ជើងហោះហើររវាងក្វាងចូវ និង Dhaka ប្រទេសបង់ក្លាដែស ត្រូវបានផ្អាករយៈពេល៤សប្តាហ៍ក្រោយពីមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ១៧នាក់ ក្នុងជើងហោះហើរកាលពីថ្ងៃទី១១ ខែមិថុនា។
ព័ត៌មានខាងលើទទួលបានពី នាយកដ្ឋានគ្រប់គ្រងអាកាសចរណ៍ចិន (CAAC) ដែលបានប្រកាសនៅថ្ងៃទី១៤ ខែមិថុនា ។នៅពេលនេះជើងហោះហើរ CZ392 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលហោះហើរទៅកាន់ប្រទេសបង់ក្លាដែសត្រូវផ្អាករយៈពេល៤សប្តាហ៍។
កន្លងមក (CAAC) បានអនុញ្ញាតឲ្យតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ ប៉ុន្តែរាល់ការហោះហើរ បើនៅលើយន្តហោះនោះរកឃើញមានអ្នកឆ្លងកូវីដ១៩ចាប់ពី៥នាក់ឡើង និងត្រូវផ្អាកការហោះហើរ ហើយប្រសិនបើមានអ្នកឆ្លងលើសពី១០នាក់ឡើងនឹងត្រូវផ្អាករយៈពេល១ខែ។
ផ្ទុយទៅវិញប្រសិនបើជើងហោះហើរណា មិនមានអ្នកឆ្លង ក្នុងរយៈពេល៣សប្តាហ៍ និងទទួលបានការអនុញ្ញាតឲ្យបង្កើនការហោះហើរច្រើនជាងមុន។ នៅថ្ងៃទី១៤ ខែមិថុនា គណៈកម្មការសុខាភិបាលចិន បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅ៥៧នាក់ នៅថ្ងៃទី១៣ ខែមិថុនា៕