ភ្នំពេញ៖ រថយន្តជាច្រើនគ្រឿងដែលដឹកបន្លែចំនួន៦ប្រភេទ មានផ្ទុកកាកសំណល់គីមីមានដូចជា៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច (សម្រាប់ធ្វើតែជ្រក់) ផ្លែល្ពៅ និងផ្កាគូឆាយ ត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល ជាហូរហែលត្រូវបានមន្រ្តីជំនាញកាំកុងត្រូលធ្វើការបង្រ្កាប ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះថា បន្លែទាំង៦ប្រភេទដែលខាងកាំកុងត្រូលរកឃើញមានកាកសំណល់ថ្នាំពុលគីមីកសិកម្មនោះ ត្រូវបានរឹបអូសយកទៅបំផ្លាញចោល។ លោក បញ្ជាក់ដូច្នេះ៖«បន្លែនិងផ្លែឈើពីវៀតណាមយើងនៅតែបន្តនាំចូលហ្នឹង ដើម្បីបំពេញតម្រូវក្នុងស្រុក។ ប៉ុន្តែយើងបានបង្កើនការត្រួតពិនិត្យគុណភាពជាប្រចាំនៅតាមច្រកព្រំដែនដោយមានមន្ត្រីជំនាញកាំកុងត្រូលយើងធ្វើការងារយកចិត្តទុកដាក់បំផុត»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងមហាផ្ទៃបានបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ។ ជាមួយគ្នានេះ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានទាមទារឱ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរសព្ទ (Hot Line) ដើម្បីឱ្យពលរដ្ឋអាចរាយការណ៍អំពីករណីសង្ស័យទៅលើមន្ត្រី ឬអាជ្ញាធរអនុញ្ញាតឱ្យនាំបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីបរទេស ចូលកម្ពុជា។
បើតាមមន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តកណ្តាល បានឲ្យដឹងថា បន្លែដែលមានផ្ទុកសារធាតុថ្នាំពុលកសិកម្មនេះ ត្រូវបានរកឃើញនៅតាមច្រកទ្វារអន្តរជាតិជ្រៃធំ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការសហការពីការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជ្រៃធំ និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំ។
ប្រភពដដែល បានឲ្យដឹងថា បន្លែទាំងអស់នោះ គឺមានផ្ទុកកាកសំណល់សម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលគីមីកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងមិនអនុញ្ញាតឱ្យនាំចូល ជាបណ្តោះអាសន្ន ។
ដោយឡែកលោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៃសាកលវិទ្យាល័យខេត្តបាត់ដំបង និងក៏ជាអ្នកស្រាវជ្រាវថ្នាំពុលគីមី ធា្លប់មានប្រសាសន៍ថា បន្លែ និងផ្លែឈើដែលមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំពុលកសិកម្មនានា អាចបរិភោគនឹងមានអាការ វិលមុខ ចុកពោះ រាគរូស និងក្អួត ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរមួយចំនួនក្នុងរយៈពេលវែង ផងដែរ។
លោកបានបន្តថា ថ្នាំពុលគីមីក្នុងដំណាំ គឺជាអាវុធមុខពីរក្នុងវិស័យកសិកម្ម។ ថ្នាំពុលគីមីបានជួយឱ្យផលដំណាំរបស់កសិករឆាប់ទទួលបានផល រក្សាបានផលដំណាំបានយូរ ការពារការបំផ្លាញសត្វល្អិតចង្រៃ ជួយកាត់បន្ថយជំងឺក្នុងដំណាំ និងទទួលបានបរិមាណច្រើន។ ប៉ុន្តែសម្រាប់ផលប៉ះពាល់របស់ថ្នាំគីមីវិញ គឺបង្កឱ្យសត្វល្អិតល្អក្នុងដីបានងាប់ និងបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងធម្មជាតិ ហើយសារធាតុថ្នាំពុលគីមីកសិកម្មនោះ នឹងធ្វើឱ្យប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវរងផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតផងដែរ៕ ដោយ៖ស តារា