ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋកម្ពុជានិងមេដឹកនាំពិភពលោកផងដែរធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូបដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លាក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តមនៃការជួយសង្គ្រោះជនរងគ្រោះនៅកម្ពុជាគ្រប់រូបដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។ រយៈពេលជាង ២០ឆ្នាំ នៃការដឹកនាំកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រងនិងដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ក្នុងបុព្វហេតុមនុស្សធម៌ ពោលគឺបានប្រឹងប្រែងកៀរគរជំនួយមនុស្សធម៌ ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ក្មេងអនាថា ជនផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ នៅគ្រប់ទីកន្លែងដោយមិនមានការប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ ពោលទីណាមានទុក្ខលំបាក និងមាន ប្រជាពលរដ្ឋរងគ្រោះ តែងមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានតាមដានជាប់ជានិច្ចតាមប្រព័ន្ធ ព័ត៌មាននានា ដើម្បីស្វែងរកជនរងគ្រោះជួបការលំបាក ហើយក៏ចាត់ឲ្យមន្ត្រីកាកបាទក្រហមចេញសង្គ្រោះបន្ទាន់៕
ដោយ៖ សុខ ខេមរា