រកឃើញទំនិញខូចគុណភាព៥មុខ នៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាពចំនួន ៥មុខ ក្នុងនោះមាន៖ទឹកត្រីកោះកុង ,នំធុង ,តែកញ្ចប់ ,ថ្នាំដុសធ្មេញ និងប្រេងកូឡា ត្រូវបានអាជីវករដាក់លក់នៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក ត្រូវកម្លាំងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង រកឃើញ ខូចគុណភាព កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារកំពង់ត្រាចនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញ និងបានប្រើប្រាស់ឧបករណ៍ធ្វើTest Kits បឋមលើម្ហូបអាហារចំនួន ៥៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក៏បានពិនិត្យទៅលើស្លាកដែលដាក់តាំងលក់ផងដែរ

មន្ត្រីដដែលបញ្ជាក់ទៀតថា ជាលទ្ធផលក្រោយពីការអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ៥មុខ មានដូចជា៖ ទឹកត្រីកោះកុងចំនួន ៥០ដប និងនំធុង ៧ធុង តែកញ្ចប់ចំនួន ៣០កញ្ចប់ ថ្នាំដុសធ្មេញចំនួន ២៥ប្រអប់ និងប្រេងកូឡាចំនួន ២៧ប្រអប់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត នឹងបន្តចុះពិនិត្យមុខទំនិញឲ្យបានដូចភ្លៀងរលឹម ដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាព និងស្នើឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទនៅតាមទីផ្សារក្នុងខេត្តផងដែរ ៕ដោយ៖យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print