ប្រធាន​ធិបតី​រុស្ស៊ី ប្រកាសថា ប្រទេសខ្លួនជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ដោយ​ឱឡារិក​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ នៅ​ថ្ងៃទី​១៤ ខែមិថុនាថារុស្ស៊ី​ជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19 ដែល​ចម្លង​មនុស្ស​ជិត​៨​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ។ លោកពូទីន បន្ថែមថា «​យើង​កំពុង​ចាក​ចេញពី​ស្ថានភាព COVID-19 បណ្ដើរៗ ជាមួយ​ការខាតបង់​តិចតួច​បំផុត ហើយ​ក្នុង​សហរដ្ឋអាមេរិក​វិញ វា​មិន​កំពុង​កើតឡើង​បែបនេះ​ឡើយ​»​។

​លោក ពូ​ទីន បាននិយាយទៀតថា ជំងឺ​រាតត្បាត​សកល COVID-19 បាន​លាតត្រដាង​វិបត្តិ​ផ្ទៃក្នុង​ចាក់​ស្រែះ​ក្នុង​សហរដ្ឋអាមេរិក ដែលមាន​ករណី​ឆ្លង​សរុប​ជាង​២​លាន​ករណី​ហើយ​។ ត្រង់ចំណុច​នេះ លោក​បាន​រិះគន់​កង្វះ​ការដឹកនាំ​ក្នុងការ​ទប់ទល់​ស្ថានការណ៍ COVID-19 ដោយ​អះអាងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​រុស្ស៊ី​ឲ្យ​ធ្វើបែបនេះ​បែប​នោះ ក៏ប៉ុន្តែ​ជាក់ស្តែង អភិបាលរដ្ឋ​អាមេរិក​ទៅវិញ​ទេ​ដែលជា​អ្នកបញ្ជា​លោក​។

ដោយឡែកទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​ចេញផ្សាយ​ប្រសាសន៍លោក ពូ​ទីន ដែលសង្កត់ធ្ងន់​ថា ​«​ខ្ញុំ​គិតថា បញ្ហា​គឺថាផលប្រយោជន៍​ក្រុម និង​ផលប្រយោជន៍​គណបក្ស គឺ​ត្រូវ​ផ្ដល់​អាទិភាព​ខ្ពស់ជាង ផលប្រយោជន៍​សង្គម​ទាំងមូល និង​ផលប្រយោជន៍​ប្រជាជន​»​។

​ត្រឹមរយៈពេល២៤ម៉ោង​ចុងក្រោយ ប្រទេសរុស្ស៊ី បាន​រាយការណ៍​ករណី COVID-19 ថ្មី ៨៨៣៥​ករណី ដែល​ធ្វើ​ឲ្យ​ករណី​សរុប​ឡើងដល់៥២៨ ៩៦៤​ករណី ​។ នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​លំដាប់​ទី​៣ ក្នុង​ពិភពលោក បន្ទាប់ពី​ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក​។ បណ្ដា​តំបន់​ក្នុងប្រទេស​នេះ ផ្ដើម​បន្ធូរបន្ថយ​ការបញ្ជា​បិទ​ប្រ​ទស ហើយ​រដ្ឋធានី​មូ​ស្គូ បាន​បើក​អាជីវកម្ម​ដែល​មិនចាំបាច់​ឡើងវិញ ដូចជា ហាង​កាត់សក់ ជាដើម​។

បើ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនានេះ ប្រទេសរុស្សី ​មាន​ករណី​ស្លាប់​ដោយសារ​COVID-19​សរុបចំនួន ៦៩៤៨​នាក់ ដែល​ទាប​ខ្លាំង​បើ​ធៀប ​នឹង​សហរដ្ឋអាមេរិក ដែលមានចំនួនស្លាប់

​សរុប​១១៧ ៨៥៣នាក់​។ អត្រា​ស្លាប់​នៅ​រុស្ស៊ី​មាននៅ ២,៦​ភាគរយ​ក្នុងចំណោម​អ្នកជំងឺ COVID-19 ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print