ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជាង៣១គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកក្នុងបទល្មើសជាក់ស្តែង ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន តាមរយៈការបើកកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះមន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរគ្រឿងញៀន បានឱ្យដឹងថា៖ ប្រតិបត្ដិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណ (វៀតណាម) លេខ 351862299។
សមត្ថកិច្ច ចាប់យកសារធាតុញៀន សរុបទម្ងន់៣១,៧០៥.០៦ក្រាម រួមមាន កេតាមីនរាវ (Ketamine) ៣០០០ដប ស្មើទម្ងន់៣១,៦៥០ក្រាម, កេតាមីន (Ketamine) ទម្ងន់៤.៤៨ក្រាម, អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់៣៣.២៨ក្រាម, មេតំហ្វេតាមីន (ICE) ស្មើទម្ងន់៤.០៩ក្រាម, មេតំហ្វេតាមីន (គ្រាប់) ទម្ងន់១៣.២១ក្រាម និងចាប់យកសម្ភាររថយន្ត១គ្រឿង ទូរស័ព្ទដៃ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមនីតិវិធី និងបន្តស្រាវជ្រាវរកជនពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ នេះជាករណីបទល្មើសគ្រឿងញៀនមានទ្រង់ទ្រាយធំ ដែលសមត្ថកិច្ច បង្ក្រាបទាន់ពេលវេលា ចាត់ទុកជាក្រោមកិច្ចខិតខំបំពេញភារកិច្ច របស់សមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័ននេះ។
សូមបងប្អូនចៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រប់ៗគ្នា ៕
ដោយ៖ សិលា