទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានអ្នកដាក់ពាក្យប្រឡងយ៉ាងច្រើនកុះករ។ ពានរង្វាន់ចម្រៀងខ្មែរជាសកល ផ្នែកចម្រៀងសម័យរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានពាន១ និងថវិកា២៥០០ដុល្លារ ដែលកាលនោះប្រគល់ដោយសម្ដេចវិបុលបញ្ញា សុខ អាន។

លោក ឌី ថារ៉េន បន្តទៀតថា ក្រោយពីទទួលបានជ័យលាភីលេខ១រួចមក ក៏មានស្ថានីយទូរទស្សន៍មួយចំនួនបានហៅលោកឡើងច្រៀង និងច្រៀងតាមក្រុមវង់តន្ត្រីប្រគំតាមរោងការ ពិធីបុណ្យ ពិធីជប់លៀង និងតាមរង្គសាលខ្លះៗដែរ ក្នុងនោះមានដូចជាកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយទូរទស្សន៍បាយ័ន កម្មវិធីមន្តស្នេហ៍សំនៀង CTN និងទូរទស្សន៍ហង្សមាស ទូរទស្សន៍អប្សរាជាដើម។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពុំសូវមានខាងស្ថានីយទូរទស្សន៍ ក៏ដូចជាវង់តន្ត្រីហៅច្រៀងទៀតទេ ធ្វើឱ្យជីវភាពលោកជួបការលំបាកយ៉ាងខ្លាំងក៏ឆ្លៀតដើររកការងារធ្វើបន្ថែម។

លោកយឹម សុថានដែលមានគណនីហ្វេសប៊ុកឈ្មោះsky sothanបានឲ្យដឹងទាំងភ្ញាក់ផ្អើលថា គ្រាន់តែបង្ហោះតាមfacebookបទចម្រៀងសោភា សោភាច្រៀងលេងកម្សាន្តដោយលោកឌី ថារ៉េននិងអ្នកនាងអ៊ុត ស្រីម៉ៅក្នុងរយៈពេលតែ២០ថ្ងៃសោះមានអ្នកចូលមើលជិត២លាននាក់និងlike៥២K, share២៧K,followedនិងអេដហ្វ្រេនមក facebookរបស់លោករាប់ពាន់នាក់ដែលពីមុនមកមិនធ្លាប់មានទាល់តែសោះ៕ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print