សមត្ថកិច្ចឃាត់រថយន្តដឹកបន្លែមានផ្ទុក​កាកសំណល់​គីមី​ជាច្រើនមុខ ដែលនាំចូល​ពី​ប្រទេស​វៀតណាមមកកម្ពុជា តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តជាច្រើនគ្រឿងដែលដឹកបន្លែ​ចំនួន​៦​ប្រភេទ ​មាន​ផ្ទុក​កាកសំណល់​គីមី​មានដូចជា៖ ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ក្រូចឆ្មារ​តូច (​សម្រាប់ធ្វើ​តែ​ជ្រក់​) ផ្លែ​ល្ពៅ និង​ផ្កា​គូឆាយ​ ត្រូវបានក្រុមឈ្មួញនាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ជ្រៃ​ធំ ខេត្តកណ្តាល ជាហូរហែលត្រូវបានមន្រ្តីជំនាញកាំកុងត្រូលធ្វើការបង្រ្កាប ។

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បានឲ្យដឹងនៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០នេះថា បន្លែ​ទាំង​៦​ប្រភេទ​ដែល​ខាង​កាំកុងត្រូល​រកឃើញ​មាន​កាកសំណល់​ថ្នាំពុល​គីមីកសិកម្ម​នោះ ត្រូវបាន​រឹបអូស​យកទៅ​បំផ្លាញចោល​។ លោក បញ្ជាក់​ដូច្នេះ​៖«​បន្លែ​និង​ផ្លែឈើ​ពី​វៀតណាម​យើង​នៅតែ​បន្ត​នាំចូល​ហ្នឹង ដើម្បី​បំពេញ​តម្រូវ​ក្នុងស្រុក​។ ប៉ុន្តែ​យើង​បាន​បង្កើន​ការត្រួតពិនិត្យ​គុណភាព​ជាប្រចាំ​នៅតាម​ច្រកព្រំដែនដោយមាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​យើង​ធ្វើ​ការងារ​យកចិត្តទុកដាក់​បំផុត​»​។​

​គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែឧសភា ក្រសួងមហាផ្ទៃ​បាន​បង្គាប់​ឱ្យ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំ​នៅតាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ន​និង​ទប់ស្កាត់​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព ដោយ​សំដៅ​ដល់​ការការពារ​អាយុជីវិត និង​សុខភាព​ពលរដ្ឋ​។ ជាមួយគ្នានេះ  សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) បានទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់​តាម​ទូរ​សព្ទ (Hot Line) ដើម្បីឱ្យ​ពលរដ្ឋ​អាច​រាយការណ៍​អំពី​ករណី​សង្ស័យ​ទៅលើ​មន្ត្រី ឬ​អាជ្ញាធរ​អនុញ្ញាតឱ្យ​នាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​បរទេស ចូល​កម្ពុជា​។

​បើតាមមន្ត្រី​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) ខេត្តកណ្តាល បានឲ្យដឹងថា បន្លែ​ដែលមាន​ផ្ទុក​សារធាតុ​ថ្នាំពុល​កសិកម្ម​នេះ ត្រូវបាន​រកឃើញ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ដោយមាន​ការសហការ​ពី​ការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ និង​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា បន្លែទាំងអស់នោះ គឺមាន​ផ្ទុក​កាកសំណល់​សម្លាប់​សត្វល្អិត ឬ​សារធាតុ​ថ្នាំពុល​គីមីកសិកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ និង​មិន​អនុញ្ញាតឱ្យ​នាំចូល ជា​បណ្តោះអាសន្ន​ ។

ដោយឡែកលោក ប៉ុក បញ្ញា សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង និង​ក៏​ជា​អ្នកស្រាវជ្រាវ​ថ្នាំពុល​គីមី ធា្ល​ប់​មានប្រសាសន៍​ថា បន្លែ និង​ផ្លែឈើ​ដែលមាន​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្នាំពុល​កសិកម្ម​នានា អាច​បរិភោគ​នឹងមាន​អាការ វិលមុខ ចុកពោះ រាគរូស និង​ក្អួត ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន​ក្នុង​រយៈពេល​វែង ផងដែរ​។

​លោក​បាន​បន្តថា ថ្នាំពុល​គីមី​ក្នុង​ដំណាំ គឺជា​អាវុធ​មុខ​ពីរ​ក្នុង​វិស័យ​កសិកម្ម​។ ថ្នាំពុល​គីមី​បាន​ជួយ​ឱ្យ​ផលដំណាំ​របស់​កសិករ​ឆាប់​ទទួលបាន​ផល រក្សាបាន​ផលដំណាំ​បានយូរ ការពារ​ការបំផ្លាញ​សត្វល្អិត​ចង្រៃ ជួយ​កាត់បន្ថយ​ជំងឺ​ក្នុង​ដំណាំ និង​ទទួលបាន​បរិមាណ​ច្រើន​។ ប៉ុន្តែសម្រាប់​ផលប៉ះពាល់​របស់​ថ្នាំ​គីមី​វិញ គឺ​បង្ក​ឱ្យ​សត្វ​ល្អិតល្អ​ក្នុង​ដី​បាន​ងាប់ និង​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ធម្មជាតិ ហើយ​សារធាតុ​ថ្នាំពុល​គីមីកសិកម្ម​នោះ នឹង​ធ្វើឱ្យ​ប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវ​រង​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ផងដែរ​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print